ការប្រកួតដណ្តើមពានរង្វាន់អង់គ្លេស League Cup ត្រូវបានដាក់ឱ្យដំណើរការវិញ ក្រោយខកខានរយៈពេល២ខែ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមេសាដោយសង្ឃឹមថានៅថ្ងៃនោះនឹងអនុញ្ញាតឱ្យអ្នកគាំទ្រចូលរួមទស្សនា។ នេះបើយោងតាមការចុះផ្សាយរបស់ CNA ចេញផ្សាយកាលពីដើមសប្តាហ៍នេះ។
ការប្រកួតចុងក្រោយដែលត្រូវបានគេស្គាល់ថា ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រជ្រើសរើសជើងឯងរដូវកាល ២០២០-២០២១ គ្រោងធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈនៅកីឡដ្ឋាន Wembley ។ ប៉ុន្តែដោយសារតែវិបត្តិកូវីដ-១៩ និងចង់ពន្យារពេលដើម្បីតាមដានស្ថានភាពដែលអាចអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ក្នុងទីលានផង ទើបសម្រេចចិត្តលើកទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៥ ខែមេសាវិញ។
អ្នករៀបចំការប្រកួតនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាគឺជាកម្មវត្ថុនៃ League ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រដោយមានអ្នកគាំទ្រចូលរួមច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដូច្នេះការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនៅខែមេសា ឆ្នាំក្រោយ” ។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា “ចំនួនអ្នកគាំទ្រដែលត្រូវបានអនុញ្ញាតនឹងពឹងផ្អែកលើការណែនាំរបស់រដ្ឋាភិបាលនៅពេលនោះហើយសង្ឃឹមថាការផ្លាស់ប្តូរកាលបរិច្ឆេទទៅចុងឆ្នាំនេះនឹងផ្តល់ឱ្យក្លិប និងអ្នកគាំទ្ររបស់ពួកគេនូវឱកាសដ៏ល្អបំផុតដើម្បីចូលរួមទស្សនាដោយផ្ទាល់” ។
សូមបញ្ជាក់ថា ៤ក្រុមដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានរកឃើញហើយគឺក្រុម Brentford បានយកឈ្នះក្រុមភ្ញៀវ Newcastle United ក្នុងលទ្ធផល១ទល់០ ក្រុម Manchester City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Arsenal ៤ទល់១ កាលពីថ្ងៃទី២២ ខណៈក្រុមTottenham Hotspur បានយកឈ្នះក្រុមម្ចាស់ផ្ទះ Stoke City ៣ទល់១និងក្រុមភ្ញៀវ Manchester United យកឈ្នះក្រុមម្ចាស់ផ្ទះ Everton ២ទល់០ កាលពីថ្ងៃទី២៣ ខែធ្នូ ៕ដោយ៖ភារៈ