រកឃើញ៤ក្រុមចុងក្រោយឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ League Cup

ចែករំលែក៖

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ EFL ឬ League Cup បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។ ក្នុងនោះក្រុម Tottenham បានយកឈ្នះក្រុម Stock City និងក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Everton ខណៈដែលក្រុម Brentford យកឈ្នះក្រុម Newcastle និងក្រុម Man City យកឈ្នះក្រុម Arsenal កាលពីថ្ងៃទី២២ ធ្នូ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៤ ខែធ្នូ នេះ។

កាលពីប្រកួតកាលពីយប់ថ្ងៃទី២៣ឈានចូលថ្ងៃទី២៤នេះ ក្រុមមាន់ខ្នាយមាស Tottenham បានយកឈ្នះក្រុមម្ចាស់ផ្ទះ Stock City ក្នុងលទ្ធផល៣ទល់១។ ការប្រកួតបាន២២នាទីខ្សែប្រយុទ្ធ Bale របស់ក្រុម Tottenham រកបាន១គ្រាប់នាំមុខ ប៉ុន្តែនៅនាទីទី៥៣ក្នុងតង់ទី២ កីឡាករ Thompson របស់ក្រុម Stock City រកបាន១គ្រាប់តាមស្មើវិញ ហើយនៅនាទីទី៧០ កីឡាករ Davies របស់ Tottenham រកបាន១គ្រាប់បន្ថែមទៀត និងនៅនាទីទី៨១ ខ្សែប្រយុទ្ធ និងជាប្រធានក្រុម Kane រកបាន១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតក្រុម Tottenham យកឈ្នះក្រុមម្ចាស់ផ្ទះ Sock City ៣ទល់១។

ចំណែកក្រុមបិសាចក្រហម Man United បានយកឈ្នះក្រុម Everton ក្នុងលទ្ធផល២ទល់០ ដែលធ្វើឲ្យក្រុមបិសាចក្រហមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។ ការប្រកួតក្នុងតង់ទី១ ក្រុមទាំង២ព្យាយាមរកគ្រាប់បាល់រៀងៗខ្លួន ប៉ុន្តែមិនក្រុមណាអាចបំប៉ោងសំណាញ់ទីគូប្រកួតបានឡើយ។ លុះចូលដល់តង់ទី២ ក្រុមបិសាចក្រហមមានឱកាសរកបាន២គ្រាប់នៅចុងតង់ទី២ ដោយកីឡាករ Cavaniនៅនាទីទី៨៨ និង១គ្រាប់ទៀតនៅនាទីទី៩០+៦ក្នុងម៉ោងបន្ថែមដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Martial។ ធ្វើឲ្យចប់ការប្រកួតក្រុម Man United យកឈ្នះ Everton ២ទល់០។

លទ្ធផលនេះធ្វើឲ្យក្រុម Tottenham ត្រូវបើកទ្វារស្វាគមន៍ក្រុម Brentford ខណៈដែលក្រុមបិសាចក្រហមManchester United ត្រូវបើកទ្វារស្វាគមន៍ក្រុម Manchester City ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (៤ក្រុមចុងក្រោយ) ដើម្បីប្រជែងយកកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតវគ្គ៤ក្រុមចុងក្រោយនេះនឹងធ្វើឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ខាងមុខនេះ ៕ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print