ខេត្តសៀមរាប ៖ ពិតជាពិបាកទុកចិត្តមែន! នាំកូនស្រីអាយុ១០ឆ្នាំទៅជួយដាំបង្គោលរបង និងដាក់លួសបន្លា ត្រូវជនល្មោភកាមចាប់កូនស្រីរំលោភនៅក្នុងចម្ការ។ បុរសជាជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីប្រព្រឹត្តអំពើដ៏កខ្វក់នេះ កាលពិរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
ជនសង្ស័យឈ្មោះមួក ម៉េង អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិដូនស្វា ឃុំសំរោងយារ ស្រុកពួក ខេត្តសៀមរាប ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិខ្នារក្រៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាប់ពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈ។
សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះអាយុ១០ឆ្នាំ រស់នៅស្រុកពួក បានទៅដាំបង្គោលរបងនិងដាក់លួសបន្លានៅចំណុចដីចម្ការឈ្មោះរៀម វ៉ាន់សាក់ ភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប ជាមួយឪពុកបង្កើត និងពូ ព្រមទាំងជនសង្ស័យ។
ពេលទៅដល់ចំណុចដីចម្ការ ឪពុកជនរងគ្រោះបានដាំបង្គោលរបងនៅចម្ងាយពីជនរងគ្រោះប្រហែល២០០ម៉ែត្រ។ ចំណែកជនសង្ស័យនិងជនរងគ្រោះ បានរាយបន្លាលួសជាមួយគ្នា ដោយជនរងគ្រោះជាអ្នកទាញបន្លាលួស ហើយជនសង្ស័យជាអ្នកដំបន្លាលួសភ្ជាប់និឹងបង្គោលរបង។ នៅពេលជនរងគ្រោះហត់អស់កម្លាំង ក៏បានទៅសម្រាកនៅព្រៃល្បោះក្នុងចម្ការ។ ឃើញជនរងគ្រោះចូលព្រៃម្នាក់ឯងដូចនេះ ជនសង្ស័យក៏ដើរតាមពីក្រោយហើយបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះធ្វើឱ្យនាងឈឺចុកចាប់ក៏ខំរើបម្រះនិងស្រែកយំ ស្របពេលនោះឪពុកជនរងគ្រោះមកទាន់ ជនសង្ស័យក៏បញ្ឈប់សកម្មភាពហើយគេចខ្លួននៅក្នុងដីចម្ការ។
គ្រួសារជនរងគ្រោះបានត្រឡប់មកផ្ទះ ហើយរាយការណ៍ជូនសមត្ថកិច្ច។ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យមកសាកសួរ ហើយជននេះបានសារភាពថារូបគេពិតជាបានប្រព្រឹត្តសកម្មភាពខាងលើដូចការចោទប្រកាន់ប្រាកដមែន៕
ជ្រោយពេជ្រ