ភ្នំពេញ៖ អ្នករកស៊ី គួរបញ្ឈប់ទៅ ការលក់ចំណីអាហារលាយសារធាតុគីមី បើអ្នកប្រព្រឹត្ត ស្មើនឹងអ្នកមានចេតនាទុច្ចរិត សម្លាប់ប្រជាពលរដ្ឋ ដែលជាអ្នកជាវទៅបរិភោគ ជាលក្ខណៈប្រយោល ។ ជាក់ស្ដែងយុទ្ធនាការពង្រឹងសុវត្ថិភាពចំណីអាហារនៅភ្នំពេញ បន្តរកឃើញសារធាតុគីមីក្នុងចំណីអាហារច្រើនគីឡូក្រាម ដែលសុទ្ធតែបង្កហានិភ័យខ្ពស់ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា, អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន២គ្រឿង ចុះប្រតិបត្តិការចំនួន២ទីតាំងផ្សេងគ្នា គឺនៅផ្សារអូឬស្សី និងផ្សារច្បារអំពៅ ដើម្បីពិនិត្យភាពអនុលោមភាពលើទំនិញជាម្ហូបអាហារ។
ប្រតិបត្តិការនេះធ្វើឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មការផ្សារអូរឬស្សី និងផ្សារច្បារអំពៅ ដើម្បីធានាបាននូវទំនិញជាម្ហូបអាហារ មានអនុលោមភាពផ្នែកម្ហូបអាហារ ដែលមិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលបង្កជាគ្រោះដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការត្រួតពិនិត្យ និងយកសំណាកគំរូមកវិភាគភ្លាមៗ នៅក្នុងរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ នៅផ្សារអូរឬស្សី ចំនួន ៥០គំរូ និងផ្សារច្បារអំពៅ ចំនួន ៥២គំរូ រួមមាន ពពុះសណ្តែក ត្រីងៀត ត្រីហើម សាច់ក្រក ប្រហុក ផ្អកត្រី គ្រួច មឹក ប្រហិតត្រី បង្គា ប្រហិតសាច់គោ និងបន្លែជាច្រើនមុខទៀត។ ជាលទ្ធផល គឺមន្ត្រីជំនាញ បានរកឃើញពពុះសណ្តែកចំនួន ៨,៥គីឡូក្រាម មានវត្តមានសារធាតុគីមីហាមឃាត់បូរ៉ាក់ រីឯគំរូផ្សេងទៀតមិនបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ទេ។ ក្នុងនោះដែរ មន្ត្រីជំនាញក៏បានដកហូត និងធ្វើការស្រាវជ្រាវរកប្រភពទីតាំងផលិត ដើម្បីបន្តនីតិវិធីតាមច្បាប់។
ទន្ទឹមនោះដែរ មន្ត្រីជំនាញនៃអគ្គនាយដ្ឋាន ក.ប.ប. ក៏បានណែនាំដល់អាជីវករទិញ លក់ទំនិញជាម្ហូបអាហារទាំងអស់ រាល់ប្រតិបត្តិការទិញ លក់ ត្រូវមានវិក្កយបត្រ និងត្រូវដឹងពីប្រភពផលិត និងនាំចូលឱ្យបានច្បាស់លាស់ ដើម្បីពេលមានបញ្ហាកើតឡើងជាយថាហតុ បង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. កំណត់អត្តសញ្ញាណប្រភពផលិត និងនាំចូល និងស្វែងរកអ្នកទទួលខុសត្រូវដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវ ដល់ផលិតករ និងអាជីវករលក់ដូរទំនិញជាម្ហូបអាហារទាំងអស់ កុំដើម្បីតែប្រាក់ចំណេញ ប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងផលិតផលម្ហូបអាហារដែលបណ្តាលឱ្យប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ និងអាចទទួលទោសទណ្ឌតាមច្បាប់ជាធរមាន។
ការលក់ចំណីអាហារ មានសារធាតុគីមី នៅតែបន្តកើតមាន នៅតាមទីផ្សារ ក្នុងស្រុក ឃុំ និងទីផ្សារធំៗក្នុងទីរួមខេត្ត។ ដូច្នេះសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ គួរមានវិធានការរឹតបន្តឹងឲ្យបានលើសនេះ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋយើង៕