ខេត្តព្រះសីហនុ៖ ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ទទួលបានថវិកាចំនួន ១១,៧៩០,០០០រៀល ពីនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដែលបានស្ម័គ្រចិត្ត បរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានថ្លែងថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះតំបន់ប្រតិបត្តិការសឹករង មានទឹកចិត្តប្រកបដោយសោមនស្សរីករាយក្នុងការស្ម័គ្រចិត្តបរិច្ចាគថវិការបស់ខ្លួនតាមលទ្ធភាពផ្ទាល់ខ្លួនម្នាក់ៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាសក្ខីភាព សបញ្ជាក់ឲ្យឃើញអំពីទឹកចិត្តគាំទ្រទាំងស្រុង ជាមួយរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទៅ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ និងអ្នកដែលមានការប្រឈមនឹងហានិភ័យខ្ពស់៕
ដោយ៖ សូរិយា