ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក ជា សុមេធី អភិបាលននៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីចែកអង្ករដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់ជនក្រីក្រលំបាកខ្វះខាតនៅស្រុកព្រះស្ដេច។
ក្នុងពិធីនេះ ក៍មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុក និងប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកព្រះស្ដេចផងដែរ។
សូមបញ្ជាក់ផងដែរថា ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅដោយសារជម្ងឺសកល កូវីដ-១៩ បានឆ្លងរីករាលដាលនៅកម្ពុជាផងដែរ ទើបសម្តេចក្រឡាហោម ស ខេង និងលោកស្រី បានប្រគល់ស្បៀងមួយចំនួនឲ្យរដ្ឋបាលខេត្តទុកសម្រាប់ចែកជូនដល់ជនក្រីក្រខ្លាំងចាំបាច់បំផុតសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនៅមូលដ្ឋាន ទោះជាមានបន្តិចបន្តួចពិតមែន តែវាចាំបាច់ខ្លាំងសម្រាប់ជួយអ្នកក្រីក្រនាពេលនេះ។
អំណោយដែលបានចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម និងថវិកាមួយចំនួន សំរាប់ ១៦៥គ្រួសារមកពី ៣ឃុំគឺ ឃុំបឹងដោល ឃុំអង្គររាជ្យ និងសេនារាជឧត្តម ស្រុកព្រះស្ដេច។
លោកអភិបាលថ្លែងថា, ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរ លោក លោកស្រី និងប្រជាពលរដ្ឋទាំងអស់នាពេលនេះ ជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សិលា