ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា បានលើក ឡើងនៅដើមសប្តាហ៍នេះថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានប្រកាសថា កីឡាករ កីឡាការិនី នៃបណ្តាប្រទេសនានា ដែលចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍ ប្រកួតលំដាប់ ពិភពលោក អូឡាំពិកហ្គេម នៅទីក្រុងតូត្យូ ប្រទេសជប៉ុន នាខែកក្កដា ឆ្នាំ២០២១នឹង ទទួលបាន ការចាក់វ៉ាក់សាំង ការពារពីជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ។
អគ្គលេខាធិការរូបនេះ អះអាងថា «សម្រាប់កម្ពុជា ក៏នឹងបញ្ជូន កីឡាករ កីឡាការិនី ជម្រើសជាតិរបស់ខ្លួន ចូលរួមប្រកួត អូឡាំពិកហ្គេមនេះដែរ ប៉ុន្តែមានចំនួនតិច តួចទេ ប្រមាណ១០នាក់ប៉ុណ្ណោះ ដែលទទួលបាន នូវសិទ្ធិអនុគ្រោះ។ ការប្រកួត អូឡាំពិកហ្គេម នៅទីក្រុងតូក្យូ លើកនេះ ខុសពីការប្រកួតមុនៗ ដោយត្រូវ ប្រកួតជម្រុះ ហើយលើកនេះ ដោយសារវិបត្តិជំងឺកូវីដ-១៩ ទើបមិនអាចរៀបចំ ការប្រកួតជម្រុះបាន ដោយអូឡាំពិក អន្តរជាតិ កំណត់យកចំណាត់ថ្នាក់បច្ចេកទេសខ្ពស់ៗ កម្រិតពិភពលោក (World Ranking) រីឯកីឡាករ កីឡាការិនីកម្ពុជា មិនទាន់ចូលដល់ចំណាត់ថ្នាក់ពិភពលោកបែបនេះទេ ដោយគ្រាន់តែទទួល បានត្រឹមសិទ្ធិអនុគ្រោះពីអូឡាំពិកអន្តរជាតិតែប៉ុណ្ណោះ»។
លោក វ៉ាត់ ចំរើន បញ្ជាក់ជូនបន្ថែមថា បច្ចុប្បន្ន កម្ពុជាទទួលបាន សិទ្ធិអនុគ្រោះចំនួនពីរប្រភេទកីឡា ដែលចាំបាច់ជាគោលការណ៍ប៉ុណ្ណោះ គឺកីឡាអត្តពលកម្ម និងហែលទឹក ហើយយើងកំពុងស្នើសុំសិទ្ធិអនុគ្រោះបន្ថែមលើ ប្រភេទកីឡាចំបាប់ តេក្វាន់ដូWT ទូកក្តោង គុនដាវជាដើម។
ទាក់ទងទៅនឹងការទទួលចាក់វ៉ាក់សាំងកូវីដ-១៩នេះ ក្នុងនាមគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន ក៏បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ការចាក់វ៉ាក់សំាងកូវីដ-១៩ជូនដល់កីឡាករ កីឡាការិនីកម្ពុជា នៅក្នុងចំណោមមនុស្ស សំខាន់ៗជាអាទិភាព ដែលប្រឈមនឹងហានិភ័យខ្ពស់នឹងជំងឺផ្លូវដង្ហើមនេះ។ ការទទួលបាននូវ វ៉ាក់សាំងនេះ នឹងជួយធ្វើឱ្យ កីឡាករ កីឡាការិនីកម្ពុជា ប្រមូលអារម្មណ៍តែទៅលើ ការហ្វឹកហាត់ ដើម្បីត្រៀមចូលរួម ប្រកួតអន្តរជាតិ នៅក្នុងឆ្នាំ២០២១ខាងមុខ ដូចជាអូឡាំពិកហ្គេម នាខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងតូក្យូ ឆ្នាំ២០២១ និងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាមជាដើម៕
ដោយ៖ សិលា