ភ្នំពេញ៖ សូមជម្រាបជូនថានៅថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២០ នេះ លោករដ្ឋមន្ត្រូីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជាទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០”!
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជម្រាបមក លោក ចឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សំណើចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថ យ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
– មាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
– មាត្រា៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា – មាត្រា២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រីបានថ្លែងថា, ខ្ញុំសូមជម្រាប លោកព្រះរាជអាជ្ញា ជ្រាបថា ឈ្មោះ សម រង្ស៊ី បានបង្ហោះលើ Facebook របស់ខ្លួនថា, ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជនដែលចាញ់បោកគាត់ មានទាំងស្តេចទីងមោងផងដែរ។ ខ្លឹមសារនៃសារដែលឈ្មោះ សម រង្ស៊ី បាននិងកំពុងផ្សព្វផ្សាយ ជាសាធារណៈ តាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។ ទង្វើនេះគឺជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ នៃមាត្រា៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌ។
យោងតាមមាត្រា២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌សូម លោកព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះអំពើប្រមាថចំពោះអង្គព្រះមហា ក្សត្រខាងលើ ដោយអនុវត្តស្របតាមនីតិវិធីជាធរមាន។
សូមព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ៕