ទីបំផុត! លោក អា​បេ ចេញមុខ​សុំទោស​ជា​សាធារណៈ​ក្នុង​សំណុំរឿង​ លេខា​លោក​ចាយលុយ​រៀបចំ​ពិធី​ជួបជុំ​អ្នកគាំទ្រ

ចែករំលែក៖

អន្តរជាតិ៖ ទីបំផុតនៅ​ថ្ងៃទី២៥ ខែធ្នូ​ ឆ្នាំ២០២០នេះ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន អា​បេ ស៊ិន​ហ្សូ នៅមុខ​សភា​ជប៉ុន លោកបាន​ចេញមុខ​សុំទោស​ជា​សាធារណៈ​ក្នុង​សំណុំរឿង​លេខា​លោក​ចាយលុយ​រៀបចំ​ពិធី​ជួបជុំ​អ្នកគាំទ្រ​។ ខណៈកាលពី​ខែ​មុន លោក​ អាបេ បដិសេធ​នៅ​ចំពោះមុខ​សភា​ថា ការិយាល័យ​នយោបាយ​លោក​មិនបាន​បំពាន​ច្បាប់​មូលនិធិ​នយោបាយ​ដ៏​តឹងរ៉ឹង​។ ប៉ុន្តែ​នៅ​ថ្ងៃទី​២៤ ខែធ្នូ លោក​ទទួលបាន​ស្គាល់​ករណីនេះ តែ​អះអាងថា លោក​អត់​បានដឹង​រឿង​ឡើយ ហើយ​លោក នឹង​កែប្រែ​ចម្លើយ​លោក​វិញ​នៅមុខ​សភា​។

​ជាក់ស្តែង​កាលពី​ឆ្នាំមុន នៅពេល​សាកសួរ​ពី​សំណាក់​តំណាងរាស្ត្រ​បក្សប្រឆាំង​ក្នុង​សភា លោក អា​បេ ស៊ិន​ហ្សូ បាន​ឆ្លើយ​បដិសេធ​ម្ដង​ហើយ​ម្ដងទៀត​លើ​ការចោទប្រកាន់ថា ការិយាល័យ​នយោបាយ​របស់លោក បាន​ជួយ​រ៉ាប់រង​ការចំណាយ​សម្រាប់​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ​។ក៏ប៉ុន្តែនៅ​ថ្ងៃទី ២៤ ខែធ្នូ ម្សិលមិញនេះអំឡុង​សន្និសីទ​ព័ត៌មាន ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ បានគូសបញ្ជាក់ថា លោក​អត់​ដឹងឮ​ពាក់ព័ន្ធ​ការចាត់ចែង​មូលនិធិ​របស់​ការិយាល័យ​លោក​ឡើយ តែ​លោក​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ស្ថានការណ៍​នេះ​។​

លោក អា​បេ បានបញ្ជាក់បន្ថែមថា៖«​ខ្ញុំ​មិនអាច​ជួយ​អ្វី​បាន ក្រៅពី​ពន្យល់​ការពិត និង​កែប្រែ​ចម្លើយ​ខ្ញុំ​នៅមុខ​សភា​»​។ ខណៈ​លោក​ក៏​នឹង​ទៅ​បំភ្លឺ​នៅមុខ​សភា​ជប៉ុន នៅ​ថ្ងៃទី ២៥ ខែធ្នូ​នេះ។ លោក បន្តថា ទោះបីជា​ការចាត់ចែង​លុយកាក់ បានធ្វើ​ឡើង​ដោយ​គ្មាន​ការដឹងឮ​របស់លោកតែ​លោក​មាន​អារម្មណ៍​ថា​ខុស ហើយ​លោក​សុំទោស​ដល់​ពលរដ្ឋ​ជប៉ុន​។​

​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ថា រាជអាជ្ញា​ក្រុង តូ​ក្យូ នៅ​ថ្ងៃទី ២៤ ខែធ្នូ បានចេញ​ដីកា​ចោទប្រកាន់​ប្រឆាំង​លេខា​របស់លោក អា​បេ ឈ្មោះ Hiroyuki Haikawa តែ​មិនបាន​ចោទប្រកាន់​ជា​ផ្លូវការ​ប្រឆាំង​លោក អា​បេ ឡើយ​។ ព្រោះប្រទេសជប៉ុនមានច្បាប់​មូលនិធិ​នយោបាយ​តឹងរ៉ឹង ដែល​ហាមឃាត់​អ្នកនយោបាយ​ពី​ការផ្ដល់​លុយ ឬ​អំណោយ​ដល់​អ្នកគាំទ្រ​។

​បើតាម​ទូរទស្សន៍ NHK ក្រុម​រាជអាជ្ញា​ជប៉ុន អះអាងថា ចំណូល​និង​ចំណាយ​សរុប​នេះ ដែល​ពុំបាន​ប្រកាស​ក្នុង​របាយការណ៍​មូលនិធិ​នយោបាយ ប្រហែល​មាន​ចំនួន​លើស​៣៨,៧​ម៉ឺន​ដុល្លារ​។ បន្ទាប់ពីក្រុម​រាជអាជ្ញា​ជប៉ុន បាន​កសាង​សំណុំរឿង​ប្រឆាំង​លោក Haikawa អាយុ៦១​ឆ្នាំ ដែល​អត់​កត់ត្រា​ចំណូល​និង​ចំណាយ​នានា​ពាក់ព័ន្ធ​នឹង​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ​។

​សូមជម្រាបថា លេខា​របស់លោក​អា​បេ ជា​ប្រធាន​រៀបចំ​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ​របស់លោក​អតីត​នាយករដ្ឋមន្ត្រី​ចន្លោះ​ឆ្នាំ​២០១៣ និង​២០១៩​។ការចំណាយ​លើ​ព្រឹត្តិការណ៍​ដែល​បានរៀបចំ​ឡើង​នៅ​សណ្ឋាគារ​ប្រណីត​២​ក្នុង​ទីក្រុង តូ​ក្យូ ត្រូវបាន​ប៉ាន់​ស្មានថា​អស់​សរុប​ជាង​២២​ម៉ឺន​ដុល្លារ​។ លុយ​ចំណាយ​នេះ គឺ​ច្រើនជាង​លុយ​ដែល​ប្រមូលបាន​ពី​អ្នកចូលរួម​។

​គួរបញ្ជាក់ថា រឿងអាស្រូវ​នេះ អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​អ្នក​ស្នង​តំណែង​បន្ត​ពី​លោក​អា​បេ គឺ​នាយករដ្ឋមន្ត្រី ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ​។ នោះ​គឺ​ព្រោះតែ លោក ស៊ូ​ហ្កា ធ្លាប់​ធ្វើជា​ដៃស្ដាំ​លោក អា​បេ អស់​ពេល​៨​ឆ្នាំ ហើយក៏​ធ្លាប់​ទាំង​ចេញមុខ​ការពារ​លោក អា​បេ ក្នុង​រឿងអាស្រូវ​នេះ​អំឡុង​សន្និសីទ​ព័ត៌មាន និង​ក្នុង​សភា​ផងដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print