អ្នកដំណើរ​បរទេស​ទាំងអស់ បើចង់ទៅហុងកុង អាចនឹងធ្វើ​ច​ត្តា​ឡី​ស័ក រហូតដល់២១ថ្ងៃ

ចែករំលែក៖

អន្តរជាតិ៖ អាជ្ញាធរក្រុងហុងកុង ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​របស់​ក្រុម​វីរុស​ថ្មី ដែលមាន​អត្រា​ឆ្លង​កម្រិត​ខ្ពស់​ បាន​បង្កើន​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​លើ​អ្នកដំណើរ​មកពី​បរទេស​ទាំងអស់ ​រហូត​ដល់​២១​ថ្ងៃ ខណៈ​កន្លងមក​អនុវត្ត​ត្រឹមតែ ១៤​ថ្ងៃ​ប៉ុណ្ណោះ​។ ខណៈអ្នកដំណើរ​មកពី​ចិន និង​តៃវ៉ាន់ បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ដដែល​។

ជាក់ស្តែងនៅក្នុង​សេចក្តីថ្លែងការណ៍​មួយ រដ្ឋាភិបាល​ហុងកុង បាន​លើកឡើងថា រយៈពេល​នៃ​ការចេញ​រោគសញ្ញា​កូ​វីដ​-១៩ មាន​រយៈពេល១៤​ថ្ងៃ ប៉ុន្តែ​អ្នកជំនាញ​ជឿថា មនុស្ស​មួយក្រុម​តូច អាច​ចេញ​រោគសញ្ញា​ក្នុង​រយៈពេល​លើសពី ១៤​ថ្ងៃ​។ ព្រោះ​កន្លងមក វិធានការ​ដាក់​ច​ត្តា​ឡី​ស័ក​របស់​ហុងកុង​មាន​រយៈពេល​តែ ១៤​ថ្ងៃ​ប៉ុណ្ណោះ សម្រាប់​ដាក់​អ្នក​ដែល​ត្រលប់​មកពី​បរទេស​។ ប៉ុន្តែ​ដោយមាន​ករណី​ឆ្លង​ក្នុងស្រុក​កើនឡើង ស្របពេល​ផ្ទុក​ក្រុម​វីរុស​ថ្មី ហុងកុង បានសម្រេច​បន្ថែម​រយៈ​ពេល​ការធ្វើ​ច​ត្តា​ឡី​ស័ក​ពី​១៤​ថ្ងៃ​ទៅ​២១​ថ្ងៃ នៅតាម​ទីតាំង​ដែល​បាន​កំណត់ដោយ​អាជ្ញាធរ​។​

​រដ្ឋាភិបាល​ហុងកុង បានលើកឡើង​ថា៖ «​ហុងកុង នឹង​មិនអាច​អនុញ្ញាត​ឲ្យ​មានការ​ថ្លោះធ្លោយ​ឡើយ​»​។ បន្ថែមពីនេះ អាជ្ញាធរក្រុងហុងកុងអះអាងថា វិធានការដែល​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ២១​ថ្ងៃនេះ គឺ​ដើម្បី​ធានា និង​បង្ការ​វីរុស ដែល​អាច​ចេញ​រោគសញ្ញា​លើសពី​១៤​ថ្ងៃ​។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរ​ហុងកុង ក៏បាន​លើកលែង​ចំពោះ​អ្នក​ដែល​ត្រលប់​មកពី​ចិន តៃវ៉ាន់ និង​ម៉ា​កាវ​ផងដែរ ដោយ​អ្នក​ទាំងនោះ​អាច​បន្ត​ដាក់​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ក្នុង​រយៈពេល ១៤​ថ្ងៃ​បាន​។

​សូមជម្រាបថា ចំពោះចំណាត់ការ​របស់​អាជ្ញា​ធរ​ហុងកុង​បែបនេះ បានដាក់​ចេញ ស្របពេល​ប្រទេស​មួយចំនួន​ដូចជា៖ ចក្រភព​អង់គ្លេស អា​ហ្វ្រ៊ិ​ក​ខាងត្បូង បាន​រកឃើញ​ក្រុម​វីរុស​ប្រភេទ​ថ្មី ដែលមាន​អត្រា​ឆ្លង​ខ្លាំង​ជាង​ទម្រង់​វីរុស​មុន​។ ជាក់ស្តែងនៅចក្រភព​អង់គ្លេស វីរុស​ទម្រង់​ថ្មីមាន​ល្បឿន​ឆ្លង​លឿន​ជាង​ទម្រង់​ចាស់​រហូតដល់ ៧០​ភាគរយ​។

ដោយឡែកជុំវិញករណីនេះដែរ រដ្ឋាភិបាលហុងកុង ក៏បាន​បិទ​ជើងហោះហើរ​ទាំងអស់​ជាមួយ​អង់គ្លេស​ដែរ​។​ បើគិតត្រឹមថ្ងៃទី​២៤ ខែធ្នូហុងកុង មាន​ករណី​ឆ្លង​ចំនួន ៧១​ករណី ដោយ​ក្នុងនោះ ៦១​ករណី ជា​ករណី​ឆ្លង​ក្នុងស្រុក​។ ខណៈ៣០​ករណី​នៃ​ការឆ្លង​ក្នុងស្រុក មិនទាន់​រកឃើញ​ប្រភព​ចម្លង​ឡើយ​។

គួរបញ្ជាក់ថា អាជ្ញាធរ​ហុងកុង បាន​អំពាវនាវ​ឲ្យ​ប្រជាជន កុំ​ឲ្យ​មានការ​ជួបប្រជុំគ្នា នៅក្នុង​ពិធីបុណ្យ​ណូអែល ឬ​ថ្ងៃ​ចូលឆ្នាំថ្មី​ខាងមុខ ដើម្បី​បង្ការ​ការកើនឡើង​នៃ​ករណី​ឆ្លង​។ គិត​មក​ត្រឹម​ពេលនេះ ហុងកុង មាន​ករណី​ឆ្លង​សរុប​ចំនួន ៨៤២៥​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ១៣៥​នាក់​។ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៧២០៣​នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print