ខេត្តកំពង់ចាម ៖ អគ្គិភ័យបានឆេះឡជ័រទំហំ៨.៦០ម៉ែត្រគុណ៤ម៉ែត្រ បណ្តាលអោយខូចខាតជ័រកៅស៊ូអស់ចំនួន០២តោន កាលពីល្ងាចម៉ោង០៦ៈ៣០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតំបន់ស្រោងខ្នុរ ក្នុងភូមិសូជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
រោងចក្រកែច្នៃជ័រកៅស៊ូ ឯកជនរបស់ឈ្មោះ ប៉េង ជឺ ភេទប្រុស អាយុ៧៧ឆ្នាំ ស្ថិតនៅតំបន់ស្រោងខ្នុរ ក្នុងភូមិសូជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។ ដែលការឆេះនេះបានបំផ្លាញ ឡជ័រទំហំ ៨.៦០ម៉ែត្រគុណ៤ម៉ែត្រ និងខូចជ័រកៅស៊ូអស់ចំនួន០២តោន ទោះបីអគ្គិភ័យខាងលើបានស្ងប់រលត់ទៅវិញ១០០%ក៏ដោយ ។
ចំពោះករណីឆេះនេះ បានរលត់ទៅវិញនៅវេលាម៉ោង០៨ៈ១០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តបាញ់ទឹករបស់អធិការនគរបាលស្រុកចំការលើបាញ់ទឹកអស់ចំនួនមួយឡាន។
អធិការនគរបាលស្រុកចំការលើលោកប៉ែន ទៀងចំរើន បានបញ្ជាក់ប្រាប់មូលហេតុបណ្ដាលមកពីនាឡិកាវាស់កំដៅខូច ធ្វេីអោយឡចំហុយជ័រកៅស៊ូឡើងកំដៅហួសកំណត់ ទេីបបង្កជាអគ្គិភ័យកើតឡើង៕ដោយ៖វណ្ណៈ