ប្រទេសតំបន់អឺរ៉ុបទាំង២៧ បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩។ នៅថ្ងៃទី២៦ខែធ្នូវ៉ាក់សាំងដំបូងបានចែកចាយនៅប្រទេសអាល្លឺម៉ង់។ រថយន្តដឹកវ៉ាក់សាំងដឹកវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer/BioNTech បានទៅដល់១៦រដ្ឋរបស់អាល្លឺម៉ង់។ នៅថ្ងៃទី២៧ ខែធ្នូ អាល្លឺម៉ង់ចាប់ផ្តើមចាក់វ៉ាក់សាំង។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់បានឲ្យដឹងថា អាល្លឺម៉ង់នឹងចាប់ផ្តើមចាក់វ៉ាក់សាំង កូវីដ១៩ដល់ពលរដ្ឋ១,៣លាននាក់ ហើយនៅក្នុងឆ្នាំ២០២១ នឹងចាក់ដល់ពលរដ្ឋទាំងអស់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ លោកJens Spahn បានឲ្យដឹងថា « នេះជាសារណូអ៊ែល ប្រកបដោយក្តីសុខបំផុត ។ ពេលនេះរថយន្តដឹកវ៉ាក់សាំងបានទៅដល់បណ្តារដ្ឋ ក្នុងប្រទេសអាល្លឺម៉ង់ ។ វ៉ាក់សាំងគឺជាគន្លឹះដើម្បីយកឈ្នះលើកូវីដ១៩»។ នៅក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសផ្សេងទៀត គឺបុគ្គលដែលងាយរងគ្រោះជាងគេ គឺត្រូវចាក់វ៉ាក់សាំងមុនគេ គឺគ្រូពេទ្យ និងមនុស្សចាស់។
នៅព្រឹកថ្ងៃទី២៧ខែធ្នូនេះវ៉ាក់សាំងកូវីដ១៩ បណ្តាប្រទេស ដូចជា បារាំង អុីតាលី ប៊ែលហ្ស៊ិច អេស្បាញ ក្រិច ហុងគ្រី… បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ។ អឺរ៉ុបមានពលរដ្ឋសរុប ៤៥០លានាក់ នឹងទទួលបានវ៉ាក់សាំង គ្រប់ៗគ្នា ក្នុងពេលឆាប់ៗ៕ ដោយ៖ធីរីណា
រូបភាព៖Reuters