ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដែលហៅថាកាត់ថា” ASPIRE” ដោយទទួលបានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា “ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដែលហៅថាកាត់ថា” ASPIRE” ដោយទទួលបានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលតាមរយ:ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការមូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ហៅកាត់ថា IFAD។

កម្មវិធីនេះបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មដើម្បីប្រែក្លាយវិស័កសិកម្មឲ្យទៅជាកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព នវារនុវត្តន៍ បង្កើនប្រាក់ចំណូល ធានាសន្តិសុខស្បៀង និងផលិតកម្មឆ្លើយតបតាមតម្រូវការទីផ្សារ (បរិមាណ គុណភាព សុវត្តិភាព និងនិរន្តរភាពនៃការផ្គត់ផ្គង់)។ ឈានជាជំហានៗ កម្មវិធី ASPIRE បាននិងកំពុងនាំប្រជាកសិករចេញពីការធ្វើកសិកម្មតាមបែបយថាផល មកធ្វើកសិកម្មតាមបែបប្រពលវប្បកម្មវិញ មានផែនការផលិតកម្មច្បាស់លាស់ មានចងក្រងបណ្តុំផលិត និងអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយប្រើប្រាស់បច្ចេកទេស និងគ្រឿងយន្តសមស្រប ដែលអាចជួយបង្កើនផលិតភាពផលិតកម្ម ចំណេញពេលវេលា និងពលកម្ម។ 

ជាក់ស្តែង នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប កាលពីថ្ងៃ សុក្រ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ កន្លងមក លោក ទា គឹមសុទ្ធប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE បាននាំយកម៉ាស៊ីនជ្រួយដីចំនួន ០៩គ្រឿង ជូនដល់តំណាងបណ្តុំអាជីវកម្មបន្លែ និងកសិករដែលទទួលបានផ្ទះសំណាញ់ចំនួន ០៩គ្រួសារ។ 

ម៉ាស៊ីនជ្រួយដីនេះ វានឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនផលិតភាពផលិតកម្មបន្លែក្នុងស្រុក ធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារ សណ្ឋាគារ និងភោជនីយដ្ឋាននៅទូទាំងខេត្តសៀមរាប ឆ្លើយតបតាមទស្សនៈវិស័យ និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើយ៉ាងណាបង្កើនបរិមាណផលិតផលបន្លែក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែ បង្កើតការងារ និងប្រាក់ ចំណូលក្នុងគ្រួសារ ដោយមិនចាំបាច់ធ្វើចំណាកទៅស្រុក។ ទន្ទឹមនឹងនេះផងដែរ តាមរយៈកម្មវិធីនេះ មន្ទីរបានជួយសម្របសម្រួលរៀបចំចងក្រងកសិករជាក្រុមផលិត មានដូចជា៖ បន្លែ មាន់ ត្រី និងក្រុមកែឆ្នៃអនុផលព្រៃឈើ ដើម្បីផ្តល់ឱកាសឲ្យពួកគាត់ជួបប្រាស្រ័យទាក់ទងជាមួយឈ្មួញ ឬជាមួយអ្នកបញ្ជាទិញផលិតផលដោយត្រង់តែម្តង៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print