ខេត្តកោះកុង, នៅថ្ងៃអាទិត្យទី២៧ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តកោះកុង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង និងក្រុមគ្រូពេទ្រស្ម័គ្រចិត្ត ស.ស.យ.ក បានចុះពិនិត្យសុខភាព ចែកមាស់សម្ភារអនាម័យ ថ្នាំពេទ្យ និងផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋប្រមាណ៤០០នាក់ នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តកោះកុង និងជាអភិបាល នៃគណៈអភិបាលខេត្ត ក្រុមគ្រូពេទ្រស្ម័គ្រចិត្ត ស.ស.យ.ក និងក្រុមសមាគមនារីខេត្តកោះកុង បានចុះសួរសុខទុក្ខ ចែកម៉ាស់ សម្ភារអនាម័យ ថ្នាំពេទ្យ ការពិនិត្យសុខភាព និងផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅបរិវេណសាលាបឋមសិក្សាជីផាត ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង និងមានការចូលរួមពីប្រជាពលរដ្ឋក្នុងឃុំប្រមាណ៤០០នាក់។
ក្នុងកម្មវិធីនេះលោកស្រីប្រធាន ស.ស.យ.ក ខេត្តកោះកុង និងជាអភិបាលខេត្ត បានស្នើសុំអោយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងអាជ្ញាធរស្រុក ឃុំ បន្តធ្វើការអប់រំ ផ្សព្វផ្សាយ ស្តីពីការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឲ្យបានទូលំទូលាយបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងគោលការណ៍សំខាន់ៗ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងស្នើសុំអោយប្រជាពលរដ្ឋចូលរួមថែរក្សានូវសុខសន្តិភាព និងថែរក្សាសុខភាពអោយបានល្អ ព្រោះបើប្រជាពលរដ្ឋឈឺច្រើន គឺអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់ការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចគ្រួសារ៕
ដោយ, សិលា