ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងគណៈបញ្ជាការឯកភាពខេត្ត ,សមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងក្លិបកម្សាន្ត យីហោម៉ាស្ទ័រកុងទីន័រ ផ្ទុយនឹងបទបញ្ជារបស់ ក្រសួងសុខាភិបាល មានមនុស្សចូលរាំកម្សាន្ត ចំនួន ៤២នាក់។
បើតាមបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ច, កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន កម្លាំងអធិការដ្ឋានននគរបាលក្រុងច្បារមន និង អាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងក្លឹបកំសាន្ត យីហោម៉ាស្ទ័រកុងទីន័រ នៅ ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បាមន នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២២និង៤៥នាទី ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ហាងឈ្មោះ ហាន លៀងហេង ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិសង្កាត់ខាងលើ ដែលលួចបើក អាជីវកម្ម រាំកម្សាន្ត ផ្ទុយនិងបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានមនុស្សចូលរាំកម្សាន្តចំនួន ៤២នាក់ ស្រី ១៦នាក់ ក្នុងនោះ កម្លាំង សមត្ថកិច្ចបានត្រួតពិនិត្យធ្វើតេស្តទឹកនោម រកឃើញអ្នកមានសារធាតុញៀនចំនួន ១១នាក់ ស្រី ៥នាក់ ។
ចំពោះអ្នកដែលមានសារធាតុញៀនខាងលើ បានធ្វើការអប់រំណែនាំធ្វើកិច្ចសន្យា និងបានប្រគល់ឲ្យឪពុកម្ដាយ ឬ អាណាព្យាបាល បញ្ជូនទៅមណ្ឌលអប់រំកែប្រែអ្នកញៀនគ្រឿងញៀន។
អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន សំណូមពរឲ្យ ម្ចាស់បើកអាជីវកម្ម មិនស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល គួរបញ្ឈប់អាជីវកម្ម ក្នុងសម័យ covid 19៕
ដោយ៖ សិលា