បារាំងកំពុងពិចារណាបិទប្រទេស ជាលើកទី៣ ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងលោក Olivier Veran បានប្រកាសថា បារាំង អាចនឹងចាត់វិធានការតឹងតែងបំផុតដើម្បីការពារពលរដ្ឋក្នុងនោះមានទាំងការបិទប្រទេសជាលើកទី៣ ផងដែរ ។ ការប្រកាសខាងលើកើតឡើងក្រោយពេល មានក្តីបារម្ភពីការឆ្លងកូវីដ-១៩ក្នុងឱកាសបុណ្យគ្រឹស្តស្មាស់ និងចូលឆ្នាំសកល។ លោកOlivier Veran បានបន្តទៀតថា ក្រុមការងារបានតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាព ឆ្លងកូវីដ-១៩ ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា ។
បច្ចុប្បន្នបារាំងមានករណីឆ្លងកូវីដ-១៩ ថ្មីប្រមាណ១.៥០០នាក់ជារៀងរាល់ថ្ងៃ ។ កាលពីថ្ងៃទី២៥ខែធ្នូបារាំងបានរកឃើញករណីឆ្លងកូវីដ-១៩ ទម្រង់ថ្មីពីប្រទេសអង់គ្លេស ហៅថា VUI-202012/01 បានបង្កក្តីបារម្ភកាន់តែខ្លាំង។
វត្តមាន នៃវីរុសកូវីដ-១៩ ទម្រង់ថ្មីVUI-202012/01 បានធ្វើឲ្យប្រទេស ចំនួន៥០ ប្រកាសកាត់បន្ថយការធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស។ បារាំងក៏បានបិទព្រំដែនជាមួយអង់គ្លេសផងដែរ ប៉ុន្តែក្រោយរយៈពេល៤៨ម៉ោង បារាំងក៏បានបើកទ្វារឡើងវិញ ដើម្បីដឹកជញ្ជូនទំនិញសំខាន់ៗរវាងប្រទេសទាំងពីរ។
នៅថ្ងៃទី២៧ ខែធ្នូនេះដែរ បារាំងក៏ទទួលបានវ៉ាក់សាំង កូវីដ-១៩ ពីក្រុមហ៊ុនPfizer-BioNTech ដើម្បីចាក់ជូនពលរដ្ឋ។ ក្រៅពីប្រទេសបារាំង ប្រទេសទាំង២៧ ក្នុងសហគមន៍អឺរ៉ុប ក៏ទទួលបានវ៉ាក់សាំងដូចគ្នា។ អឺរ៉ុប មានពលរដ្ឋ សរុបតែ៤៥០លាននាក់ប៉ុណ្ណោះ ដូច្នេះការចាក់វ៉ាក់សាំង ជូនដល់ពលរដ្ឋទាំងអស់អាចនឹងធ្វើឡើងយ៉ាងឆាប់ផងដែរ៕ដោយ៖ធី រីណា
រូបភាព៖ AFP