ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​-ឃុំ​ថ្មី ស្រុក​ទឹកឈូ នាំ​គ្នា​តវ៉ារឿង​ក្រុមហ៊ុន​រោងចក្រ​ផលិត​ឥដ្ឋ របស់អតីតលោក​ឧកញ៉ា​អ៉ឹង ម៉េ​ង​ជឺ ខណៈបញ្ជា​ឲ្យ​កូនចៅ​ធ្វើ​បា​រ៉ា​ស់​បិទផ្លូវ​

ចែករំលែក៖

ខេត្តកំពត៖ ទីតាំងក្រុមហ៊ុន​រោងចក្រ​ផលិត​ឥដ្ឋមួយកន្លែង ដែលប្រជាពលរដ្ឋរស់នៅ​ភូមិ-​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត អះអាងថា ពីមុនជាកម្មសិទ្ធិរបស់អតីតលោក​ឧកញ៉ា​អ៉ឹង ម៉េ​ង​ជឺ ដែលត្រូវខ្មាំងកាំភ្លើងបាញ់សម្លាប់នោះ។ បច្ចុប្បន្នក្មួយរបស់អតីតលោកឧកញ៉ា គឺលោក អ៉ឹង គី​ហេង ជា​អ្នក​បន្តការងារ​នៅ​រោងចក្រ​ផលិត​ឥដ្ឋ​នេះ បានបញ្ជាឲ្យកូនចៅ​ធ្វើ​បា​រ៉ា​ស់​បិទផ្លូវ ដែល​អតីត​លោក​ឧកញ៉ា​ជាអ្នកធ្វើ​ផ្លូវលំ សម្រាប់​ឲ្យ​អ្នក​ភូមិ​ជិះចេញចូល​ ប៉ុន្តែនាពេលថ្មីៗនេះ ត្រូវក្រុមហ៊ុនបិទផ្លូវចង់ធ្វើជាផលប្រយោជន៍​របស់ផ្ទាល់​ខ្លួនទៅវិញ។ ទើបធ្វើឲ្យពួកគាត់ជាច្រើនគ្រួសារមិនយល់ព្រមក៏នាំគ្នា ធ្វើការតវ៉ា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ។

បើតាមការអះអាងពីប្រជាពលរដ្ឋ បានបន្តថា កាលពី​ជាង​១០ឆ្នាំ​មុន ផ្លូវលំមួយខ្សែនេះ គឺអតីតលោក​ឧកញ៉ា​អ៉ឹង ម៉េ​ង​ជឺ ជាអ្នក​កសាង​ ដោយធ្វើ​ជាប់​និង​ទីតាំង​រោងចក្រ​ផលិតឥដ្ឋ បន្ទាប់​មកលោក ក៏​បាន​ទទួលមរណៈភាពទៅ​។ ហើយរោងចក្រ​ផលិត​ឥដ្ឋ​នេះ ត្រូវ​បាន​ក្មួយ​ប្រុស​របស់​លោក​ ជា​អ្នកគ្រប់គ្រង​រហូតមកដល់បច្ចុប្បន្ន​។ ប៉ុន្តែ​អ្វី​ដែល​គាត់បាន​មើលឃើញ​នោះ គឺ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ត្រូវ​បាន​គេ​ដាក់បារ៉ាស់បិទ មិនឲ្យជិះចេញ​ចូល ទើបពលរដ្ឋ​នៅ​ភូមិ​ថ្មី​ទាំងអស់នាំគ្នាមកតវ៉ាតែម្តង។

បើ​តាម​សម្តីប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ សុខ គ​ន្ធី ភេទ​ប្រុស អាយុ​៣៩ឆ្នាំ បាន​រៀបរាប់ប្រាប់កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូមិ្សលមិញនេះថា៖ គាត់​ជា​អ្នកមាន​គ្រឿងចក្រ​មួយ​គ្រឿង​ដែរ សម្រាប់​ស៊ី​ឈ្មួ​ល​កាយ​ដី​ឲ្យ​ពលរដ្ឋ ប៉ុន្តែ​ក្រុមហ៊ុន​មិន​គួរ​បិទផ្លូវ​បែប​នេះ​ទេ ព្រោះ​ពលរដ្ឋ​ក៏​ដូច​រូប​គាត់​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ចេញចូល​តាម​ផ្លូវ​នេះ​បាន​។ ពលរដ្ឋរូបនេះ បន្តថា ខ្លួន​មិន​បាន​ដឹក​ដី​បំផ្លាញ​ផ្លូវលំ​អតីត​ផ្លូវលំ​លោក​ឧកញ៉ា​អ៉ឹ​ង ម៉េ​ង​ជឺ នោះទេ គឺមាន​តែ​ជួយ​ថែទាំ​ជា​ប្រចាំ​ក្នុង​នាមខ្លួន​គាត់​មាន​គ្រឿងចក្រ​មួយ​គ្រឿង​ដែរ​នៅ​ក្នុងភូមិ​ថ្មី​។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ​កូវ សេង ភេទ​ស្រី អាយុ​៥២​ឆ្នាំ ​បាន​និយាយ​ទាំងអួលដើមក​ថា ផ្លូវលំ​អតីត​លោក​ឧកញ៉ា​អ៉ឹង​ ម៉េ​ង​ជឺ​នេះ កាលពីមុន​ផ្លូវ​រទេះ​ចេញពី​ព្រៃ​ដឹង​រហូត​ដល់​ផ្លូវជាតិ​លេខ​3​។ ​តែ​ក្រោយមក​លោក អ៉ឹង ម៉េ​ង​ជឺ ​គាត់​ទិញ​ដី​បាន​នៅ​ទី​នេះ​ក៏លោក​ចំណាយ​ថវិកា​កសាង​ផ្លូវ​នេះ​ឲ្យ​ស្អាត​ងាយស្រួល​ពលរដ្ឋ​ចេញចូល​បាន​កាន់តែ​ល្អ​។​ បន្ថែមពីនេះ ស្រ្តីរូបនេះ ក៏បាន​សំណួ​ម​ពរ​ឲ្យ​លោកអភិបាលខេត្ត​ មេត្តាជួយដោះស្រាយ​រឿង​គេ​បិទផ្លូវ​នេះ​ផង​។ ​

ទាក់ទិននឹងករណីនេះដែល លោក​ សេង ថូ​ង មេឃុំ​ថ្មី​ នៅថ្ងៃនេះដែរលោកក៏បានចុះ​មក​ដល់​កន្លែង​ទីតាំងគេ​បិទ​បា​រ៉ាស់ ដោយលោក​និយាយ​ថា លោក​ទទួលស្គាល់​ថា ផ្លូវ​ចាស់​ពី​ដើម​មែន ប៉ុន្តែ​បើ​យើង​បើកបរ​ឆ្លងកាត់​ហើយ​គួរ​ណាស់​ថែ​មើល​ទើប​វា​បាន​ល្អ​ស្អាត​។

លោក​មេឃុំ​ បានបន្ថែមទៀតថា ផ្លូវនេះប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន​ ប៉ុន្តែហាមឃាត់​រថយន្ត​ដឹក​ធ្ងន់​មិន​ឲ្យបើក​ឆ្លងកាត់​។ មិនតែប៉ុណ្ណោះលោក​ថា ចំពោះការ​តវ៉ា​របស់ប្រជាពលរដ្ឋជុំវិញករណីនេះ លោក​នឹង​ខិតខំ​ទំនាក់ទំនង​ជាមួយ​តំណាង​ក្រុមហ៊ុន​ផលិតឥដ្ឋ ដើម្បីឲ្យមានការបើ​ផ្លូវ​នេះ​ជា​ធម្មតា​វិញ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print