ខេត្តបាត់ដំបង៖ ភ្នំឈូងស្រាយជាសម្បត្តិធម្មជាតិសាធារណៈរបស់រដ្ឋ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ត្រូវបានគេដាក់គ្រឿងចក្រទន្រ្ទានកាយយកអាចម៍ដីយ៉ាងអនាធិបតេយ្យ ដោយមិនមានការយកចិត្តទុកដាក់ទប់ស្កាត់ពីអាជ្ញាធរនិងមន្ត្រីជំនាញឡើយ។
ប្រជាពលរដ្ឋដែលមានលំនៅឋានជិតជើងភ្នំខាងលើនេះបានបង្ហើបប្រាប់ថា ជាច្រើនថ្ងៃមកហើយពួកគាត់បានសង្កេត ឃើញគ្រឿងចក្រចូលមកដាក់កាយរូង យកដីជើងភ្នំដឹកចេញរាប់សិបឡានក្នុងមួយថ្ងៃៗ តែមិនដឹងថាគេយកអាចម៍ដីទាំងនេះទៅលក់ឬយកទៅធ្វើអ្វីនោះទេ ហើយក៏មិនធ្លាប់បានដឹងដែរថាតើវាមានច្បាប់ទម្លាប់ដែរឬក៏អត់នោះទេ ព្រោះមិនឃើញមានអាជ្ញាធរនិងមន្ត្រីជំនាញណាម្នាក់ចុះមកធ្វើការហាមឃាត់ឬបង្ក្រាបនោះឡើយ ។
លោក អឹម ប៊ុនយូ មេឃុំតាគ្រាម បានឲ្យដឹងថា ដោយសារតែនៅក្នុងភូមិក្រោយទឹកជំនន់ជន់លិច ផ្លូវមួយចំនួនបានខូច ហើយខាងអាជ្ញាធរភូមិនិងសហគមន៍គេបានទំនាក់ទំនង មានដៃគូជាមួយស៊ីម៉ាក់គាត់មានគ្រឿងចក្រ គាត់ចេះតែជួយកាយក្នុងនាមរាប់អានគ្នានៅក្នុងមូលដ្ឋាន ។ ដោយសារទឹកជំនន់ជន់លិចផ្លូវខូចច្រើន លោកប្រធានលោកបានដាក់ផែនការឱ្យភូមិនីមួយៗអភិវឌ្ឍដោយខ្លួនឯងទៅតាមលទ្ធភាពទំនាក់ទំនងធ្វើយ៉ាងម៉េចឱ្យវាល្អប្រសើរឡើងវិញ។
បើតាមលោក ប៉ែន សារីយោ អភិបាលស្រុកបាណន់ បានបញ្ជាក់ថា លោកមិនបានដឹងរឿងនេះទេ ហើយជួនកាលគាត់ពឹងស៊ីម៉ាក់ឱ្យមកជួយធ្វើ ព្រោះស៊ីម៉ាក់មានទីតាំងនៅក្បែរនោះដែរ ហើយក៏ពឹងគ្នាទៅវិញទៅមក ព្រោះដីមាននៅក្នុងស្រុកនិងក្នុងឃុំហើយ ផ្លូវប្រជាជនលំបាកយើងទុកធ្វើអី ហើយកាតព្វកិច្ចគ្រប់គ្រងអីអស់ហ្នឹងមានតែមន្ទីររ៉ែ ឯណោះទេដែលជាអ្នកចេញច្បាប់ចេញអី។ ប៉ុន្តែនៅក្នុងមូលដ្ឋានអាចថា មានបន្តិចបន្តួចសម្រាប់ជួសជុលផ្លូវ ដើម្បីកែលម្អមូលដ្ឋាន ធ្វើម៉េចទេលទ្ធភាពក្នុងមូលដ្ឋានមានចេះតែកែច្នៃហើយ កាលណាធ្វើការត្រឹមត្រូវតាមច្បាប់គ្រប់ជ្រុងជ្រោយពេក ក៏វាមិនចេញដែរការងារនោះវាលំបាកអ៊ីចឹងហើយ ការងារ ក្នុងមូលដ្ឋានបើយើងកែច្នៃបានចេះតែកែច្នៃទៅ។
ដោយឡែកលោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង បានបញ្ជាក់ថា ចំពោះរឿងនេះលោកនឹងឱ្យមន្ត្រីរបស់លោកចុះទៅពិនិត្យមើល៕
ដោយ៖ សូរិយា