នគរបាលបន្តឃាត់ខ្លួនក្មេងទំនើង២នាក់ទៀតយកមកអប់រំណែនាំបន្ទាប់ពីបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈក្នុងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកកែន រិទ្ធី អធិការនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ថា សមត្ថកិច្ចនគរបាលបានបន្តឃាត់ខ្លួនក្មេងទំនើង២នាក់ទៀតយកមកអប់រំណែនាំបន្ទាប់ពីពួកគេបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈក្នុងក្រុងស្វាយរៀងនាពេលកន្លងមកនេះ។

លោកបន្តថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១និង០៥នាទី រសៀលនៅត្រង់ចំណុចខាងមុខសាលាចេក តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានករណីក្មេងទំនើងមួយក្រុមជិះម៉ូតូ០៤គ្រឿង មានគ្នា០៨នាក់ បានធ្វើសកម្មភាពជិះម៉ូតូទិសដៅពីលិចទៅកើត ដល់ចំណុចខាងលើ ក៏បានបង្ហោះម៉ូតូតែម្តង។

លោកបន្តថាក្រោយពីទទួលបានព័ត៌មាននេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាបង្ហោះម៉ូតូ និងអ្នកហែរហមខាងលើ មកធ្វើការអប់រំណែនាំ។

ហើយរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចយើងបានស្រាវជ្រាវឃើញ មុខសញ្ញាបង្ហោះម៉ូតូពីរនាក់គឺ១ឈ្មោះ គង់ សិរីសុនីតិ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និង២ឈ្មោះ មាស ចាន់សុផាវីន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មកធ្វើការអប់រំអោយឈប់ធ្វើសកម្មភាពបង្ហោះម៉ូតូបន្តទៅទៀត ដោយមានការចូលរួមពីឪពុកម្តាយផងដែរ។

លុះដល់ថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានកោះហៅឈ្មោះ ជា គឹមលាង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ និងឈ្មោះ សាន់លី អុីសា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មកធ្វើការអប់រំណែនាំ នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង។

បន្ទាប់ពីអប់រំណែនាំរួចសមត្ថកិច្ចយើងក៏បានប្រគល់ អ្នកទាំងពីរអោយទៅម្តាយឪពុកយកទៅអប់រំណែនាំបន្ថែមនៅផ្ទះ ចំណែកមកបក្សពួកបង្ហោះម៉ូតូ០៤នាក់ទៀត សមត្ថកិច្ចយើងកំពុងស្រាវជ្រាវរក យកមកធ្វើការអប់រំណែនាំបន្តទៀត៕

  

...

ដោយ៖យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print