ពិធី​ឆ្លង​ឆ្នាំ​សកល២០២១​នេះ! អាជ្ញាធរថៃ ដាក់​បម្រាម​លើ​ការ​ការជួបជុំ និង​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ នៅ​ជុំវិញ​ប្រទេស

ចែករំលែក៖

អន្តរជាតិ៖ ក្រោយពីអាជ្ញាធរថៃ បាន​រកឃើញ​ករណី​ឆ្លង​​កូ​វីដ​-១៩ប្រចាំថ្ងៃ​ខ្ពស់បំផុត​នោះ ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល​កាន់តែ​អាក្រក់​ជំងឺ​រាតត្បាត​សកល​ ក្នុងអំឡុង​ពិធី​ឆ្លង​ឆ្នាំ​សកល២០២១​នេះ រដ្ឋាភិបាលថៃ បានដាក់​បម្រាម​លើ​ការ​ការជួបជុំ និង​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ នៅ​ជុំវិញ​ប្រទេស។

​បើតាមក្រសួងសុខាភិបាល​ថៃ នៅ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ បាន​រកឃើញ​ជំងឺ​កូ​វីដ​-១៩​ថ្មី ២៥០​ករណី ដែលជា​តួលេខ​ខ្ពស់បំផុត​មួយចាប់តាំងពី​ផ្ទុះ​ករណី​ឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​មួយ កាលពី​ជិត​២​សប្ដាហ៍​មុន​។​ ដូច្នេះអាជ្ញាធរ​ថៃ បាន​ស្នើសុំ​សាធារណជន​ចៀសវាង​ការធ្វើដំណើរ និង​បានដាក់​វិធានការ​គ្រប់គ្រង​កាន់តែ​តឹងរ៉ឹង​ក្នុង​តំបន់​ខ្លះ ដូចជា អាជីវកម្ម​កម្សាន្ត​ជាដើម​។

ទាក់ទិននឹងបញ្ហានេះដែរ លោក Taweesin Wisanuyothin អ្នកនាំពាក្យ​ក្រុមការងារ​កូ​វីដ​-១៩​ថៃ បានប្រាប់សន្និសីទព័ត៌មានមួយនៅ​ថ្ងៃទី​៣០ ខែធ្នូ ថា «​តួលេខ​ថ្ងៃនេះ ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយបារម្ភ […]​។ អ្វីដែល​យើង​មិន​ចង់ឃើញ​គឺ​ការបិទ (lockdown) លើក​ទី​២ ឬ​លើក​ទី​៣ ឡើយ​»​។អ្នកនាំពាក្យរូបនេះ បន្ថែមថា ប្រសិនបើ​ស្ថានការណ៍ ពុំ​អាច​គ្រប់គ្រង​បានទេ​នោះ ជាជាង​ការរាប់​ថយក្រោយ​ឆ្លង​ឆ្នាំ​ថ្មី ថៃ​ប្រហែល​រាប់​ករណី​ឆ្លង​ដែល​កើនឡើង​។

សូមជម្រាបថា ការឆ្លង​កូ​វីដ​-១៩​ជា​ចង្កោម​ថ្មី បាន​ផ្ទុះឡើង​កាលពី​ជិត​ពីរ​សប្ដាហ៍​មុន នៅ​ផ្សារ​គ្រឿង​សមុទ្រ​មួយ​ក្បែរ​ទីក្រុង បាងកកក្នុងចំណោម​នោះ ភាគច្រើន​គឺជា​ពលករ​ចំណាកស្រុក​ពី​មី​យ៉ាន់​ម៉ា ។ មកទល់ពេលនេះ ករណី​ឆ្លង បាន​រាលដាល​ក្នុង​ខេត្ត​ថៃ​៤៨​ហើយ ហើយ​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​មាន​សរុប​១៦៣៤​ករណី​។

​បន្ថែម​ពី​ការឆ្លង​ជា​ចង្កោម​នៅ​ផ្សារ​គ្រឿង​សមុទ្រ ក្នុង​ខេត្ត​សមុទ្រ​សាគរ ក៏​រកឃើញ​ករណី​ឆ្លង​ជា​ចង្កោម​ធំៗ​២​ទៀតផង​ដែរ ដោយ​មួយ​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​នៅ​ខេត្ត​រ៉ា​យ៉ង និង​មួយទៀត​ជាប់ទាក់ទង​នឹង​ទីតាំង​កម្សាន្ត​ក្នុង​រាជធានី​បាងកក​។

​គួរបញ្ជាក់ថា បម្រាម​នេះ អនុវត្ត​លើ​ការជួបជុំ​ទាំងឡាយណា​ដែល​បង្ក​ហានិភ័យ​ដល់​ការផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ​-១៩ តែ​លើកលែង សកម្មភាព​របស់​រដ្ឋា​ភិ​បាល និង​ការជួបជុំ​ក្នុងផ្ទះ​ឯកជន​។ បើតាម​កាសែតបាង​ង​កក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​៣០ ខែធ្នូ ករណី​ឆ្លង​ពាក់ព័ន្ធ​នឹង​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ក្នុង​ទីក្រុង​រ៉ា​យ៉ង មាន​១០៨​ករណី​ថ្មី  ខណៈ​ជាប់ទាក់ទង​នឹង​ទីតាំង​កម្សាន្ត​ក្នុង​រាជធានី​បាងកក កើន​ដល់​១២៥​ករណី​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print