ការលើកលែងទោសទាហានស៊ីឈ្នួលពីសំណាក់លោក ត្រាំ ជាការបំពានច្បាប់អន្តរជាតិ,នេះបើតាមការអះអាងពីមន្ត្រីUN

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងពីមន្ត្រីអង្គការសហប្រជាជាតិផ្នែកទាហានស៊ីឈ្នួល នៅថ្ងៃទី៣០ ខែធ្នូ ថ្មីៗនេះ បាននិយាយថា ចំពោះការលើកលែងទោសទាហានស៊ីឈ្នួល៤រូប ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាការបំពានកាតព្វកិច្ចក្នុងការបំបាត់វប្បធម៌និទណ្ឌភាព ដែលកំណត់ដោយច្បាប់អន្តរជាតិ។ ព្រោះទាហានស៊ីឈ្នួលទាំង៤នាក់នេះ ត្រូវជាប់ចោទពីការសម្លាប់រង្គាលជនស៊ីវិល១៤រូប នៅទីក្រុងបាក់ដាដ ប្រទេសអុីរ៉ាក់ កាលពីឆ្នាំ២០០៧។

ជាក់ស្តែងកាលពីថ្ងៃទី២០ ខែធ្នូកន្លងទៅ លោក ដូណាល់ ត្រាំ បានលើកលែងទោសទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុនសន្តិសុខឯកជន Blackwater។ ខណៈក្រុមហ៊ុនសន្តិសុខ Blackwater នេះ គ្រប់គ្រងដោយបងប្រុសរបស់លោកស្រី Betsy Devos រដ្ឋមន្ត្រីក្រសួងអប់រំក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។

ទាក់ទិននឹងបញ្ហានេះដែរលោកស្រី Jelena Aparac ប្រធានក្រុមការងារអង្គការសហប្រជាជាតិ (UN) ក៏បានលើកឡើងស្តីពីទាហានស៊ីឈ្នួល ថា៖«ការលើកលែងទោស អតីតបុគ្គលិករបស់ក្រុមសន្តិសុខឯកជន Blackwater ជាការប្រមាថយុត្តិធម៌ និងជនរងគ្រោះ ព្រមទាំងក្រុមគ្រួសារនៃការសម្លាប់រង្គាលនៅទីលាន Nisour»។

លោកស្រី Aparac អះអាងថា អាមេរិកដែលជារដ្ឋសមាជិកនៃអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ មានកាតព្វកិច្ចក្នុងការកាត់ទោសឧក្រិដ្ឋជនសង្គ្រាម បើទោះបីជាអ្នកប្រព្រឹត្តនោះជាបុគ្គលិកក្រុមហ៊ុនសន្តិសុខឯកជនក៏ដោយ។ អនុសញ្ញទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ជាផ្នែកមួយនៃច្បាប់មនុស្សធម៌អន្តរជាតិ (ច្បាប់សង្គ្រាម) ដែលចែងពីកាតព្វកិច្ចរបស់រដ្ឋក្នុងការបង្ការ និងទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែល។ អនុសញ្ញានេះ ក៏បែងចែកពីសិទ្ធិ ការការពារ និងកាតព្វកិច្ចបញ្ចៀសផលប៉ះពាល់លើជនស៊ីវិលពេលមានជម្លោះប្រដាប់អាវុធ។

លើសពីនេះទៅទៀត លោកស្រីសង្កត់ធ្ងន់ថា ការលើកលែងទោសដោយលោកប្រធានាធិបតី ត្រាំ បានបំពានកាតព្វកិច្ចអាមេរិកដែលចែងដោយច្បាប់អន្តរជាតិ និងបំពានដោយចំទៅលើច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស។ លោកស្រីបន្តថា ការអនុញ្ញាតរបស់អាមេរិកឲ្យក្រុមហ៊ុនឯកជន បំពេញការងារដោយគ្មានការទទួលខុសត្រូវ ក្នុងជម្លោះប្រដាប់អាវុធ នឹងនាំឲ្យរដ្ឋផ្សេងៗទៀតយកលេសរួចខ្លួនក្នុងករណីបំពានច្បាប់មនុស្សធម៌អន្តរជាតិ។

សូមរម្លឹកថា ទាហានស៊ីឈ្នួលទាំង៤រូបនេះ ជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារជនស៊ីវិលដែលកំពុងធ្វើចរាចរណ៍ នៅជិតទីលាន Nisour ដ៏មមាញឹក កណ្តាលរដ្ឋធានីបាក់ដាដក្នុងឆ្នាំ២០០៧។ ការបាញ់ប្រហារនេះ បណ្តាលឲ្យជនស៊ីវិល១៤នាក់ស្លាប់ និង២០នាក់ទៀតរងរបួស។ ការស៊ើបអង្កេតដោយរដ្ឋាភិបាលអុីរ៉ាក់ បង្ហាញថា ជនស៊ីវិលពុំបានបង្កររឿងអ្វីឡើយ ហើយក្នុងឆ្នាំ២០១៤ តុលាការសហព័ន្ធអាមេរិក បានកាត់ទោសបុគ្គលមួយរូបពីបទឃាតកម្ម និង៣រូបពីបទមនុស្សឃាត។

ជាមួយគ្នានោះដែរ ក្រៅតែពីUN មន្ត្រីនៅអាមេរិកក៏រិះគន់ការលើកលែងទោសរបស់លោក ត្រាំ ផងដែរ។ លោកឧត្តមសេនីយ៍ David Petraeus អតីតមេបញ្ជាការកងទ័ពអាមេរិកនៅអ៊ីរ៉ាក់ និងលោក Ryan Crocker អតីតឯកអគ្គរដ្ឋទូតអាមេរិកនៅអ៊ីរ៉ាក់អំឡុងពេលហេតុការណ៍នេះកើតឡើងនិយាយថា ការលើកលែងទោស ជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កិត្តិយសអាមេរិក និងជាសារបញ្ជាក់ថា ជនជាតិអាមេរិកអាចប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរនៅបរទេស ដោយសារតែវប្បធម៌និទណ្ឌភាពនេះ។

គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍ ស្តីពីការលើកលែងទោសកាលពីថ្ងៃទី២០ ធ្នូ របស់សេតវិមាន បានអះអាងថា ការលើកលែងទោសនេះទទួលបានគាំទ្រដោយសាធារណៈជនជាទូទៅ ក៏ដូចជាតំណាងរាស្ត្របក្សសាធារណៈរដ្ឋផងដែរ៕ដោយ៖ស តារា

...

រូបភាព៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print