អន្តរជាតិ៖ បើតាមការការវាយតម្លៃរបស់អង្គការសុខភាពពិភពលោក (WHO) អះអាងថា វ៉ាក់សាំងដែល Pfizer/BioNTech អភិវឌ្ឍរួមគ្នាជាមួយដៃគូអាល្លឺម៉ង់ BioNTech មានគ្រប់លក្ខខណ្ឌ និងមានប្រសិទ្ធភាពក្នុងការទប់ទល់ជំងឺកូវីដ-១៩ ដោយសម្រេចបញ្ចូលវ៉ាក់សាំងក្រុមហ៊ុននេះ ក្នុងបញ្ជីប្រើប្រាស់បន្ទាន់នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០។ ហើយការចុះបញ្ជីនេះ បើកផ្លូវឲ្យប្រទេសផ្សេងៗទៀតអនុញ្ញាតក្នុងការនាំចូល និងចែកចាយវ៉ាក់សាំងខាងលើ។
មិនតែប៉ុណ្ណោះ វ៉ាក់សាំងរបស់ Pfizer/BioNTech ជាវ៉ាក់សាំងដំបូងដែលត្រូវបានចុះឈ្មោះក្នុងបញ្ជីប្រើប្រាស់បន្ទាន់ (EUL) របស់អង្គការសុខភាពពិភពលោក។ កាលពីថ្ងៃទី២ ខែធ្នូ Pfizer បានដាក់សំណើរទៅ WHO ដើម្បីពិនិត្យក្នុងការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន។
ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍របស់ WHO ចេញថ្ងៃទី៣១ ខែធ្នូ បញ្ជាក់ថា វ៉ាក់សាំងPfizer/BioNTech បំពេញតាមលក្ខខណ្ឌសុវត្ថិភាពចាំបាច់ ហើយផលប្រយោជន៍របស់វ៉ាក់សាំងនេះ មានច្រើនជាងបញ្ហាប្រឈម។ មុននឹងផ្តល់ការអនុញ្ញាតនេះ WHO បានអញ្ជើញអ្នកជំនាញនៅជុំវិញពិភពលោក ក៏ដូចជាក្រុមការងាររបស់ខ្លួនដើម្បីត្រួតពិនិត្យលើទិន្ន័យស្តីពីសុវត្ថិភាព និង គុណភាព នៃវ៉ាក់សាំងដែលផ្តល់ដោយក្រុមហ៊ុន Pfizer/BioNTech។ ទិន្នន័យពីការធ្វើតេស្តបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer មានប្រសិទ្ធិភាពរហូតដល់៩៥ភាគរយក្នុងការបង្ការជំងឺកូវីដ-១៩។
បើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត Mariângela Simão ជំនួយការអគ្គនាយក WHO បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើថា «នេះជាជំហានវិជ្ជមាន ក្នុងការធានាការទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ។ ប៉ុន្តែខ្ញុំសូមសង្កត់ធ្ងន់ថា មានតម្រូវការចាំបាច់ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់ក្រុមប្រជាជនអាទិភាពនៅជុំវិញពិភពលោក»។
ចំពោះការស្តុកវ៉ាក់សាំងវិញ WHO អះអាងថា នឹងធ្វើការជាមួយប្រទេសនីមួយៗក្នុងការដឹកជញ្ជូន និងប្រើប្រាស់។ បន្ទាប់ពីអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ WHO នឹងជួបប្រជុំនៅថ្ងៃទី៥ មករា ឆ្នាំ២០២១ ដើម្បីបង្កើតគោលនយោបាយ ក៏ដូចជាអនុសាសន៍ក្នុងការប្រើប្រាស់វ៉ាក់សាំង ការផ្តល់អាទិភាពសម្រាប់ក្រុមមនុស្សក្នុងការទទួលបានវ៉ាក់សាំង។
សូមជម្រាបថា វ៉ាក់សាំងរបស់ Pfizer ត្រូវផ្ទុកក្នុងសីតុណ្ហភាពត្រជាក់បំផុតពី៦០ ទៅ៩០អង្សាក្រោមសូន្យ។ តម្រូវការក្នុងការរក្សាទុកបែបនេះ លើកឡើងជាបញ្ហាប្រឈមមួយ ពិសេសប្រទេសក្រីក្រដែលមានអាចបញ្ហាផ្នែកភស្តុភារ។
ដោយឡែកបច្ចុប្បន្ន អាមេរិក អង់គ្លេស សិង្ហបុរី កាណាដា និងអឺរ៉ុបជាដើម សុទ្ធតែអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងខាងលើក្នុងលក្ខខណ្ឌបន្ទាន់ បន្ទាប់ពីនិយ័តករឱសថរបស់ប្រទេសទាំងនេះ បានវាយតម្លៃលើប្រសិទ្ធភាពរួចមក។ ឯការចុះបញ្ជីពីសំណាក់ WHO នឹងជួយសម្រួលប្រទេសក្រីក្រដែលមិនមានសមត្ថភាព ឬមានសមត្ថភាពមិនគ្រប់គ្រាន់ ក្នុងការវាយតម្លៃផងដែរ។
គួរបញ្ជាក់ដែរថា ស្របពេលជាមួយគ្នានេះយន្តការពហុភាគី COVAX របស់ WHO ក៏កំពុងតែចចារជាមួយ Pfizer ដើម្បីបញ្ចូលវ៉ាក់សាំងក្នុងកម្មវិធីចែកចាយវ៉ាក់សាំងដោយសមធម៌នេះ។ ដូចគ្នានេះដែរអង្គការUNICEF និង អង្គការសុខភាពអាមេរិក ក៏នឹងចាប់ផ្តើមទិញវ៉ាក់សាំងនេះសម្រាប់ចែកចាយ៕ដោយ៖ស តារា