ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងក្រុមការងារ ដឹកនាំដោយលោកវរសេនីយ៍ឯក ពៅ លន់ មេបញ្ជាការរង កងពល អញ្ជើញចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ តាមបណ្តាកងឯកភាពចំណុះ។
សូមបញ្ចាក់ថា ក្រុមការងារ បានចុះត្រួតពិនិត្យចំនួនទ័ព អាវុធ-គ្រាប់ មធ្យោបាយ និងសម្ភារផ្ទាល់ខ្លួន គ្រប់អង្គភាពផងដែរ។
ស្ថិតនៅក្នុងស្ថានភាពនៃការឆ្លងរីករាលដាល ជំងឺឆ្លងកូវីដ-១៩ កងកម្លាំងគ្រប់កងឯកភាព បានអនុវត្តតាមវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
កម្លាំងអន្តរាគមន៍នេះ ក្រៅពីត្រៀមក្នុងទីតាំង កម្លាំងមួយចំនួនបានចុះសហការជាមួយកម្លាំងចម្រុះ ធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ ត្រឡប់ពីប្រទេសថៃតាមរបៀងតូច ដោយមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ។
គួរកត់សម្គាល់ថា កម្លាំងដែលចុះសហការ ចាប់តាំងពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ឃាត់បានប្រជាពលរដ្ឋឆ្លងដែនតាមរបៀងតូចសរុបចំនួន៥២នាក់ និងបានបញ្ជូនទៅឲ្យជំនាញត្រួតពិនិត្យធ្វើចត្តាឡីស័ក៕
ដោយ៖ សូរិយា