លោកស្រី ឱ វណ្ណឌីន ៖ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យកោសល្យវិច្ច័យ សាមីសពមានជំងឺចុកបេះដូង ហើយគាំងបេះដូងភ្លាមៗ ដែលធ្វើឱ្យដួលបោកក្បាលនឹងកន្ថោរបង្គន់

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន ពីករណីស្លាប់ពលករមកពីប្រទេសថៃ ចំនួន ០១នាក់ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ដើម្បីឲ្យសាធារណជនបានដឹងពិតប្រាកដដោយបញ្ជាក់យ៉ាងដូច្នេះថា, ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា នៅក្នុងមណ្ឌលចត្តាឡីស័កកម្រិត២នៃខេត្តត្បូងឃ្មុំ (វិទ្យាល័យត្បូងឃ្មុំ ) វេលាម៉ោង ០៩:១០នាទីព្រឹកនៃថ្ងៃទី ០២ ខែមករា ឆ្នាំ២០២១ មានហេតុការណ៍ស្លាប់បាត់បង់ជីវិតបុរសម្នាក់អាយុ ៥២ឆ្នាំ មានអាសយដ្ឋាន នៅភូមិមេលោង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ សាមីសព គឺជាពលករខ្មែរ ដែលបានធ្វើដំណើរ មកពីខេត្តឈុនបូរីនៃប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិអូស្មាច់នៃខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីបានពិនិត្យសុខភាពនៅច្រកអូស្មាច់រួចរាល់ ក៏មានការ ចាត់ចែងបញ្ជូនគាត់បន្តមកខេត្តត្បូងឃ្មុំ តាមរថយន្តដឹកជញ្ជូនរបស់យោធា មកដល់មណ្ឌលចត្តាឡីស័កកម្រិត២ នៃខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៧:០០នាទីព្រឹក និងបានយកវត្ថុ សំណាកផ្ញើទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញនៅថ្ងៃដដែល ហើយលទ្ធផលតេស្ត លើកទី១ របស់គាត់នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ គឺ អវិជ្ជមានវីរុសកូវីដ-១៩។

ជារៀងរាល់ព្រឹក ក្រុមគ្រូពេទ្យតែងតែពិនិត្យសុខភាពគាត់។ ដូចសព្វដងដែរ នាព្រឹកម៉ោង ប្រហែលជា ០៧:៣០នាទី នៃថ្ងៃទី០២ ខែមករាឆ្នាំ២០២១ ក្រុមគ្រូពេទ្យ ក៏បានពិនិត្យសុខភាពបុរសខាងលើសារជាថ្មី មិនមានសញ្ញាបង្ហាញពីភាពមិនប្រក្រតីនៃសុខភាពគាត់ឡើយ។ បន្ទាប់មក សាមីសព ក៏ បានវិលត្រឡប់ទៅបន្ទប់របស់ខ្លួន និងបានចូលទៅក្នុងបន្ទប់ទឹក ដោយសារបាត់យូរពេក ក៏មានការ ស្វែងរកដោយបានគាស់ទ្វារបន្ទប់ទឹក ហើយក៏បានឃើញសាមីសពដេកស្តូងស្ទឹងបាត់បង់ជីវិតទៅហើយនៅវេលាម៉ោង ០៩:១០នាទីព្រឹកនៃថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។

ក្រោយពីការពិនិត្យរបស់ក្រុមការងារកោសល្យវិច្ច័យ បានពិនិត្យលើខ្លួនសាកសព ឃើញមាន ស្នាមបែកក្បាលហូរឈាម ក្នុងស្ថានភាពរបៀបជាបានដួលបោកក្បាលទៅនឹងចានបង្គន់ផងដែរ។ ការ រាយការណ៍ពីភរិយាសព បានបញ្ជាក់ថា សាមីសពធ្លាប់មានជំងឺបេះដូង និងមានការព្យាបាលកន្លងមក នៅប្រទេសថៃជាយូរមកហើយដែរ។ សូមកត់សម្គាល់ថា តាំងពីថ្ងៃដែលសាមីសព បានចូលធ្វើចត្តាឡីស័កមកដល់ថ្ងៃដែលមានហេតុការណ៍ដួលក្នុងបន្ទប់ទឹករហូតដល់បាត់បង់ជីវិតនេះ គឺមិនមានការផ្តល់ ព័ត៌មានពីសាមីសពអំពីប្រវត្តិដែលគាត់ធ្លាប់មានជំងឺបេះដូង និងបានព្យាបាលនៅប្រទេសថៃកន្លងមកនេះដែរ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យកោសល្យវិច្ច័យ គឺ សាមីសពមានជំងឺចុកបេះដូង ហើយគាំងបេះដូងភ្លាមៗ ដែលធ្វើឱ្យដួលបោកក្បាលនឹងកន្ថោរបង្គន់ នៅវេលាម៉ោងប្រហែលជា ០៩:១០នាទីព្រឹកនៃ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។

ក្រសួងសុខាភិបាល សូមសំដែងនូវការសោកស្តាយជាអនេក នូវការបាត់បង់ជីវិតបុរសជាពលករ ខាងលើនេះ និងសូមចូលរួមចែករំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ សូមឲ្យវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ៖សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print