ភ្នំពេញ,ចាប់ពីថ្ងៃទី៦-១២ខែមករា ធាតុអាកាសនឹងចុះត្រជាក់ខ្លាំង សូមប្រជាពលរដ្ឋ និងជាពិសេស វីរៈកងទ័ព រស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបង្កើនការប្រុងប្រយ័ត្នថែទាំសុខភាព ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៃ ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ ២០២១។
ក្រសួងធនធានទឹក បានបញ្ជាក់ថា, នៅថ្ងៃទី៦-៨ ខែមករា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសាន ជាមធ្យម ,បើនៅថ្ងៃទី៩-១២ ខែមករា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានខ្លាំង ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី៩-១២ ខែមករា ធាតុអាកាសនឹងចុះត្រជាក់ខ្លាំង ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
– នៅថ្ងៃទី៩-១២ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៥-១៧ °C និងសីតុណ្ហភាពអតិបរមា មានពី ២៤-២៧ °c ។
២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១២-១៤ °C និងសីតុណ្ហភាពអតិបរមា មានពី ២៣-២៦ °C ជាមួយខ្យល់ខ្លាំង ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C សែន -សីតុណ្ហភាពអតិបរមា មាន ពី ២៩-៣២ °C។
នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៨ °C ជាមួយខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ។ ប្រជាពលរដ្ឋ និងជាពិសេស វីរៈកងទ័ព រស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូម បង្កើនការយកចិត្តទុកដាក់ ថែរក្សា សុខភាពចំពោះធាតុអាកាសចុះត្រជាក់ខ្លាំងនេះ ។ ដោយឡែក ប្រជានេសាទ និង អ្នកដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ៕
ដោយ, សុខ ខេមរា