រដ្ឋាភិបាលរុស្ស៊ី បានស្នើផ្តល់“ លិខិតឆ្លងដែនវ៉ាក់សាំង” ជូនពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩រួចរាល់ ដែលជាសកម្មភាពទប់ស្កាត់ការឆ្លង ក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស។
បណ្តាញទូរទស្សន៍ RT បានផ្សាយថា ប្រធានាធិបតី ពូទីនបានស្នើដល់មន្ត្រី ទទួលខុសត្រូវ ផ្តល់លិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ពលរដ្ឋរូបណាដែលបានចាក់រួចរាល់ ក្នុងគោលដៅធ្វើដំណើរចេញពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសផ្សេងទៀតជុំវិញពិភពលោក។
នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin ទទួលភារកិច្ចក្នុងការអនុវត្តសំណើរខាងលើរបស់ប្រធានាធិបតីពូទីន ។ កាតផ្តល់លិខិតបញ្ជាក់ពីការប្រើប្រាស់វ៉ាក់សាំងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមករាឆ្នាំ២០២១។
សមាគមន៍អាកាសចរណ៍ អន្តរជាតិ ដំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន២៩០ ក្រុមហ៊ុននៅលើពិភពលោក បានគាំទ្រដល់ គំនិតផ្ដល់«លិខិតឆ្លងដែនវ៉ាក់សាំង»ជូនពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងរួចរាល់ ដែលអាចធ្វើដំណើរទៅក្រៅប្រទេសបាន ដោយមិនបារម្ភពីការឆ្លងកូវីដ១៩។ នៅពេលដែលពលរដ្ឋមាន«លិខិតឆ្លងដែនវ៉ាក់សាំង»គឺអាចធ្វើដំណើរតាមយន្តហោះបាន។ ចំណែកអ្នកមិនទាន់ចាក់វ៉ាក់សាំងនឹងមិនអាចធ្វើដំណើរបានឡើយ ។
នៅថ្ងៃទី១១ខែសីហាឆ្នាំ២០២០រុស្ស៊ីបានអនុម័តចាក់វ៉ាក់សាំងដំបូងគេបង្អស់លើពិភពលោក។ គិតមកទល់ពេលនេះមានពលរដ្ឋរុស្ស៊ី៨សែននាក់ហើយបានចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩។ នៅពេលនេះរុស្ស៊ីបានបង្កើនការចាក់វ៉ាក់សាំង ជូនពលរដ្ឋដោយបង្កើតទីតាំងចាក់វ៉ាក់សាំងចំនួន៧០កន្លែងនៅទូទាំងប្រទេស៕ ដោយ៖ធីរីណា
រូបភាព៖TTXVN