ភ្នំពេញ ៖ នារីម្នាក់សង្ស័យ ខូចចិត្តរឿងស្នេហាស្រលាញ់ភេទដូចគ្នា បែរជាគូស្នេហ៍បែកចិត្តទៅ ស្រលាញ់មនុស្សប្រុសវិញ ធ្វើឱ្យនាងខូចចិត្ត មកអង្គុយយំ ប៉ុន្តែស្រាប់តែមានជនឆ្លៀតឱកាស មកលួងលោមនិងបន្លំលួចយកទូរស័ព្ទរបស់នាងទៀត ធ្វើអោយនាងគិតខ្លី មកលោតទឹកសម្លាប់ខ្លួន នៅស្ពានជ្រោយចង្វា ប៉ុន្តែមិនបានសម្រេច។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីម៉ោងជិត១ រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នារីដែលខូចចិត្តរឿងស្នេហា និង ប៉ុនប៉ងលោតទឹកនេះបានរៀបរាប់ថា រូបនាង ជាមនុស្សស្រឡាញ់ភេទដូចគ្នា ហើយមូលហេតុដែលធ្វើអោយ នាងតូចចិត្តគិតខ្លីប៉ុនប៉ងបញ្ចប់ជីវិត បែបនេះ គឺដោយសារតែ នាងតាមទាន់សង្សារកំពុងលួចទាក់ទងបង្កាត់ភ្លើង ស្នេហ៍ជាមួយសង្សារថ្មីជាមនុស្សប្រុស ក្នុង ផ្ទះស្នាក់នៅម្តុំផ្សារសូរិយា។
នារីរូបនេះបានបន្តថា ដោយសារតែនាងតាមទាន់ឃើញ សភាពបែបនេះផ្ទាល់នឹងភ្នែក ហើយមិនអាចទទួលយកបាន ទើបធ្វើអោយ នាងខូចចិត្តបានត្រឹមអង្គុយយំសោកសៅ តែម្នាក់ឯងនៅ ក្រោមផ្ទះបន្ទាប់មក ក៏មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានចូលមកលួងលោមនាង និងបានបន្លំលួចយកទូរស័ព្ទមួយគ្រឿងរបស់នាង រួចគេចខ្លួនបាត់ រឹតតែ ធ្វើអោយនាង តែលតោល ព្រោះសង្សារក៏បោះបង់ចោល រីឯទូរស័ព្ទក៏គ្មាន រកអ្វីទាក់ទងទៅអ្នកផ្ទះនៅស្រុកកំណើតមិនបាន ធ្វើឱ្យនាង សុញគំនិត គិតអ្វីលែងចេញក៏សម្រេចចិត្ត មកលោតទឹកលើស្ពាន ជ្រោយចង្វា ដើម្បីបញ្ចប់ជីវិត ប៉ុន្តែមិនបានសម្រេចនោះទេ ព្រោះមានអ្នកជួយឃាត់នាងទាន់ពេលវេលា។
ក្រោយកើតហេតុ នារីគិតខ្លីត្រូវសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលស្រះចកណែនាំ និងទាក់ទង ហៅសាច់ញាតិ អោយមកទទួលយកនាងត្រឡប់ទៅវិញ៕ជ្រោយពេជ្រ