យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Soccer News បានឲ្យដឹងកាលពីថ្ងៃទី៤ ខែមករាថា ក្លិប Athletic Bilbao បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីតែងតាំងលោក Marcelino ជាគ្រូបង្វឹកថ្មីរហូតដល់ឆ្នាំ២០២២ បន្ទាប់ពីបណ្តេញលោក Gaizka Garitano ចេញពីតំណែង។
ក្លិបនៅលីគកំពូលអេស្ប៉ាញមួយនេះបានបណ្តេញលោក Garitano ដែលបានចូលកាន់តំណែងកាលពីខែធ្នូ ឆ្នាំ២០១៨ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបានកត់ត្រាជ័យជម្នះ ១-០ លើក្រុម Elche កាលពីថ្ងៃអាទិត្យ។
លទ្ធផលនោះឃើញថា ក្រុម Athletic Bilbao កំពុងឈរនៅចំណាត់ថ្នាក់លេខ៩ក្នុងតារាង La Liga ដោយដេញតាមពីក្រោយក្រុម Barcelona ៧ពិន្ទុ។
អតីតគ្រូបង្វឹក Valencia លោក Marcelino ត្រូវបានប្រកាសតែងតាំងជាអ្នកជំនួស Garitano នៅថ្ងៃអាទិត្យភ្លាមៗដែរ។
ក្រុម Athletic Bilbaoបានប្រកាសថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយលោក Marcelino រហូតដល់ឆ្នាំ២០២២ ។
បន្ទាប់ពីទទួលបន្ទុកជាង២ឆ្នាំលោក Marcelino ត្រូវបានបណ្តេញចេញដោយក្លិប Valencia នៅខែកញ្ញា ឆ្នាំ២០១៩។ គាត់បានជួយក្លិប Valencia ឈ្នះពានរង្វាន់ Copa del Rey ក្នុងឆ្នាំ២០១៨-២០១៩ ៕ដោយ៖ភារៈ