អន្តរជាតិ៖ លោក អាប៊ូ បាការ បាសៀ បព្វជិតសាសនាឥស្លាមឥណ្ឌូណេស៊ី ដែលពាក់ព័ន្ធក្នុងការបំផ្ទុះគ្រាប់បែកនៅកោះបាលីសម្លាប់មនុស្សជាងពីររយនាក់ក្នុងឆ្នាំ២០០២ នឹងត្រូវដោះលែងឲ្យមានសេរីភាពនៅចុងសប្ដាហ៍នេះ។ បន្ទាប់ពីលោក បាសៀ ត្រូវបានទទួលការលើកលែងទោសពីប្រធានាធិបតី ក្រោយអនុវត្តទោសជិត១០ឆ្នាំរួចមក។
បេីតាមមន្ត្រីទីភ្នាក់ងារកែប្រែឥណ្ឌូណេស៊ី លោក Rika Aprianti បាននិយាយថា លោក បាសៀ នឹងត្រូវដោះលែងនៅថ្ងៃទី៨ ខែមករាដោយសាររយៈពេលអនុវត្តទោសរបស់លោកបានចប់សព្វគ្រប់។ ក្រោយការអនុវត្តទោស១០ឆ្នាំ បព្វជិតរូបនេះ នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ ក្រោយទទួលបានការលើកលែងទោស។
ចំពោះការស្នើដោះលែងឲ្យមេដឹកនាំសាសនារូបនេះ ត្រូវបានលើកឡើងជាច្រើនឆ្នាំមកហើយ ក្រោមហេតុផលសុខភាព និងវ័យជរា។លោកក៏ស្ថិតក្នុងក្រុមមនុស្សប្រឈមមុខហានិភ័យឆ្លងជំងឺកូវីដ-១៩ ខណៈដែលពន្ធនាគារឥណ្ឌូណេស៊ី ពោរពេញដោយអ្នកជាប់ឃុំច្រើនផងនោះ។
សូមជម្រាបថា លោក អាប៊ូ បាការ បាសៀ ត្រូវបានកាត់ទោសឲ្យគុកនៅឆ្នាំ២០១១ ចំពោះការផ្ដល់ហិរញ្ញវត្ថុដល់ក្រុមសកម្មជនក្នុងខេត្តអាឆេដែលជាខេត្តអភិរក្សសាសនាឥស្លាមដ៏តឹងរ៉ឹងនៅឥណ្ឌូណេស៊ី។ មានវ័យ៨២ឆ្នាំ លោក បាសៀ ដែលជាមេដឹកនាំក្រុមសកម្មជន ជេម៉ា អ៊ីស្លាមីយ៉ាហ៍ (JI) ក៏ត្រូវចោទថា ជាប់ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកនៅកោះទេសចរណ៍បាលីដ៏មានប្រជាប្រិយភាពសម្លាប់មនុស្សជាង២០០នាក់ ដែលភាគច្រើនជាអ្នកទេសចរបរទេស។
ពីរឆ្នាំមុន គម្រោងដោះលែងលោក បាសៀ ត្រូវបានលុបចោលវិញក្រោយមានមតិប្រឆាំងខ្លាំងទាំងនៅឥណ្ឌូណេស៊ី និងនៅអូស្ត្រាលី។អ្នកទេសចរអូស្ត្រាលីជាច្រើន បានស្លាប់ក្នុងការផ្ទុះនៅកោះបាលី ដែលជាការវាយប្រហារភេរវកម្មដ៏ធំមិនធ្លាប់មាន។ លោក បាសៀ បានបដិសេធរហូតមកចំពោះការចោទប្រកាន់ថា លោកជាប់ទាក់ទងការបំផ្ទុះនោះ។
គួររម្លឹកដែរថា ការបំផ្ទុះនេះ ក៏នាំឲ្យរដ្ឋាភិបាលឥណ្ឌូណេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអាមេរិក និងអូស្ត្រាលី ស្របពេលដែលក្រុមជ្រុលនិយម JI បង្កើនសកម្មភាពរបស់ខ្លួនកាន់តែខ្លាំងនៅឥណ្ឌូណេស៊ី និងក្នុងតំបន់។ JI ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ត្រូវបានបង្កើតនៅទសវត្សរ៍ឆ្នាំ១៩៨០ ដោយសកម្មជននិរទេសខ្លួនឥណ្ឌូណេស៊ីនៅម៉ាឡេស៊ី។
គួរបញ្ជាក់ថា ក្រៅពីការបំផ្ទុះគ្រាប់ឆ្នាំ២០០២ ក្រុមនេះ ក៏ទទួលខុសត្រូវការវាយប្រហារបំផ្ទុះឡាននៅសណ្ឋាគារ JW Marriott ក្នុងរដ្ឋធានីហ្សាការតា ឆ្នាំ២០០៣ និងការបំផ្ទុះឡាននៅក្រៅស្ថានទូតអូស្ត្រាលីនៅឆ្នាំបន្ទាប់៕ដោយ៖ស តារា
រូបថត AFP