ខេត្តកំពង់ស្ពឺ៖ គ្រឿងចក្រ(អាត្រាក់)សង្ស័យរបស់ឈ្មួញមានលុយមានអំណាច យកមកឈូសបង្គោលរបង លួសរបស់
ប្រជាពលរដ្ឋជាច្រើនគ្រួសារផ្ទុះការតវ៉ា ខណៈដែលក្រុមមន្ត្រីបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលដឹកនាំដោយលោក ថន ចាន់ ប្រធានស្នាក់ការទេទឹកពុះ បញ្ជាអោយគ្រឿងចក្រ(អាត្រាក់)នោះធ្វើការឈូសឆាយរបងរបស់ប្រជាពលរដ្ឋ រួចហើយប្រុងបោះបង្គោលថ្មជំនួសវិញ ប្រជាពលរដ្ឋសង្ស័យក្រុមមន្ត្រីបរិស្ថានធ្វើទង្វើរខាងលើនេះដើម្បីផ្គាប់ចិត្តឈ្មួញមានលុយមានអំណាច ទើបលួចលាក់ធ្វើទាំងបំពានបែបនេះ។
តាមការឲ្យដឹងពីប្រជាពលរដ្ឋម្ចាស់ដីមានឈ្មោះ ម៉ូត នឿន ភេទស្រី អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិក្បាលដំរី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននិយាយឲ្យក្រុមអ្នកសារព័ត៌មានថា រូបអ្នកស្រីក៏ដូចជាប្រជាពលរដ្ឋរស់នៅក្បែរៗដែលមាន ឈ្មោះ សឿន រិម ភេទស្រី ៣១ឆ្នាំ .ឈ្មោះហេម ហ៊ីម ភេទស្រី អាយុ២៥ឆ្នាំ. ឈ្មោះ ហាំង សឿន ភេទប្រុស អាយុ ៥២ឆ្នាំ. ឈ្មោះ សុត វិបុត្រ ភេទប្រុស អាយុ៣១ឆ្នាំ. ឈ្មោះសុត សំបូរ ភេទប្រុស អាយុ២៧ឆ្នាំ. ឈ្មោះ សៀង សុវណ្ណា ភេទស្រី អាយុជាង៥០ឆ្នាំ និងឈ្មោះ ឃឹម ស្រីពៅ ភេទស្រី អាយុ៣០ឆ្នាំ បានកាប់ឆ្ការព្រៃដោយដៃ មានកាំបិត ពូថៅ ចបជីក ចបកាប់ រហូតបានធ្វើស្រែស្រូវតាំងពីឆ្នាំ១៩៩៧ មកម្លេះ។ រហូតដល់ឆ្នាំ២០១២ ក្រុមនិស្សិតរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាកម្ពុជាធ្វើការចុះវាស់វែងលក្ខណះជាប្រពន្ធ័ (ឬហៅថាប្លង់០១) ប្រជាពលរដ្ឋទាំងអស់គ្នាមានការសប្បាយចិត្តខ្លាំងណាស់ដោយបានកាន់កាប់ដីស្របច្បាប់ បានធ្វើស្រែ ចំការ អាស្រ័យផលលើដីរៀងៗខ្លួន ហើយពេលនោះដោយក្រុមគ្រួសារនិមួយៗ មានកូន មានចៅកើនឡើងច្រើនទៅៗ ក៏កាប់រានបន្តដីកន្ទុយ(ជាប់គ្នា)ដើម្បីកាន់កាប់បន្តដោយមានអាជ្ញាធរភូមិក្បាលដំរី ឃុំត្រពាំងជោទទួលស្គាល់។រហូតដល់ពាក់កណ្តាលឆ្នាំ២០២០ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលកាន់កាប់អាស្រ័យផលលើដី នោះបានចុះបញ្ជីកាន់កាប់ស្របច្បាប់ ប៉ុន្តែមិនទាន់ធ្វើការវាស់វែងនៅឡើយទេ។ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្រាប់តែមានក្រុមជនខិលខូចយកបង្គោលមកបោះចំពាក់កណ្តាលដីប្លង់(០១)របស់គាត់ដែលក្រុមនិស្សិតវាស់វែងនោះ។ មិនតែប៉ុណ្ណោះនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ ស្រាប់តែលេចមុខក្រុមមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាច្រើនអ្នក មានគ្រឿងចក្រ(អាត្រាក់) ដែលដឹកនាំលោក ថន ចាន់ ប្រធានស្នាក់ការរងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ទេទឹកពុះ ដើម្បីធ្វើការឈូសបំផ្លិចបំផ្លាញរបងលួសដែលប្រជាពលរដ្ឋហ៊ុំព័ទ្ធជាយូរមកហើយ មិនតែប៉ុណ្ណោះ មានមនុស្សចាំបោះបង្គោលថ្ម ក្រោយពីឈូសរបងពលរដ្ឋរួចនោះ ហើយត្រូវបានបែករឿងដឹងដល់ក្រុមអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាព។
មន្ត្រីបរិស្ថានដែនជម្រកដែលចុះនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ បាននិយាយថាពួកគេចុះមកអនុវត្តន៍រុះរើ តាមបញ្ជាររបស់មេ ថ្នាក់លើរបស់ពួកគាត់ទេ ចង់បានព័ត៌មានច្បាស់ សូមអ្នកសារព័ត៌មានសួរទៅលោក ប្រធានការិយាល័យដែនទៅ និយាយរួចក្រុមមន្ត្រីដែនជម្រកសត្វព្រៃដឹកយកបង្គោលរបង របស់ប្រជាពលរដ្ឋតាមគោយន្តកន្ត្រៃយកទៅរក្សាទុក។
តាមប្រជាពលរដ្ឋរងគ្រោះម្ចាស់ដីបាននិយាយបន្ថែមថា កន្លងមកដីរបស់គាត់មានឈ្មួញចរចារ ទិញ ដែលមានឈ្មោះ យិន ជាមន្ត្រីនៅសាលាឃុំត្រពាំងជោ និងឈ្មោះ ធី ជាអ្នកគួកជេដី ល្បីឈ្មោះប្រចាំតំបន់ស្ពានដែក។ ប្រជាពលរដ្ឋគិតថាទង្វើររបស់មន្ត្រីបរិស្ថានដែនជម្រក គឺចង់បានដីរបស់ពួកគាត់ទាំង១១គ្រួសារនេះ ដើម្បីផ្គាប់ចិត្តក្រុមគួកជេដី និងអ្នកមានលុយមានអំណាច មកធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់។ ដោយចុះមករុះរើ មានស្ពាយកាំភ្លើងច្រងេងច្រង៉ាង មកគំរាមប្រជាពលរដ្ឋគ្មានអ្វីក្នុងដៃទាល់តែសោះ ហាក់បីដូចជាទៅធ្វើសង្គ្រាម ច្បាំងជាមួយសត្រូវអញ្ចឹង អ្វីដែលហួសចិត្ត គឺឈូសរបងលួស ហើយជញ្ជូន យកទៅប្រុងដាក់បោះបង្គោលថ្មីទៅវិញ។
ជាចុងក្រោយប្រជាពលរដ្ឋទាំង១១គ្រួសារម្ចាស់ដីធ្វើការសំណូមពរដល់លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ និងជាពិសេស ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយពួកគាត់ផង។
ពាក់ពន្ធ័និងក្រុមមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចុះមករុះរើរបងប្រជាពលរដ្ឋផ្ទុះការតវ៉ានេះ អ្នកយកព័ត៌មានយើង ទូរសព្ទ័ទៅលោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់សុំការបំភ្លឺដែរ ប៉ុន្តែខលទៅលេខទូរសព្ទ័របស់លោក មិនអាចទំនាក់ទំនងបានទេ៕
ដោយ៖សេនាស័ក្តិ