លោក ឃួង ស្រេង៖ អំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមបន្ដថែ រក្សាសន្តិភាពដែលកម្ពុជាកំពុងមានបច្ចុប្បន្ន ពិសេស ថ្ងៃ៧ មករា

ចែករំលែក៖

ភ្នំពេញ៖ កំណើននៃសំណង់អគាររីកដុះដាលគួរឱ្យកត់សម្គាល់នៅក្នុងរាជធានីភ្នំពេញ ដែល បច្ចុប្បន្នរាជធានីមួយនេះមានអគារខ្ពស់ៗជាង ២.០០០អគារ។ សមិទ្ធិផលទាំងអស់នេះ អាចកើតមានឡើងបានដោយសារកត្តាសន្តិភាព ដូច្នេះប្រជាពលរដ្ឋត្រូវបន្តរក្សាសន្តិភាពដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន។ នេះជាប្រសាសន៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

      ការអំពាវនាវរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ក្នុងឱកាសកម្ពុជាប្រារព្ធទិវាអបអរសាទរខួបទី៤២ ឆ្នាំ នៃជ័យជំនះ ថ្ងៃ៧មករា ។ លោក បានអំពាវនាវថា សន្តិភាពរបស់កម្ពុជានៅពេលនេះគឺ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងយកមកដោយលំបាក កាលពីថ្ងៃទី៧ មករា១៩៧៩ ហើយមកដល់ឆ្នាំ២០២១គឺ មានអាយុកាល ៤២ឆ្នាំហើយ។

   លោក ឃួង ស្រេង បានលើកឡើងថា ថ្ងៃ៧ មករា ជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋកូនចៅជំនាន់ក្រោយទាំងអស់ត្រូវចងចាំ ព្រោះជាថ្ងៃដែលថ្នាក់ដឹកនាំកម្ពុជាបានរំដោះប្រជាពលរដ្ឋចេញពីការកាប់ សម្លាប់ដោយរបបប៉ុលពត។ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែរំដោះប្រទេសចេញពីការកាប់សម្លាប់ប៉ុណ្ណោះទេ តែសម្ដេចបានកសាងអភិវឌ្ឍន៍ប្រទេសជាតិចេញពីចំណុច សូន្យឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យថែមទៀត ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ចកើនឡើងជាប្រចាំ។

   សូមបញ្ជាក់ថា រាជធានីភ្នំពេញមានអគារខ្ពស់ៗ ចាប់ពី៧ជាន់ឡើងទៅចំនួនជាង ២០០០ អគារ កំពុងបង្ហាញឱ្យពិភពលោកមើលឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់សម្ដេចតេជោ។ ដូច្នេះយើងកុំរម្លឹកពីការឈឺចាប់ ដែលនាំឱ្យយើងឈឺចាប់ជាថ្មីម្ដងទៀត ប៉ុន្តែសម្រាប់ការរម្លឹកថ្ងៃ៧មករាឆ្នាំ១៩៧៩ យើងត្រូវតែរម្លឹកដើម្បីឱ្យកូនចៅជំនាន់ក្រោយៗបានដឹងពីការឈឺចាប់ ដែលប្រជាពលរដ្ឋកម្ពុជាបានទទួលរងទុក្ខសោកដោយការកាប់សម្លាប់ជាតិសាសន៍ឯងរហូតដល់ជាង៣លាននាក់។

     ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតក្នុងការថែរក្សាសន្តិភាព ជៀសវាងធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងភ្នក់ ភ្លើងសង្គ្រាមជាថ្មីម្ដងទៀត។ នេះជាការលើក ឡើងដោយ លោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print