អន្តរជាតិ៖ បើយោងតាមសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករាឆ្នាំ២០២១នេះ បានចុះផ្សាយថា អំពើហិង្សាក្នុងទីក្រុងវ៉ាស៊ីនតោន ជាទីដែលក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលអគារវិមានរដ្ឋសភា (Capitol) សំដៅរារាំងកុំឱ្យសភាទទួលស្គាល់ជាផ្លូវការនូវជ័យជម្នះរបស់លោក ចូ បៃឌិន ត្រូវបានបណ្ដាមេដឹកនាំពិភពលោកធ្វើការថ្កោលទោសយ៉ាងខ្លាំង។
សូមជម្រាបថា កាលពីថ្ងៃពុធម្សិលមិញនេះ ភាពចលាចលបានបង្ខំឱ្យសភាអាមេរិកផ្អាកសម័យប្រជុំរបស់ខ្លួន ដែលប្រព្រឹត្តទៅក្នុងគោលបំណងទទួលស្គាល់ជាផ្លូវការនូវជ័យជម្នះរបស់លោក ចូ បៃឌិន ជាប្រធានាធិបតីអាមេរិកទី៤៦។
ជាក់ស្តែងជាការឆ្លើយតបទៅនឹងភាពចលាចលក្នុងសហរដ្ឋអាមេរិក មេដឹកនាំពិភពលោកក្នុងនោះរួមមានបារាំង កាណាដា និងអង់គ្លេសជាដើម បានអំពាវនាវឱ្យមានសន្តិភាព និងការផ្ទេរអំណាចដោយសន្តិវិធី ហើយពួកគេថែមទាំងចាត់ទុកផងដែរថា អ្វីដែលបាននិងកំពុងកើតឡើងនៅឯអគាររដ្ឋសភាអាមេរិក គឺជាព្រឹត្តិការណ៍ដ៏រន្ធត់ និងជាការវាយប្រហារលើប្រជាធិបតេយ្យ។
ក្រោយភាពចលាចលដែលបានកើតឡើងដោយសារតែការបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់ខ្លួន លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យក្រុមអ្នកគាំទ្ររបស់លោក ដកថយចេញពីអគាររដ្ឋសភាត្រលប់ទៅផ្ទះវិញហើយ រីឯសភាអាមេរិកក៏បានចាប់ផ្ដើមដំណើរការ សម័យប្រជុំឡើងវិញផងដែរ។
គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ មានមនុស្សម្នាក់បានបាត់បង់ជីវិត ខណៈទីភ្នាក់ងារ FBI បានអះអាងថា ខ្លួនបានទប់ស្កាត់ជនសង្ស័យពីរនាក់ ដែលគ្រោងប្រើគ្រឿងផ្ទុះ៕ដោយ៖ស តារា