សភាអាមេរិកបានប្រកាសជាផ្លូវការហើយ គឺលោកបៃឌិនជាអ្នកឈ្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០ ។ នៅពេលនេះលោកត្រាំ បានព្រមផ្ទេរអំណាច ប៉ុន្តែមុនពេលចាកចេញលោកត្រាំ បានបន្សល់ទុកឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រអាមេរិក។
អនុប្រធានាធិបតីអាមេរិក លោកMike Pence ដែលបានដឹកនាំកិច្ចប្រជុំសភាបានប្រកាសថា លោកបៃឌិន និងលោកស្រី កាម៉ាឡា ហារីសជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីនិងអនុប្រធានាធិបតី។ លោក Mike Pence បានប្រកាសថា លោកបៃឌិន ទទួលបានសំឡេងគាំទ្រ៣០៦ ចំណែកលោកត្រាំទទួលបានតែ២៣២សំឡេងប៉ុណ្ណោះ ។ ដូច្នេះលោកបៃឌិនក្លាយជាប្រធានាធិបតីទី៤៦របស់អាមេរិក។ នៅវេលាថ្ងៃត្រង់ថ្ងៃទី២០ខែមករា(ពេលវេលាអាមេរិក) លោកបៃឌិននិងលោកស្រី ហារីសនឹងស្បថចូលកាន់តំណែង។
ក្រោយអនុប្រធានាធិបតី Mike Pence ប្រកាសថា លោកបៃឌិនជាអ្នកឈ្នះទើបប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសព្រមចុះចាញ់ហើយផ្ទេរអំណាចប្រធានាធិបតីអាមេរិកប្រកបដោយសន្តិភាព។
ពាក់ព័ន្ធនឹងការធ្វើបាតុកម្មវាយប្រហារវិមានរដ្ឋសភាគឺបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ ហើយមានបាតុករ៥២នាក់ត្រូវបានចាប់ខ្លួនផងដែរ។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ប្រសិនបើលោកត្រាំព្រមចុះចាញ់តាំងពីពេលដំបូង លោកនឹងក្លាយជាបុគ្គលដ៏ល្អមួយរូបរបស់អាមេរិក ដែលខិតខំធ្វើឲ្យអាមេរិកកាន់តែខ្លាំងឡើង។ ផ្ទុយទៅវិញ ការមិនព្រមចុះចាញ់ ហើយជំរុញអ្នកគាំទ្រឱ្យធ្វើបាតុកម្មនៅវិមានកាពីតូល (អគាររដ្ឋសភា) ធ្វើឲ្យលោកបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អាមេរិក ក្នុងពេលចុងក្រោយ នៃការបញ្ចប់អាណត្តិ៕
ដោយ៖ធីរីណា