មន្ត្រីជាច្រើនរូបនៅសេតវិមានបានសម្រេចលាលែងចេញពីតំណែង ដោយមិនចង់ជាប់ឈ្មោះអាក្រក់ថាគាំទ្រលោកត្រាំក្នុងសកម្មភាពតវ៉ាប្រឆាំងនិងរដ្ឋសភានោះទេ ។ ការលាលែងកើតឡើងក្រោយពេលអ្នកគាំទ្រលោកត្រាំ អុកឡុករដ្ឋសភាធ្វើឲ្យរាំងស្ទះកិច្ចប្រជុំ។
សារព័ត៌មាន CNN បានដកស្រង់សម្តីមន្ត្រីសេតវិមានដែលបានឲ្យដឹងថា លេខាព័ត៌មាននៅសេតវិមាន Stephanie Grisham បានដាក់លិខិតលាលែងចេញពីតំណែងភ្លាមៗ។ ក្រៅពីនេះនៅមានលេខាសេតវិមានទទួលបន្ទុកសង្គម Anna Cristina “Rickie” ក៏បានដាក់លិខិតលាលែងពីតំណែងផងដែរ។
លោកស្រីAnna Cristina “Rickie” និង Niceta ជាមន្ត្រីដែលបម្រើការយូរបំផុតនៅសេតវិមានក្នុងរដ្ឋកាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ។ ចំណែកលេខាព័ត៌មានសេតវិមានលោកស្រី Sarah Matthew បានលាលែងចេញពីតំណែងនៅយប់ថ្ងៃទី៦ខែមករាឆ្នាំ២០២១។ លោកស្រីបានលើកឡើងថា «ខ្ញុំពិតជារីករាយដែលបានធ្វើការជាមួយប្រធានាធិបតីដូណាល់ ត្រាំ ប៉ុន្តែអ្វីដែលខ្ញុំបានឃើញថ្ងៃនេះ ធ្វើឲ្យខ្ញុំបារម្ភយ៉ាងខ្លាំង»។ លោកស្រីបន្តទៀតថា«ទឹកដីរបស់យើងត្រូវការផ្លាស់ប្តូរអំណាចដោយសន្តិភាព មិនត្រូវមានអំពើហិង្សាកើតឡើងបែបនេះឡើយ។
ការធ្វើបាតុកម្មដែលមានលោកត្រាំនៅពីក្រោយ ធ្វើឲ្យសង្គមអាមេរិកបែកបាក់កាន់តែខ្លាំង។ មិនតែប៉ុណ្ណោះមុខមាត់របស់អាមេរិកនៅលើពិភពលោកក៏ត្រូវបាត់បង់នោះដែរ។ មេដឹកនាំប្រទេសជាច្រើនជុំវិញពិភពលោកបានថ្កោលទោសយ៉ាងខ្លាំងដល់អ្វីដែលបានកើតឡើងនៅវិមានរដ្ឋសភាកាពីតូល៕ ដោយ៖ធីរីណា
ទីប្រឹក្សាសន្តិសុខជាតិរ៉ូបឺតអូប៊ីរីត្រូវគេជឿថាកំពុងពិចារណាលាលែងពីតំណែង។ រូបថត៖ Getty