អន្តរជាតិ៖ បន្ទាប់ពីមានអំពេីហិង្សាបណ្ដាលឲ្យមនុស្សចំនួន ០៤នាក់បានស្លាប់ នៅពេលក្រុមអ្នកគាំទ្រប្រធានាធិបតី ជិតអស់អាណត្តិនៅអាមេរិក លោក ដូណាល់ ត្រាំ បានចូលអុកឡុកវិមានសភា (Capitol Hill) ដើម្បីព្យាយាមរារាំងដល់ ការបោះឆ្នោតទទួលស្គាល់ជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន។ ស្រាប់តែភ្លាមៗនៅយប់ថ្ងៃពុធ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ទី០៧ ខែមករានេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោកស្រី Muriel Bowser អភិបាលរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី បានសម្រេចចិត្តអូសបន្លាយការដាក់រដ្ឋធានីមួយនេះក្នុងភាពអាសន្ន រយៈពេល១៥ថ្ងៃ ពោលគឺរហូតដល់ក្រោយលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករានេះ។
បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១ បានចុះផ្សាយការប្រកាសដាក់ចេញបទបញ្ជាថ្មីខាងលើរបស់លោកស្រី Muriel Bowser កើតមានឡើង បន្ទាប់ពីលោកស្រី បានប្រកាសដាក់បម្រាមគោចរលើរដ្ឋធានីវ៉ាស៊ីនតោន ឆ្លើយតបទៅនឹងភាពចលាចល នៅឯវិមានសភាអាមេរិក។ ខណ:កាលពីរសៀលថ្ងៃពុធម្សិលមិញនេះ ក្រុមកុបករគាំទ្រលោក ដូណាល់ ត្រាំ បានចូលកាន់កាប់វិមានសភាអាមេរិក និងប្រឈមគ្នាជាមួយអាជ្ញាធរអស់រយៈពេលរាប់ម៉ោង មុនពេលពួកគេត្រូវបានអាជ្ញាធរបង្រ្កាបឲ្យចេញទៅវិញ នៅវេលាល្ងាច ថ្ងៃដដែល។
បេីតាមការបញ្ជាក់ពីប៉ូលីសអាមេរិក ក៏បានរកឃើញ គ្រាប់បែកច្នៃចំនួន ០២គ្រាប់ នៅក្បែរគណៈកម្មាធិការជាតិបក្សប្រជាធិបតេយ្យ និងគណៈកម្មាធិការជាតិបក្ស សាធារណរដ្ឋផងដែរ។ ចំណែកនៅ ក្នុងបរិវេណវិមាន Capitol Hill អាជ្ញាធរបានរកឃើញរថយន្តមួយគ្រឿងដែលមានកាំភ្លើងវែងមួយដើម និងគ្រាប់បែកសាំងមួយចំនួន។ ក្រុមកុបករគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលអុកឡុកវិមានសភា (Capitol Hill) ដើម្បីព្យាយាមរារាំងដល់ ការទទួលស្គាល់ជ័យជម្នះរបស់លោកជាប្រធានាធិបតីអាមេរិកថ្មី។ មិនតែប៉ុណ្ណោះមនុស្សសរុបចំនួន ០៤នាក់បានស្លាប់ នៅក្នុងភាពចលាចលនេះដែរ។
បច្ចុប្បន្នលោក ដូណាល់ ត្រាំ រហូតមកទល់នឹងពេលនេះ មិនបានទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ ដោយនៅតែបន្តចោទប្រកាន់ដដែលថាការបោះឆ្នោតប្រធានាធិបតីកាលពី ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានលួចបន្លំ។ ការប្រកាន់ជំហរបែបនេះរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថាគឺជាផ្នែកមួយនៃការលើកទឹកចិត្តឱ្យក្រុមអ្នកគាំទ្ររបស់លោក ធ្វើបាតុកម្ម និងសម្រុកចូលសភា ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោត៕ដោយ៖ស តារា