ប្រធានបេសកម្មគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម កោតសរសើរស្នាដៃការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ប្រចាំនៅកម្ពុជា លោកស្រី ឌីណា ហ្វីស៊ើរ  កាលពីថ្ងៃទី០៦ខែមករា ឆ្នាំ២០២១បានថ្លែងកោតសរសើរចំពោះស្នាដៃបំពេញការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន ហ៊ុនសែន ជាប្រធាន។

លោកស្រីប្រធានបេសកកម្ម ICRC ថ្លែងក្នុងឱកាសចុះកិច្ចព្រមព្រៀងជាមួយកាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០២១ ដើម្បីផ្ដល់ថវិកាជាង១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា បន្ដប្រតិបត្ដិការការងារមនុស្សធម៌ សង្គ្រោះជនងាយរងគ្រោះ និងរងគ្រោះបំផុតនៅកម្ពុជា។

ក្នុងពិធីនេះដែរ បានប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកស្រី ឌីណា ហ្វីស៊ើរ ប្រធានបេសកកម្ម ICRC ប្រចាំនៅកម្ពុជា និងសមាសភាពមួយចំនួនទៀត។

ក្នុងឱកាសនោះ លោកស្រី ឌីណា ហ្វីស៊ើរ ប្រធានបេសកកម្ម ICRC ប្រចាំនៅកម្ពុជា ក៏បានថ្លែងបញ្ជាក់ថា «ខ្ញុំពិតជាពេញចិត្ដណាស់ និងសូមកោតសរសើរចំពោះស្នាដៃបំពេញការងារ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន»

លើសពីនោះលោកស្រីបានប្ដេជ្ញាចិត្ដ នឹងខិតខំបំពេញតួនាទី និងពង្រឹងកិច្ចសហប្រតិបត្ដិការនេះ ឱ្យកាន់តែល្អបន្ថែមទៀត។

ជាមួយគ្នានោះ លោកស្រី ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ ICRC និងយកថវិកានេះទៅប្រើប្រាស់លើការងារគោលសំខាន់ៗចំនួន៥ រួមមាន៖

១៖ ការងារស្ដារទំនាក់ទំនងគ្រួសារ ដែលការងារនេះ បានធ្វើដោយគ្របដណ្ដប់ទូទាំងប្រទេស

២៖ ការការពារបដិរូបលើកកម្ពស់គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្ដរជាតិ

៣៖ សុវត្ថិភាពសហគមន៍ និងពិការភាព

៤៖ បន្ដតាមដានការរីកចម្រើន នៃការអនុវត្ដក្រមខណ្ឌបំពេញការងារ ប្រកបដោយសុវត្ថិភាព

៥៖ ការងារបន្ទាន់ផ្សេងៗ (កូវីដ១៩)

លោកស្រី ពុំ ចន្ទីនី បានថ្លែងបន្ដថា កំលុងវិបត្ដិកូវីដ១៩ ICRC ក៏បានជួយឧបត្ថម្ភថវិកា ជាង៤ម៉ឺនដុល្លារ ដើម្បីជួយជំរុញកម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា កាន់តែរឹងមាំ។

សូមជម្រាបថា ICRC មានកិច្ចសហប្រតិបត្ដិការល្អជាមួយកាកបាទក្រហមកម្ពុជា ក្នុងគ្រប់ស្ថានភាពនយោបាយ ជាពិសេស ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ហើយការជួយឧបត្ថម្ភដល់ កាកបាទក្រហមកម្ពុជា ធ្វើតាមតាមរូបភាព ផែនការប្រចាំឆ្នាំ ជួយបច្ចេកទេសពង្រឹងការអនុវត្ដន៍ច្បាប់ មនុស្សធម៌អន្ដរជាតិ និងការអនុវត្ដកម្មវិធីជាក់លាក់ដូចជា៖ ផ្សព្វផ្សាយលើកកម្ពស់គោលការណ៍គ្រឹះ សួរសុខទុក្ខអ្នកទោស ស្ដារទំនាក់ទំនងគ្រួសារ។

ចាប់ពីឆ្នាំ២០០០ រៀងមក ICRC និងកាកបាទក្រហមកម្ពុជា ចុះកិច្ចព្រមព្រៀងសហការជាមួយគ្នា៣ឆ្នាំម្ដង។ កិច្ចព្រមព្រៀងចុងក្រោយសម្រាប់ឆ្នាំ ២០១៩២០២០ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩, កាកបាទក្រហមកម្ពុជា ក៏បានទទួលថវិកាពី ICRC សរុបចំនួន ២៨១,២៧៤.៩៨ដុល្លារ។

ចាប់ថ្ងៃពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា បានទទួលថវិកាពី ICRC សរុបចំនួន ៧០៩,៧៦៤.៤៦ដុល្លារ សម្រាប់កម្មវិធីខាងលើនេះ។ ជាមួយគ្នានេះ ICRC ក៏បានជួយឧបត្ថម្ភសម្រាប់ការចូលរួមរបស់កាកបាទក្រហមកម្ពុជា នៅក្នុងវេទិកាអន្ដរជាតិមួយចំនួនផងដែរ៕ដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print