កីឡាករ សុខ លឹមហេង ឈ្នះជើងឯកថ្នាក់ជាតិកីឡាអុកចត្រង្គ

ចែករំលែក៖

ភ្នំពេញ, កីឡាករ សុខ លឹមហេង ដណ្តើមបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតកីឡា អុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បន្ទាប់ពី បានយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ ជាមួយកីឡាករ ជើងខ្លាំង និងជា អតីតស្តេចអុក ឈាវ បូរ៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅក្លឹបសេះខៀវ រាជធានីភ្នំពេញ។

កីឡាករ អុកចត្រង្គ សុខ លឹមហេង ក៏ជាម្ចាស់ជ័យលាភី ចំណាត់ថ្នាក់លេខ១ នៅក្នុង ការប្រកួតនានា នាពេលកន្លងមកដែរ ហើយនៅក្នុង ជើងឯកថ្នាក់ជាតិ ដែលបានបិទបញ្ចប់ ដោយជោគជ័យ ម្សិលមិញ យុវជន ដ៏លេខធ្លោរូបនេះ បានបង្ហាញនូវភាពខ្លាំង របស់ខ្លួនដោយឆ្លងកាត់១៥ប្រកួត សរុប១២ពិន្ទុ ដណ្តើមបាន លេខ១ ខណៈគូប្រជែង ដ៏សំខាន់នៅវគ្គផ្តាច់ព្រ័ត្រ កីឡាករ ឈាវ បូរ៉ា ឆ្លងកាត់ ១៥ប្រកួតដូចគ្នា ដោយមានត្រឹម១០.៥ពិន្ទុ។

ថ្លែងនៅក្នុងឱកាស បិទការប្រកួតប្រកួតកីឡា អុកចត្រង្គ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ក្រោមការរៀបចំ របស់សហព័ន្ធកីឡា អុកចត្រង្គកម្ពុជា និងកិច្ចសហការ ជាមួយក្រសួង អប់រំ យុវជន និងកីឡា, លោក ទុយ ប៊ុនហឿន អនុប្រធាន នាយកដ្ឋាន អប់រំកាយ និងកីឡា នៃក្រសួង អប់រំ យុវជន និងកីឡា លើកឡើងថា ក្នុងនាមនាយកដ្ឋានជំនាញ ដែលជាសេនាធិការ របស់ក្រសួងអប់រំ បានចូលរួម អបអរសាទរ ចំពោះសហព័ន្ធកីឡា អុកចត្រង្គកម្ពុជា ដែលបានរៀបចំ កម្មវិធីប្រកួតកីឡា អុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំថ្នាំ២០២០នេះឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ សមត្ថភាពកីឡាករ ក៏ដូចជាការបង្ហាញ និងផ្សព្វផ្សាយកីឡា អ្នកចត្រង្គកម្ពុជា ដែលជាកីឡា ប្រពៃណ៏ជាតិដល់យុវជជំនាន់ក្រោយឲ្យ បានស្គាល់ពីបច្ចេទេស ក្នុងការលេងអុកចត្រង្គនេះ។

អនុប្រធាន នាយកដ្ឋាន អប់រំកាយ និងកីឡារូបនេះ បានលើកឡើងនូវ ការអនុវត្ត តាមគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍវិស័យ អប់រំកាយ និងកីឡា និងយុទ្ធសាស្ត្រ កំណែទម្រង់ អនុវិស័យ អប់រំកាយ និងកីឡា ដើម្បីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយក្រសួង អប់រំ យុវជន និងកីឡា បានផ្តល់ថវិកាគាំទ្រ ប្រចាំឆ្នាំ ដល់សហព័ន្ធកីឡាជាតិ នានា ក្នុងកិច្ចការរដ្ឋបាល ការបណ្តុះបណ្តាល និងការប្រកួត។ នៅក្នុងឆ្នាំ២០២០ ក្រសួងអប់រំ បានផ្តល់ថវិកាគាំទ្រ ដល់សហព័ន្ធកីឡាជាតិ ចំនួន៤២ សរុបថវិកា ចំនួន ៣.១០០.០០០.០០០ រៀល ក្នុងនោះសហព័ន្ធកីឡា អុកចត្រង្គទទួលបាន ៦០លានរៀល សម្រាប់ជំនួយដល់ដំណើរ ការអភិវឌ្ឍនៃវិស័យកីឡាមួយនេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

ប្រភព: ទទក

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print