មានរឿងមួយដំណាលថា មានចៅម្នាក់កើតនៅក្នុងត្រកូលអ្នកធុនល្មមមួយនៅទីជនបទ ។ ចៅនោះជាក្មេងល្ងង់ហួសពេកណាស់ ខាងផ្នែកបញ្ញាស្មារតី សូម្បីតែអ្វី ៗ ដែលសាមញ្ញ ងាយស្រួលបំផុតក្ដី ក៏វាមិនអាចកើតឃើញ ឬយល់បានដែរ ។ បើមានគេប្រាប់ពន្យល់អ្វីបន្តិចបន្តួច ចៅនេះចាប់បានតែមួយភ្លែតប៉ុណ្ណោះ រួចភ្លេចទៅវិញភ្លាម ។ ព្រោះហេតុដូច្នោះហើយ ទើបបានជាគេតែងហៅចៅនោះថា «អាល្ងង់សព្វជតិ» ។ លុះចៅនោះមានវ័យវឌ្ឍនាការធំពេញរូបរាងកន្លងបានយូរទៅហើយកាលណាក្ដី ក៏គេគ្មានឃើញអ្វីថា ជាការរីកចំរើនដុះដាលខាងប្រាជ្ញាសោះ ។ នៅក្នុងដំណាក់កាលនោះ ចៅល្ងង់សព្វជាតិ ស្រាប់តែកើតចិត្តប្រតិព័ទ្ធលើស្រី ៗ រហូតដល់សុំអោយម្ដាយឪពុកទៅស្ដីដណ្ដឹងកូនគេអោយ ។ ដោយលុះក្នុងក្ដីអាណិតអាសូរកូន ហើយមានគំនិតថា ទោះបីម្ដេចម្ដា ក៏ថ្ងៃមុខថ្ងៃក្រោយទៅ គេត្រូវតែទុកដាក់កូនចៅអោយមានគូស្រករ ទើបស្វាមីភរិយាទាំងពីរអង្គារសម្រេចគ្នាថា ត្រូវតែព្រមព្រៀងតាមបំណងរបស់កូន ។
ក្រោយពីនោះមន្តិចមក ម្ដាយឪពុកចៅល្ងង់សព្វជាតិ ក៏ទៅមើលកូនគេម្នាក់ នៅមិនឆ្ងាយប៉ុន្មានពីស្រុកភូមិរបស់ខ្លួនទេ ។ ចៅនោះក៏ទៅជាមួយផងដែរ ។ ការចូលចែចូវ ក៏ទៅជាត្រូវរ៉ូវគ្នានាពេលនោះតែម្ដង ។ ទាំងសងខាងបានព្រមព្រៀងគ្នាថា ៣ ខែទៀត នឹងភ្ជាប់ពាក្យ ទាំងលើកជំនូនមកជាមួយផង ហើយ ៣ ខែក្រោយមកទៀត នឹងរៀបការ ។ កម្មវិធីនោះ ត្រូវបានអនុវត្ត ដូចបានគ្រោងទុក ។ ពិធីរៀបអាពាហ៍ពិពាហ៍បានប្រព្រឹត្តទៅអ់ ៣ ថ្ងៃ ៣ យប់ រួចហើយ កូនប្រុសក៏នៅផ្ទះខាងស្រី ។
លុះចូលខែជាគម្រប់ទី ៣ បន្ទាប់ពីរៀបការមក ប្រពន្ធចៅល្ងង់សព្វជាតិ ក៏ឆ្លងទន្លេបានកូនមួយ ។ ចៅនោះសប្បាយចិត្តណាស់ ។ ចៅខំប្រឹងថែទាំបំរើប្រពន្ធសព្វបែបសព្វយ៉ាង រហូតដល់ប្រពន្ធអាំងភ្លើងរួចរាល់ស្រាចបាច់អស់ មិនអោយមានខ្វះចន្លោះត្រង់ណាបន្តិចសោះឡើយ ។
បានប៉ុន្មានថ្ងៃក្រោយមក ចៅល្ងង់សព្វជាតិ ជួនជាជួបសម្លាញ់គេម្នាក់ ។ សម្លាញ់នោះ ដែលបានដឹងថាមិត្តរបស់គេ ទើបតែរៀបការបានបីខែហើយស្រាប់តែមានកូនដូច្នោះ ក៏ពន្យល់ថា :
«នែ៎ សម្លាញ់ ! អញអាណិតឯងណាស់ ។ អញសុំប្រាប់ឯងអោយត្រង់ទៅចុះថា កូនហ្នឹងមិនមែនជាកូនរបស់ឯងទេ ព្រោះឯងទើបតែប្រសព្វគ្នាបាន ៣ ខែប៉ុណ្ណោះ ។ បើវាជាកូនរបស់ឯងនោះ លុះត្រាតែឯង និងប្រពន្ធរបស់ឯងបានគ្នាជាប្ដីប្រពន្ធយ៉ាងតិចណាស់ក៏ ៩ ខែដែរ ។ អញ្ចឹង មានតែប្រពន្ធឯងគេមានប្រុសមានសហាយមុនគេរៀបការជាមួយឯង» ។
កាលបើបានឮសម្លាញ់របស់ខ្លួននិយាយយ៉ាងនេះហើយ ចៅល្ងង់សព្វជាតិ ប្រឹងសួររឿងនេះបញ្ជាក់ម្ដងហើយម្ដងទៀត ។ លុះជឿជាក់ថាពិតជាដូច្នេះមែន ចៅនោះក៏អះអាងប្រាប់សម្លាញ់ថា :
«ចាំមើលទៅផ្ទះវិញ អញរករឿងប្រពន្ធអញអោយណាណីម្ដង ។ ច្បាស់ជាពិតអញ្ចឹងមែនហើយ ។ ចាំមើលណា៎ ! អញនឹងលែងវាចោល» ។
បន្ទាប់មក ចៅល្ងង់សព្វជាតិ ក៏ដើររលាំងរលះទៅកាន់ផ្ទះរបស់ខ្លួនវិញ ។ ទៅដល់ហើយ ចៅមិនបង្អង់អោយយូរឡើយ ក៏ប្រញាប់លើកមូលហេតុដែលថាទើបនឹងបានគ្នាជាប្ដីប្រពន្ធតែ ៣ ខែ មិនទាន់បាន ៩ ខែផង ស្រាប់តែមានកូននោះមកបង្កជារឿងអោយកើតជាជម្លោះនឹងអាលលែងលះគ្នា ។ រីឯនាងភរិយា គេជាស្រីឆ្លាត លុះឮអ្នកបាទជាប្ដីនិយាយត្រូវចំណុចខ្សោយរបស់ខ្លួន ហេតុតែនាងស្គាល់ចរិតរបស់ប្ដីច្បាស់ នាងក៏ប្រើកិរិយាម្ញ៉ិកម៉្ញក់ប្រញាប់និយាយល្បួងប្ដី ទាំងប្រើល្បិចផ្សំផងថា :«ឪវាឯង កុំអាលជឿគេអោយហួសហេតុណា៎ ។ មនុស្សយើង មិនមែនសុទ្ធតែល្អជាមួយយើងទាំងអស់គ្នាទេ ។ មានមនុស្សខ្លះនិយាយចាក់រុកអោយយើងឈ្លោះគ្នា អោយយើងបែកបាក់គ្នា ។ មនុស្សខ្លះទៀត គេចេះជួយយកអាសារយើង ចង់អោយយើងរស់នៅជួបជុំគ្នាបានល្អ គេនោះទើបជាមនុស្សល្អ ។ យើងត្រូវសេពគប់តែជាមួយមនុស្សល្អទើបបានល្អ ។ ចំណែកឯរឿងដែលឪវាឯងលើកឡើងថា យើងភពប្រសព្វនៅជាមួយគ្នាជាប្ដីប្រពន្ធមិនទាន់បាន ៩ ខែនោះ វាមិនមែនជាការពិតទេណា៎ ! ។ ឥឡូវ ឪវាឯងចាំមើលណា៎ ចាំខ្ញុំរំឭកប្រាប់ឡើងវិញ តាំងពីដើមមក ។ ឪវាឯងមិនមកដណ្ដឹងខ្ញុំបាន ៣ ខែ ទើបលើកជំនូន ? ហ៍ ! រាប់ម្រាមដៃខ្ញុំអោយគ្រប់ ៣ មើល៍ ! «ចៅល្ងង់សព្វជាតិ ក៏នឹកឃើញឡើងវិញថាពិតជាអញ្ចឹងមែន ។ ចៅក៏ចាប់រាប់ម្រាមដៃប្រពន្ធម្ដងមួយ ៗ រហូតដល់គ្រប់ ៣ រួចចំណាំទុក ។ នាងប្រពន្ធក៏បន្តទៅទៀតថា “លុះលើកជំនូនរួចហើយបាន ៣ ខែទៀត ទើបយើងរៀបការមែនឬទេ ? បើមែន ហ៍ ! រាប់ម្រាមដៃខ្ញុំថែម ៣ ទៀតមក”» ។ ចៅល្ងង់នឹកឃើញរឿងនោះថាពិតដូច្នោះមែន ក៏រាប់ម្រាមដៃប្រពន្ធថែម ៣ ទៀត
រួចកាន់ជាប់ទុកជាចំណាំ ។ ជាចុងក្រោយបង្អស់ នាងប្រពន្ធក៏ប្រាប់ទៅទៀតថា : «ក្រោយពីយើងរៀបការមកបាន ៣ ខែថែមទៀតណា៎ ទើបយើងបានកូន ។ នេះរាប់ម្រាមដៃខ្ញុំថែម ៣ ទៀតមក» ។ ចៅល្ងង់យើងក៏រាប់ដូចលើកមុន ។ ពេលនោះ នាងប្រពន្ធបានឱកាសហើយ ក៏និយាយទៅកាន់ប្ដីថា «ឥឡូវនេះ ឪវាឯងរាប់ម្រាមដៃខ្ញុំឡើងវិញមើល តើឃើញគ្រប់ ៩ ខែ ឬអត់ទេ ?» ។ចៅល្ងង់សព្វជាតិ ក៏រាប់ម្រាមដៃប្រពន្ធតាំងពី ១ រហូតដល់ ៩ ឃើញគ្រប់ចំនួនជាប្រាកដមែន ទើបចៅនោះនឹកខឹងនឹងសម្លាញ់ថា មិនគួរអឺមកនិយាយផ្ដេសផ្ដាសលេងអញ្ចឹងសោះ ។ ចៅនោះមិនចងពៀរអ្វីនឹងសម្លាញ់ទេ គ្រាន់តែទៅស្ដីបន្ទោសអោយបន្តិចបន្តួច ដោយប្រការផ្សេងៗ តែប៉ុណ្ណោះ។
ហេតុនិងផលជាគូគ្នា សំរាប់ធីរាត្រួតពិនិត្យ បើហេតុនិងផលសមគ្នាពិត ជឿចុះកុំភិតភ័យខ្លាចខុស ៕
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)