ប្រទេសជប៉ុន: ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា បន្ទាប់ពីបានប្រកាសដាក់ទីក្រុងតូក្យូ ខេត្ត Kanagawa, Saitama, និង Chiba ក្នុងភាព អាសន្នជាលើកទីពីរនៅថ្ងៃទី៧ ខែមករា ហើយបានចូលជាធរមាននៅថ្ងៃទី៨ ខែមករា រដ្ឋាភិបាលជប៉ុន នៅយប់ថ្ងៃទី៨ ខែមករា បានចេញវិធានការព្រំដែនថ្មី ពាក់ព័ន្ធនឹងកម្ពុជា មានដូចខាងក្រោម៖
១. ប្រជាពលរដ្ឋខ្មែរដែលចូលជប៉ុនតាមរយៈ ច្រកចូលសម្រាប់ការស្នាក់នៅ (Residence Track) ធានាដោយក្រុមហ៊ុនឬអង្គភាពនានា ត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩ក្នុងរង្វង់៧២ ម៉ោងមុនចេញដំណើរ ហើយត្រូវធ្វើតេស្តម្ដងទៀតពេលមកដល់ជប៉ុន ។
ក្រុមហ៊ុនឬអង្គភាពធានា ត្រូវបំពេញ “កិច្ចសន្យា” ថាត្រូវអនុវត្តវិធានការទាំងនេះ ។ ចំណាយលើការធ្វើតេស្តរកកូវីដ១៩ ពេលមក ដល់ជប៉ុន ជា បន្ទុករបស់រដ្ឋាភិបាលជប៉ុន ។
២. ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិស្នាក់នៅ ត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩ ក្នុងរង្វង់៧២ម៉ោង មុនចេញដំណើរហើយត្រូវធ្វើតេស្តម្ដងទៀតពេលមកដល់ជប៉ុន ។ ក្នុងករណីមិនមានលិខិតបញ្ជាក់ អវិជ្ជមានកូវីដ១៩នេះទេ អ្នកដំណើរត្រូវស្នាក់នៅទីតាំងកំណត់ដោយប្រធានស្ថានីយ៍ចត្តាឡីស័កជប៉ុន ។ អ្នកដំណើរត្រូវធ្វើតេស្តម្ដងទៀតនៅថ្ងៃទី៣ ។ បើអវិជ្ជមាន ត្រូវទៅធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះ បន្ថែម ឲ្យគ្រប់១៤ថ្ងៃ ហើយត្រូវទាញយកកម្មវិធីទូរស័ព្ទ “Covid-19 Contact-Confirming Application – COCOA” ដើម្បីតាមដានការបំលាស់ ទីរបស់អ្នកដំណើរ ។
៣. វិធានការខាងលើត្រូវអនុវត្តតាមកាលបរិច្ឆេទដូចខាងក្រោម:
ធ្វើតេស្តសម្រាប់អ្នកដំណើរទាំងអស់ ដែលមកដល់ជប៉ុន ពីម៉ោង ០០:០០ ថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២១ ។
ត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩ ក្នុងរង្វង់៧២ម៉ោងមុនចេញដំណើរ សម្រាប់អ្នកដំណើរដែលមកដល់ជប៉ុនពីម៉ោង ០០:០០ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។
– វិធានការទាំងនេះនឹងត្រូវអនុវត្តរហូតដល់មានការលើកលែងស្ថានភាពអាសន្ន (តាមគម្រោង ការប្រកាសភាពអាសន្ននៅត្រូវលើកលែងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១)។ ក្នុងករណីបងប្អូនចង់ប្រឹក្សាយោបល់ សូមទាក់ទង៖ ហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤ ៕
ដោយ,សុខ ខេមរា