ខេត្តមណ្ឌលគិរី៖ស្ត្រីម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្ត យីឌុបសន្តោង មួយគ្រឿងបុកពេញទំហឹង ខណៈពេលកំពុងតែជិះម៉ូតូតាមដងផ្លូវ កាលល្ងាច ថ្ងៃទី២១ ខែកុម្ភៈ នេះត្រង់ចំណុចមុខស្នាក់ការសន្តិសុខ អាវុធហត្ថ៧៦២ ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ប្រជាពលរដ្ឋនៅក្បែរនោះបានអោយដឹងថា មុនពេលកើតហេតុគេឃើញ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូដឹកប្រពន្ធ ក្នុងទិសដៅពីទីរួមខេត្តមណ្ឌលគិរី ធ្វើដំណើរទៅស្រុកកោះញែក មកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តយីឌុបសន្តោងមួយគ្រឿងប្រភេទកុងតឺន័រ ដែលបើកពីក្រោយក្នុងទិសដៅស្របគ្នាបុកពេញទំហឹងតែម្តង បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ទៅមុខលែងរួច។ ស្រ្តីម្នាក់របួសក្បាលយ៉ាងដំណំត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ខណៈបុរសជាប្តីរងរបួសស្រាល។
តាមរបាយការណ៍សមត្ថកិច្ច ជនរងគ្រោះទាំងពីរ ទី១មានឈ្មោះ សុខ ជេក អាយុ៥៩ឆ្នាំ ត្រូវជាប្តីរបួសស្រាល ចំណែកប្រពន្ធឈ្មោះទួត អ៊ាប អាយុ៥៧ឆ្នាំ របួសធ្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យ អ្នកទាំងពីរស់នៅ ភូមិទី៤ ឃុំស្រែសង្គម ស្រុកកោះញែក៕
ដោយ៖ ហេង ថារិទ្ធ (ឦសាន)