រឿងនិទានខ្មែរ÷រឿង ត្រីមាស

ចែករំលែក៖

កាលពីព្រេងនាយ មាន​តា​ចាស់​នឹង​យាយ​ចាស់ ពីរ​នាក់​ប្ដី​ប្រពន្ធ​ជា​អ្នក​ក្រីក្រ​បំផុត​បាន​សង់​ខ្ទម​មួយ​តូច​នៅ​ទៀប​មាត់​សមុទ្រ អស់​កាល​ជា​យូរ​ចំនួន ៣៣ ឆ្នាំ​មក​ហើយ ។ តាចាស់​នោះ​ឯង​តែង​រក​ចិញ្ចឹម​ជីវិត​ដោយ​ការ​នេសាទ​ត្រី​គឺ​បង់​សំណាញ់​ជា​ប្រក្រតី ។ ឯ​យាយ​ចាស់​ជា​អ្នក​ប្រកប​ការ​កាប់​ព្រាល កាប់​ក្រចៅ យក​មក​លក់ដូរ​ចិញ្ចឹម​ជីវិត​ជានិច្ច​ជា​កាល ។

ថ្ងៃ​មួយ, តា​នេសាទ​ពុន​សំណាញ់​ទៅ​បង់​ត្រី​នៅ​មាត់​សមុទ្រ, លុះ​ទាញ​សំណាញ់​មក​ឃើញ​ជាប់​សុទ្ធ​តែ​ភក់ ។ តា​នេសាទ​ក៏​រលាស់​ចោល​ហើយ​បង់​ជា​គំរព់​ពីរ, ទាញ​មក​ឃើញ​ជាប់​សុទ្ធ​តែ​សារាយ ។ តា​នេសាទ​ក៏​បង់​សំណាញ់​ទៅ​ជា​គំរប់​បី​ទៀត, ដល់​ទាញ​សំណាញ់​មក ឃើញ​ជាប់​ត្រី​សម្បុរ​មាស​មួយ ។ វេលា​នោះ​ឯង ត្រី​មាស​និយាយ​អង្វរ​ទៅ​តា​នេសាទ​នោះ​ដោយ​ភាសា​មនុស្ស​ថាៈ

– លោក​តា, មេត្តា​លែង​ខ្ញុំ​ទៅ​ក្នុង​ទឹក​សមុទ្រ​វិញ​ទៅ, ខ្ញុំ​នឹង​ជូន​របស់​ដែល​មាន​ដំឡៃ ជា​ទី​គាប់​ចិត្ត​លោកតា ។

តា​នេសាទ​ក៏​ភាន់ភាំង ហើយ​ខ្លាច​ផង ដោយ​នឹក​ថា « អញ​បាន​រក​ស៊ី​ដោយ​ការ​នេសាទ​ត្រី​នេះ ចំនួន ៣៣ ឆ្នាំ​មក​ហើយ មិន​ដែល​ប្រទះ​ឃើញ​ត្រី​ចេះ​និយាយ​ដូច្នេះ​សោះ » ។ តា​នេសាទ​ក៏​លែង​ត្រី​មាស​ទៅ​ក្នុង​សមុទ្រ​វិញ ហើយ​និយាយ​នឹង​ត្រី​ថាៈ

– ត្រី​មាស ! សូម​ឲ្យ​ទេវតា​រក្សា​ឯង​ដោយ​ល្អ​ចុះ, ហើយ​ខ្ញុំ​ក៏​មិន​ត្រូវ​ការ​ទទួល​យក​វត្ថុ​អ្វី​ជា​បំណាច់​អំពី​ឯង​វិញ​ឡើយ ។ ចូរ​ឯង​ហែល​លេង​ក្នុង​ទឹក​សមុទ្រ​តាម​សប្បាយ​ចុះ ។

– យាយ, ថ្ងៃ​នេះ​បង​ទៅ​បង់​សំណាញ់ បាន​ត្រី​មាស​មួយ ហើយ​ត្រី​នោះ​មិន​ដូច​ជា​ត្រី​ធម្មតា​ឡើយ គឺ​វា​ចេះ​និយាយ​ដូច​ជា​មនុស្ស​យើង ហើយ​ត្រី​នោះ​ឯង​អង្វរ​បង ឲ្យ​បង​លែង​វា​ទៅ​ក្នុង​ទឹក​សមុទ្រ​វិញ វា​នឹង​ឲ្យ​របស់​ដ៏​មាន​ដំឡៃ​ដល់​បង​តាម​តែ​បង​ចង់​បាន តែ​បង​ខ្លាច​មិន​ហ៊ាន​ទទួល​យក​គ្រឿង​បណ្ណាការ​អ្វី​មួយ​ឡើយ ហើយ​បង​ក៏​លែង​ត្រី​នោះ ទៅ​ក្នុង​សមុទ្រ​វិញ​ទៅ ។

យាយ​ចាស់​ជា​ភរិយា បាន​ឮ​ប្ដី​និយាយ​ដូច្នោះ​ហើយ ក៏​ជេរ​ទៅ​ប្ដី​ថា– នែ​តាចាស់ ល្មេញល្មើ, ម៉េច​ក៏​តា​ឯង​មិន​ទារយក​របស់​អ្វី​មួយ​អំពី​ត្រី ! បេទុក​ជា​យ៉ាង​យ៉ាង ក៏​គួរ​តែ​ទទួល​យក​ថាំង​ឈើ​មួយ​គូ​គ្រាន់​នឹង​ដង​ទឹក​ចុះ​អេះ ព្រោះ​របស់​យើង​វា​បាក់​បែក​អស់​ទៅ​ហើយ ។

តា​នេសាទ​ក៏​ត្រឡប់​ទៅ​កាន់​សមុទ្រ​វិញ ហើយ​ចុះ​ដើរ​រក​មើល​ត្រី​មាស វេលា​នោះ​ទឹក​សមុទ្រ កើត​មាន​រលក​យ៉ាង​ស្រាល ៗ , ហើយ​តា​នេសាទ ក៏​ស្រែក​ហៅ​ទៅ​ត្រី​មាស, ឯ​ត្រី​មាស​ក៏​ហែល​មក​ជិត ហើយ​សួរ​គាត់​ថាៈ

– លោក​តា មាន​ការ​អ្វី​មក​រក​ខ្ញុំ​នេះ ?

តា​នេសាទ​ក៏​តប​ទៅ​កាន់​ត្រី​មាស ដោយ​សេចក្ដី​គោរព​ថាៈ

– ឱ​អ្នក​ម្ចាស់​ថ្លៃ​ត្រី​អើយ, ប្រពន្ធ​ខ្ញុំ​ខឹង​នឹង​ខ្ញុំ​ដោយ​ហេតុ​មិន​ទទួល​យក​របស់​អ្វី​មួយ​ពី​អ្នក, ឥឡូវ​នេះ​គេ​ឲ្យ​ខ្ញុំ​មក​សុំ​ថាំង​ថ្មី​មួយ​សម្រាប់​ពី​អ្នក ដើម្បី​យក​ទៅ​ដង​ទឹក ត្បិត​ថាំង​ខ្ញុំ​វា​បាក់​បែក​អស់​ទៅ​ហើយ ។

ត្រី​មាស​តប​ទៅ​តា​នេសាទ​ថាៈ

– លោក​តា កុំ​បារម្ភ​ឲ្យ​សោះ, ចូរ​តា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ទេវតា​នឹង​ទំនុក​បម្រុង​ដល់​តា​ ៗ នឹង​បាន​ថាំង​ថ្មី​នោះ​ជា​ប្រាកដ ។

តា​នេសាទ​ត្រឡប់​មក​ផ្ទះ​វិញ ឯ​យាយ​ចាស់​ក៏​បាន​ថាំង​ថ្មី​មួយ​សម្រាប់, តែ​យាយ​ចាស់​មិន​បាន​ពេញ​ចិត្ត​ឡើយ ត្រឡប់​ជា​គំហក​ឲ្យ​ប្ដី​វិញ​ថាៈ

– តា​ចាស់​ល្ងីល្ងើ តា​ឯង​ផ្ដេសផ្ដាស​ណាស់, ម៉េច​ក៏​ទៅ​សុំ​ឯ​ថាំង​ឈើ, របស់​នេះ​ល្អ​ឬ ? តា​ឯង​ចូរ​ត្រឡប់​ទៅ​រក​ត្រី​ម្ដង​ទៀត ហើយ​សុំ​ផ្ទះ​មួយ​វិញ ត្បិត​យើង​គ្មាន​ផ្ទះ​ល្អ​នឹង​នៅ​ទេ ។

តា​នេសាទ​ក៏​ត្រឡប់​ទៅ​សមុទ្រ​វិញ, ទឹក​សមុទ្រ​ក៏​ត្រឡប់​ជា​ល្អក់​បន្តិច ៗ, ហើយ​គាត់​ស្រែក​ហៅ​ទៅ​ត្រី​មាស ៗ ក៏​ហែល​មក​ជិត​ហើយ​សួរ​ថាៈ

– តា​មក​រក​ខ្ញុំ​ដោយ​មាន​ការ​អ្វី​ទៀត ?

តា​នេសាទ​តប​ដោយ​គោរព​ថាៈ

ឱ ! អ្នក​ម្ចាស់​ថ្លៃ​អើយ, ប្រពន្ធ​ខ្ញុំ​វា​រឹត​តែ​កិន​ខ្ញុំ​ខ្លាំង​ឡើង​ទៀត, វា​ឲ្យ​ខ្ញុំ​មក​សុំ​ផ្ទះ​អ្នក​មួយ ។

ត្រី​មាស​តប​ថាៈ

– តា​កុំ​ព្រួយ, ចូរ​តា​ត្រឡប់​ទៅ​ផ្ទះ​តា​​វិញ​ចុះ តា​នឹង​បាន​ផ្ទះ​មួយ​តាម​តា​សុំ​ជា​ប្រាកដ ។

តា​នេសាទ​ក៏​ត្រឡប់​មក​កាន់​គេហស្ថាន​ខ្លួន​វិញ ស្រាប់​តែ​បាត់​ខ្ទម​នោះ​ទៅ ឃើញ​ឯ​ផ្ទះ​មួយ​យ៉ាង​ល្អ​រុង​រឿង​ផុះ​ឡើង​នៅ​ពី​មុខ​គាត់ មាន​បន្ទប់​ខ្វាត់ខ្វែង​យ៉ាង​ធំ​ទូលាយ​មាន​ផ្ទះ​បាយ​នឹង​បង្អួច​ទ្វារ​ជា​ជួរ​រាង​រាយ​ដែល​សាង​អំពី​ឥដ្ឋ​បាយអ, ឯ​យាយ​ចាស់​នោះ​អង្គុយ​នៅ​ទៀប​បង្អួច​មួយ ហើយ​ស្រែក​ជេរ​មក​តា​នេសាទ​ជា​ប្ដី​វិញ​ថាៈ

– នែ​តា​គំរក់​ដូច​ជា​តិរច្ឆាន, តា​ឯង​ទៅ​សុំ​ឯ​ផ្ទះ​ផ្ដេសផ្ដាស​យ៉ាង​នេះ មិន​ពេញ​ចិត្ត​អញ​ទេ ! តា​ឯង​ចូរ​ត្រឡប់​ទៅ​សុំ​ត្រី​ម្ដង​ទៀត​ថាៈ យើង​មិន​ចង់​បាន​ភាព​ជា​ស្រី​អ្នក​ស្រែ​ចម្ការ​សាម័ញ្ញ​ដូច្នេះ​ទេ, យើង​ចង់​បាន​ទៅ​ជា​ស្រី​មួយ​ដែល​ប្រកប​ដោយ​រូប​សម្បត្តិ មាន​ត្រកូល​ស្ដុកស្ដម្ភ​វិញ ។

តា​នេសាទ​ក៏​ត្រឡប់​ទៅ​រក​មាស​ទៀត, ឯ​ទឹក​សមុទ្រ​ក៏​រិត​តែ​ល្អក់​ក្រៃលែង តា​ចាស់​ក៏​ស្រែក​ហៅ​ទៅ​ត្រី​មាស​ ៗ ក៏​ហែល​មក​ជិត​ហើយ​សួរ​ថាៈ

– លោក​តា​មក​ធ្វើ​អ្វី​នៅ​ទី​នេះ ?

តា​ចាស់​តប​ដោយ​គោរព​ថាៈ

– ឱ ! អ្នក​ម្ចាស់​ថ្លៃ​ត្រី​អើយ, សូម​អ្នក​អត់​ទោស​ខ្ញុំ, ប្រពន្ធ​ខ្ញុំ​គេ​នៅ​តែ​ខឹង​នឹង​ខ្ញុំ​ជានិច្ច វា​មិន​ឲ្យ​ខ្ញុំ​ឈប់​បាន​មួយ​ដង្ហើម​សោះ, ឥឡូវ​នេះ​វា​ថា​វា​មិន​ចង់​នៅ​ជា​សភាព​ស្រី​អ្នក​ស្រែ​ចម្ការ​ដូច្នោះ​ទេ វា​ចង់​បាន​ទៅ​ជា​ស្រី​អ្នក​មាន​ត្រកូល​ខ្ពង់ខ្ពស់​ស្ដុកស្ដម្ភ​វិញ ។

ត្រី​មាស​តប​ថាៈ

– បើ​ប៉ុណ្ណោះ​ទេ ចូរ​តា​កុំ​ព្រួយ, ចូរ​តា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ទេវតា​នឹង​ជួយ​តា​​ឲ្យ​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា ។

តា​នេសាទ​ក៏​ត្រឡប់​មក​ផ្ទះ​អាត្មា​វិញ ស្រាប់​តែ​ឃើញ​ប្រាសាទ​មួយ​យ៉ាង​ធំ​ខ្ពស់ ឃើញ​យាយ​ចាស់​នោះ​អង្គុយ​ក្នុង​ល្វែង​ប្រាសាទ​ខាង​ក្រៅ​ហើយ​មាន​សំលៀក​បំពាក់​សុទ្ធ​សឹង​តែ​របស់​មាន​តំលៃ, នៅ​ក្បាល​មាន​ពាក់​កញ្ចាំង ដែល​ដាំ​រំលេច​ដោយ​ពេជ្រ មាន​ពាក់​ខ្សែ​ក​ពេជ្រ​ជា​ច្រើន​ខ្សែ, ម្រាម​ដៃ​ទាំង​អស់​សឹង​ពាក់​ដោយ​ចិញ្ចៀន​មាស​ដាំ​ពេជ្រ, ពាក់​ស្បែក​ជើង​ក្រហម ។ នៅ​ជុំវិញ​ខ្លួន​យាយ​ចាស់​នោះ មាន​មនុស្ស​នៅ​ចាំ​បម្រើ​ណែនណាន់​តាន់​តាប់, គាត់​វាយ​គាត់​ធាក់​មនុស្ស​បម្រើ​ទាំង​អម្បាល​នោះ​ដោយ​ឥត​មេត្តា ។ តា​នេសាទ​ឃើញ​ដូច្នោះ​ក៏​និយាយ​ទៅ​កាន់​ភរិយា​ថាៈ

– ជំរាប​សួរ អ្នក​ស្រី, ឥឡូវ​នេះ​ចិត្ត​អ្នក​ស្រី​យ៉ាង​ណា ល្មម​ស្កប់ស្កល់​ហើយ​ឬ​នៅ បើ​បាន​ដល់​ទី​ប៉ុណ្ណេះ​ហើយ ?

យាយ​ចាស់​អប្រិយ គំហក​ឲ្យ​តា​នេសាទ​ជា​ប្ដី ហើយ​ក៏​ឲ្យ​គាត់​ទៅ​ធ្វើការ​ឯ​រោង​សេះ​ទៅ ។

លុះ​កន្លង​ទៅ​បាន​ប្រមាណ​ពីរ​អាទិត្យ, យាយ​ចាស់​នោះ​មាន​សេចក្ដី​លោភ​កើត​ឡើង​ទៀត ទើប​ឲ្យ​បំរើ​ទៅ​ហៅ​តា​នេសាទ​មក​ហើយ​បង្គាប់​ថាៈ

– តា​អើយ, តា​ឯង​ចូរ​ទៅ​រក​ត្រី​មាស​ម្ដង​ទៀត ហើយ​សុំ​ថាៈ អញ​មិន​ចង់​បាន​ជា​ភាព​ស្រី​អ្នក​មាន​ត្រកូល​ស្ដុកស្ដម្ភ​ត្រឹម​ប៉ុណ្ណេះ​ទេ, អញ​ចង់​បាន​ទៅ​ជា​ស្ដេច​ស្រី​ដែល​ប្រកប​ដោយ​រិទ្ធានុភាព​យ៉ាង​ល្បី​ល្បាញ​ទួទៅ​ទាំង​ទ្វីប​នោះ​វិញ ។

តា​ចាស់​មាន​សេចក្ដី​ខ្លាច​ហើយ​អង្វរ​ថាៈ

– ឱ ! អ្នក​ម្ចាស់​ថ្លៃ​អើយ, ចុះ​ឯង​កើត​មក​ពី​ជាតិ​អ្វី បាន​ជា​ហា​ស្ដី​និយាយ​ឡើង គ្មាន​ចេះ​ខ្មាស​អ្នក​ស្រុក គ្មាន​នគរ​បន្តិច​សោះ​នេះ ? បាន​នេះ​ហើយ​ចង់​បាន​នោះ​ទៀត​មិន​ចេះ​ស្កប់​   ស្កល់ ! ។

យាយ​ចាស់​រឹង​រិត​តែ​ខឹង ហើយ​គំរាម​ទៅ​តា​នេសាទ​ថាៈ

– តា​ឯង​ខ្លាច​អ្វី, បាន​ជា​ហ៊ាន​មក​ឈ្លោះ​ប្រកែក​តប​ត​នឹង​អញ​ជា​ស្រី​មាន​ត្រកូល​ខ្ពស់​ដូច្នេះ​វិញ ? នែ​តា ចូរ​ទៅ​ឯ​សមុទ្រ​ប្រញាប់, បើ​តា​ឯង​មិន​ទៅ​ទេ, អញ​នឹង​បង្ខំ​តា​ឯង​ដោយ​អាជ្ញា​ឥឡូវ​នេះ ។

តា​នេសាទ​កំសត់ មាន​សេចក្ដី​ខ្លាច​ភរិយា​អាត្មា ក៏​ត្រឡប់​ទៅ​កាន់​សមុទ្រ​ទៀត ។ ក្នុង​គ្រា​នេះ​ទឹក​សមុទ្រ បណ្ដា​ជា​ពណ៌​ខ្មៅ, តា​នេសាទ​ស្រែក​ហៅ​ទៅ​ត្រី​មាស ៗ ក៏​ហែល​មក​ជិត ហើយ​សួរ​ថាៈ

– តា​មក​រក​អ្វី​នៅ​ទី​នេះ ?

តា​នេសាទ​ក៏​តប​ទៅ​កាន់​ត្រី​មាស​ដោយ​គោរព​ថាៈ

អ្នក​ម្ចាស់​ថ្លៃ​ត្រី​អើយ, សូម​អ្នក​អត់​ទោស​ខ្ញុំ​ចុះ ព្រោះ​ភរិយា​ខ្ញុំ​វា​វង្វេង​ទៅ​ហើយ វា​ថា​មិន​ចង់​បាន​ជា​ភាព​ស្រី​មាន​ត្រកូល​ខ្ពស់​ប៉ុណ្ណេះ​ទេ, វា​ចង់​ឲ្យ​បាន​ទៅ​ជា​ស្ដេច​ស្រី​ដ៏​ធំ​លើស​លុប​គេ​ទាំង​អស់​វិញ វា​ឲ្យ​ខ្ញុំ​មក​សុំ​អ្នក​ទៀត ។

ត្រី​មាស​តប​ទៅ​តា​នេសាទ​ថាៈ

– តា កុំ​ព្រួយ ចូរ​តា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ទេវតា​នឹង​ទំនុក​បម្រុង​ដល់​តា​​ឲ្យ​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា ។

វេលា​នោះ​ឯង​យាយ​ចាស់​អប្បល័ក្ខណ៍, ប្រែ​ភេទ​ជា​ស្ដេច​ស្រី​ដូច​សេចក្ដី​ប្រាថ្នា ។ ឯ​តា​នេសាទ ត្រឡប់​មក​ដល់​ផ្ទះ​វិញ ស្រាប់​តែ​ឃើញ​មាន​ព្រះ​រាជ​វាំង​ផុះ​អំពី​មុខ​គាត់ ឃើញ​យាយ​ចាស់​ទៅ​ជា​ស្ដេច​ស្រី​អង្គុយ​នៅ​ក្នុង​ព្រះ​រាជវាំង​នោះ​ឯង, មាន​បរិវារ​ប្រុស​ស្រី​ចោម​រោម​គាល់​ហ្វៅ​ហើយ​មនុស្ស​ទាំង​នោះ​សឹង​ដឹក​ស្រា​ដែល​នាំ​មក​អំពី​នានា​ប្រទេស​យក​មក​ថ្វាយ, ហើយ​ស្ដេច​ស្រី​នោះ​បរិភោគ​នំប៉័ង​ដែល​ប្រកប​ដោយ​គ្រឿង​ទេស​មាន​រស​ឈ្ងុយឈ្ងប់ ។ តា​នេសាទ​និម្មិត​តែ​បាន​ឃើញ​សភាព​ដូច្នោះ​ហើយ ក៏​ញ័រ​រន្ធត់​ស្លុត​ក្នុង​ចិត្ត​លុត​ជង្គង់​នៅ​មុខ​ស្ដេច​ស្រី​ជា​ភរិយា​ថ្វាយ​បង្គំ​ហើយ​សួរ​ថាៈ

– សូម​ថ្វាយ​បង្គំ ស្ដេច​ស្រី​កំណាច ! ឥឡូវ​នេះ ព្រះ​នាង​សព្វ​ព្រះ​រាជ​ហឫទ័យ នឹង​សម្បត្តិ​ប៉ុណ្ណេះ​ហើយ​ឬ​នៅ ?

ស្ដេច​ស្រី ( យាយ​ចាស់ ) ឥត​រមិល​មើល​មក​តា​នេសាទ​ជា​ប្ដី​ដល់​តិច​សោះ សូម្បី​មួយ​ប៉ប្រឹច​ភ្នែក​ក៏​គ្មាន ហើយ​ត្រឡប់​ជា​បណ្ដេញ​តា​នេសាទ​នោះ​វិញ ។ ពួក​បរិវារ​និង​អាមាត្យ​នាំ​គ្នា​ចាប់​ស្មា​តា​នេសាទ​ច្រាន​ចេញ​មក​ទ្វារ​ខាង​ក្រៅ, ក្រុម​រក្សា​ព្រះ​អង្គ​ក៏​ស្ទុះ​ទៅ​គំរាម​គាត់ មាន​អាការ​ហាក់​ដូច​ជា​នឹង​ប្រហារ

ឲ្យ​ដាច់​ជា​កំណាត់​តូច – ធំ, ចំណែក​ឯ​បណ្ដាជន​ក៏​ចំអក​ផ្ចាញ់ផ្ទាល់​តា​នេសាទ​ថាៈ

– នែ​តា​ចាស់​ចោល​ម្សៀត, យ៉ាង​នេះ​ហើយ​វា​សម​នឹង​អំពើ​តា​ឯង ! តា​ឯង​គ្មាន​ដឹង​ខ្យល់​អ្វី, ហ៊ាន​លើក​ខ្លួន​ទៅ​ផ្ទឹម​នឹង​មហា​ក្សត្រី នេះ​ជា​ការ​គួរ​របស់​តា​ឯង​ឬ ?

– តា​នេសាទ​ភិត​ភ័យ​ណាស់ ក៏​រត់​ចេញ​អំពី​នោះ​ទៅ ។ មិន​យូរ​ប៉ុន្មាន​កន្លង​ទៅ​ប្រមាណ​ពីរ​អាទិត្យ​ត​មក​ទៀត, ស្ដេច​ស្រី​ក៏​កើត​លោភ​ចិត្ត​ឡើង​ទៀត ទើប​ចាត់​រាជ​បម្រើ​ឲ្យ​ដើរ​ទៅ​តាម​រក​តា​នេសាទ​ជា​ប្ដី, លុះ​រក​ឃើញ​ហើយ​ក៏​បាន​នាំ​យក​ខ្លួន​តា​នេសាទ​នោះ​មក​ថ្វាយ, ឯ​ស្ដេច​ស្រី​នោះ​បង្គាប់​ទៅ​រក​តា​នេសាទ​ថាៈ

– ចូរ​តា​ឯង​ទៅ​រក​ត្រី​នោះ​ទៀត​ហើយ​និយាយ​សុំ​ថាៈ អញ​មិន​ចង់​បាន​ជា​ស្ដេច​ស្រី​ដូច្នេះ​ទេ, អញ​ចង់​បាន​ទៅ​ជា​ស្ដេច​ស្រី​ជា​ម្ចាស់​លើ​សមុទ្រ​វិញ​ដើម្បី​ទៅ​នៅ​ត្រួតត្រា​ក្នុង​មហា​សមុទ្រ ត្រា​តែ​បាន​ត្រី​មាស​នោះ​មក​នៅ​បម្រើ​អញ​តាម​តែ​សេចក្ដី​ដែល​អញ​ត្រូវការ​តែ​ម្ដង ។

តា​នេសាទ​មិន​ហ៊ាន​ប្រកែក ក៏​ទៅ​កាន់​សមុទ្រ, ទឹក​សមុទ្រ​នោះ​ប្រែ​ពណ៌​ខ្មៅ មាន​ព្យុះ​នឹង​រលក​បោក​បែក​ផ្កា​ត្រែង, តា​នេសាទ​ស្រែក​ហៅ​ទៅ​ត្រី​មាស​ដូច​មុន​ទៀត ឯ​ត្រី​មាស​ក៏​ហែល​មក​ជិត ហើយ​សួរ​ថាៈ

– នែ​លោក​តា​កំសត់, ចុះ​តា​មក​រក​អ្វី​ទៀត ?

តា​នេសាទ តប​ទៅ​កាន់​ត្រី​ដោយ​គោរព​ថាៈ

ឱ ! អ្នក​ម្ចាស់​ថ្លៃ​ត្រី​អើយ, តាម​តែ​អ្នក​អត់​ទោស​ខ្ញុំ​ចុះ, ខ្លួន​ខ្ញុំ​ពុំ​ដឹង​បើ​នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​ណា​ទៀត​ទេ, ព្រោះ​អកុសល​របស់​ខ្ញុំ​ហើយ, អ្នក​មើល​ចុះ ឥឡូវ​ស្ដេច​ស្រី​ភរិយា​ខ្ញុំ វា​មិន​ចង់​បាន​ជា​ស្ដេច​ស្រី​ដូច្នោះ​ទេ, វា​ចង់​ធ្វើ​ជា​ស្ដេច​ស្រី​មក​សោយ​រាជ​សម្បត្តិ នៅ​ក្នុង​មហា​សមុទ្រ​នេះ​វិញ​ដើម្បី​ឲ្យ​អ្នក​បំរើ​វា​តាម​តែ​វា​នឹក​ត្រូវ​ការ ។

ត្រី​មាស​មិន​បាន​ពោល​ពាក្យ​តប​ទៅ​តា​នេសាទ​ឡើយ ហើយ​បក់​កន្ទុយ ដាំ​ក្បាល​ចុះ​មុជ​ទៅ​ក្នុង​សមុទ្រ​ជ្រៅ​បាត់​ទៅ ។ តា​នេសាទ​ក៏​ចេះ​តែ​នៅ​រង់ចាំ​ត្រី​ក្រែង​ត្រឡប់​មក​វិញ​នឹង​បាន​ទទួល​ពាក្យ​តប​ដូច​គ្រា​មុន ៗ , ឯ​ត្រី​ក៏​បាត់​មិន​ឃើញ​មក​វិញ​សោះ តា​ចាស់​អស់​កំលាំង​ណាស់​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ ម្ដង​នេះ តា​នេសាទ​មិន​បាន​ឃើញ​ឯ​ខ្ទម​តូច​កញ្ចាស់ ហើយ​ឃើញ​យាយ​ចាស់​ជា​ភរិយា​អង្គុយ​នៅ​ទៀប​ថាំង​ឈើ​កំបែក​ដូច​កាល​មុន ។

 គតិ​រឿង​នេះឯងចែងឲ្យឃើញថាជនណាមានតណ្ហាក្លាខ្លាំង​ក្រៃ​មិន​ចេះ​ស្កប់   ជន​នោះ​ឯង​តែង​បាន​ផល​ផ្ដល់​ត្រឡប់ជា​ទុក្ខ​លន់​លើស​កាល​មាន​ពី​មុន​នោះ ។

សុភាសិត​បុរាណ​ពិត​មាន​ពោល​ទុកជា​ទំនុក​ថា « លោភ​ពេក វា​បែក​ពោះ » ជា​ឱវាទ​បណ្ឌិត​ជាតិ​មាន​សង្រ្គោះហាម​ដោយ​ស្មោះ​កុំ​ឲ្យ​យើង​ឡើង​ភ្លេច​ខ្លួន ៕

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print