អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១

ចែករំលែក៖

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ នៅវិទ្យាល័យហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការ អញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ជាច្រើនរូប។

គួបញ្ជាក់ថាថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១នេះ ជាកាលកំណត់នៃការបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ពេលវេលានៃការបើកបវេសនកាលនៅឆ្នាំនេះ ត្រូវបានពន្យារពេលមកដល់ខែមករា ព្រោះតែការរាតត្បាតនៃជំងឺកូវីដ-១៩។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអានសារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញសារអបអរសាទរ និងបើកបវេសនកាលថ្មី ២០២០-២០២១ ។

ក្នុងសារបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្វីដ្បិតកម្ពុជាក៏ដូចជាពិភពលោកទាំងមូលនឹងមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ ដ៏មានសារៈសំខាន់ក្រោមទស្សនទានថ្មី គន្លងជីវិតថ្មីក្នុងវិស័យអប់រំ។

ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ គឺជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញបន្ទាប់ពីបានឆ្លងកាត់ និងទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា២០១៩-២០២០ កន្លងមក ទោះបីក្នុងរូបភាពខុសគ្នាយ៉ាងណាក៏ដោយ។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុក លោកគ្រូអ្នកគ្រូ ពិសេសសិស្សសានុសិស្សទាំងអស់ សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នៅការធ្វើអនាម័យជាប្រចាំ ដើម្បីរួមគ្នាបង្ការ និងការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដោយត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print