រឿងនិទានខ្មែរ÷ រឿង មាណពមិនចេះដេកប្រជ្រៀត

ចែករំលែក៖

មានសេចក្ដីដំណាលថា កាលពីសម័យបុរាណ មានមាណពម្នាក់ជាមនុស្សឆោតល្ងង់ហើយអៀនខ្មាសណាស់ បើមានញាតិមិត្រប្រុសស្រីចួបជុំលេងសើចសប្បាយត្រង់កន្លែងណា មិនហ៊ានចូលទៅកាន់ទីនោះទេ ព្រោះគេចេះតែចំអែចំអន់លើកទុកលើកដាក់លើនាងនេះនាងនោះ ។ ពេលប្រជុំធំ ៗ ដូចជាពេលបុណ្យទាននៅវត្តវ៉ា ឬមង្គលការជាដើម ក៏បុរសនេះមិនសូវអើពើទៅលេងកំសាន្តដូចអ្នកផងទាំងពួងឡើយ គឺជាមនុស្សមុខខ្មូរ អឹមអៀមអៀនប្រៀនមិនចុះជំនុំចំណោមនឹងគេសោះ ។ ឯឈ្មោះដើមដំបូងរបស់មាណពនេះ គេមិនបានចាំប្រាកដថាឈ្មោះអ្វីទេ, តែដោយហេតុគ្នាមានការអៀនខ្មាសច្រើនដូច្នេះ ទើបនាំឲ្យអ្នកស្រុកភូមិគេនាំគ្នាហៅថា “អាខ្មូរ ៗ” ជាប់ដរាបមក ។ សូម្បីតែឪពុកម្ដាយបង្កើតរបស់មាណពនេះ ក៏ហៅថា “អាខ្មូរ ៗ” ស្រួលមាត់តាមគេដូច្នោះដែរ ។

ចំណែកកិច្ចការស្រែ ជំការជាដើម អ្នកកំឡោះយកចិត្តទុកដាក់ធ្វើយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ជាហាតុនាំឲ្យឪពុកម្ដាយស្រឡាញ់ពេញចិត្តណាស់ ទោះទាំងញាតិមិត្រជិតឆ្ងាយក៏សរសើរខ្មូរគ្រប់មាត់ដែរ ។ មានគេចង់លើកកូនក្រមុំឲ្យមាណពនេះជាច្រើននាក់, តែបុរសឥតត្រូវការនឹកនាពីរឿងប្រពន្ធកូនសោះ ។ រីឯឪពុកម្ដាយ ចេះតែព្រួយបារម្ភ ព្រួយត្រង់កូនមិនព្រមយកប្រពន្ធនេះឯង ណាមួយទៀតខ្មូរមានអាយុកាន់តែច្រើនផង គឺជិត ៣០ ឆ្នាំទៅហើយ ។ តមកក្រោយ ឪពុកម្ដាយនឹងញាតិមិត្រនិយាយលួងលោមអង្វរសម្រុះសម្រួលខ្លះ បង្ខំខ្លះ ពន្យល់ហេតុផលផ្សេង ៗ ខ្លះ អំពីរឿងប្រពន្ធនេះ, ខ្មូរក៏យល់ព្រមទាំងប្រថុយ ។ គ្រានោះ ឪពុកម្ដាយមានចិត្តត្រេកអរណាស់ បានទៅដណ្ដឹងកូនក្រមុំគេម្នាក់ដែលខ្លួនពេញចិត្តហើយដែលនៅភូមិឆ្ងាយបន្តិច ។ ខាងស្រីក៏មានសេចក្ដីអបអរសាទរណាស់ទៅទៀត ព្រោះគេចង់លើកឲ្យតាំងពីយូរណាស់មកហើយដែរ ។ បន្ទាប់ពីនោះមកមិនយូរប៉ុន្មាន, មាតាបិតាទាំងសងខាងបានរៀបចំមង្គលការយ៉ាងអ៊‍ឹកអធិកតាមគន្លងប្រពៃណី ។ ក្នុងថ្ងៃចូលរោងខ្មូរឥតញញឹមរីករាយអ្វីបន្តិចសោះ ចេះតែក្រៀមក្រំជានិច្ច ព្រោះទើបនឹងបានចួបប្រទះនូវទីជំនុំចំណោមគ្រានេះជាលើកដំបូងបង្អស់ ហើយជាការផ្ទាល់ខ្លួនឯងតែម្ដង ។ ទទួលពេលនោះ មានទាំងមិត្រភក្តិកំឡោះជាច្រើននាក់ គេមកចោមរោមចំអកចំអន់សើចលេងគឹល ៗ ផង ជាហេតុឲ្យខ្មូររឹងរឹតតែអៀនខ្មាសណាស់ថែមឡើងទៀត ។ រាល់តែពេលធ្វើពិធីផ្សេង ៗ ដូចជាកាត់សក់, ក្រាបសំពះស្ដាប់លោកសូត្រមន្តនឹងសែនចងដៃជាដើម, មាណពមានទឹកមុខស្វិតស្រពោនជាដរាប ទោះបីគេសុំឲ្យញញឹមយ៉ាងណាក៏ដោយ ។ ថ្ងៃស្អែកឡើងព្រលឹមស្រាង ៗ ដល់កំណត់ពេលហើយ, អាចារ្យកាន់វេលាការ ក៏បាននាំសាមីខ្លួនឡើងទៅរង់ចាំត្រង់កន្លែងសំពះផ្ទឹម ។ គ្រានោះ ភ្លេងបានប្រគំកំដរតាមទំនៀមយ៉ាងពីរោះលន្លង់លន្លោចគួរឲ្យស្រងេះស្រងោចពេកក្រៃ នាំឲ្យពួកអ្នកមានគូស្រកររួចហើយនឹកព្រឺព្រួចចង់រៀបមង្គលការខ្លួនម្ដងទៀត ។ គ្រានោះ ខ្មូរឡើងទឹកមុខខ្មៅជាំ ភ័យបុកពោះផ្អុក ៗ បែកញើសជោកទាំងព្រឹកព្រហាម ព្រោះពេលសំពះផ្ទឺំនេះជាមង្គលធំផ្ដាច់ព្រ័ត្រ ។ លុះគេរៀបចំឲ្យអង្គុយបត់ជើងស្រួលបួលហើយ, អាចារ្យបង្គាប់ឲ្យខ្មូរប៉ាយហូតស្លាម្លូ ៣ ដែលគេដាក់លើខ្នើយសម្រាប់ក្រាបសំពះផ្ទឹម, ខ្មូរភ័យញ័រទទ្រាក់ទទ្រើកស្រាប់តែដាក់ដៃទ្រប់សង្គ្រុបទៅលើខ្នើយនោះ ដូចឆ្មាលោតទ្រប់កណ្ដុរ ជ្រុះស្លាម្លូប៉ិនគេរាយ ។ គេនាំគ្នាសើចគឹលឡើងលាន់ឮពេញទាំងផ្ទះ ។ ពួកកំឡោះ ៗ ជើងខិលខ្លះ ក៏រអិលមាត់ភ្លាត់ភ្លយពាក្យថា ថប់ណាស់វ៉ើយ ! បើលេងតែប្រើស្នៀតលោតសង្គ្រុបយ៉ាងនេះ ដល់ពេលផ្សំដំណេកហើយក្នុងពេលយប់នេះ មើលទៅមុខជារង្គើតោករង្គើហឹងផ្អើលគេផ្អើលឯងមិនខានទេវ៉ើយកនយើង ! ។ គេនិយាយចំអន់លេងដូច្នេះមិនទាន់ទាំងផុតមាត់ផង ស្រាប់តែឮសូរសំឡេងពីក្រោមគូថចៅខ្មូរមកទៀត “ប៉េត ៗ – ប៉ា – រេត – ប៉េត ៗ !”។ សាមីខ្លួនធ្វើហាក់មិនដឹងខ្លួន ។ ពួកអ្នកអង្គុយនៅឆ្ងាយមិនបានឮសំឡេងនេះទេ ព្រោះវាថ្លង់តែនឹងសូរស័ព្ទភ្លេង, តែ ចំណែកពួកកំឡោះ ៗ ជាគូកនដែលអង្គុយកំដរជិត ៗ ខ្មូរទាំងប៉ុន្មាន សឹងបានឮជាក់ប្រាកដណាស់ ទើបគេនាំគ្នាសើចឡើងមួយសាទៀត ព្រមទាំងអ្នកខ្លះបានមន្ថែមសំដីតិច ៗ ថា អាខ្មូរ ! ភ្លេងគេមិនសូវពីរោះ ឬយ៉ាងណា បានជាអាឯងចាំបន្ថែមស្រឡៃប៉ីពកអី ៗ មកទៀត ? អ្នកខ្លះខ្សឹប ៗ ថា អាខ្មូរ ! បើអាឯងលេងតែផ្គរទទេ មិនជាការអ្វីប៉ុន្មានទេ នៅមានផ្លូវគ្រាន់ទប់ទល់ខ្លះ តែបើមានទាំងភ្លៀងដោយមកជាមួយផងនុ៎ះ ពួកយើងមុខជាល្មាំងចោលឥឡូវហ្នឹងហើយ ឥតបាននៅជួយកំដរតទៅទៀតទេវ៉ើយ ។ គ្រនោះ មាណពរឹងរឹតតែអៀនខ្មាសទ្វេត្រួតឡើងយ៉ាងហួសប្រមាណស្ទើរបាត់ស្មារតី នឹកមួរម៉ៅក្ដៅក្រហាយឥតឧបមាពិចារណាតែក្នុងចិត្តថា “ពេលនេះថ្លស់ការធំហើយអញ ! គិតទៅរឿងការប្រពន្ធនេះហៅចំជាពិបាកមែន ! សោតឯអាដែងផោមនេះទៀត បើឯងកំពុងតែខ្មាសគេជិតដាច់ខ្យល់ងាប់យ៉ាងនេះ វាបង្ខំបញ្ចេញសំឡេងយកមុខមាត់វាតត្រេតតត្រតកណ្ដាលចំណោម ធ្វើឲ្យឯងរឹតតែបាត់ព្រលឹងទៅទៀត, ម៉ែហើយនឹងឪគាត់ធ្វើឲ្យឯងរងកម្មអាម៉ាស់មុខស្ទើរតែងាប់ខ្លួនម្ដងហើយជាន់នេះ ។ បុរសគិតម្ដងថា នឹងក្រោកបោលទំលាយទីប្រជុំជនរត់ឲ្យបាត់ស្រឡះទៅ គិតម្ដងថា ណ្ហើយកុំ …..

ស៊ូទ្រាំបន្តិចទៅទៀតចុះ ។ លុះអ្នកភ្លេងម្នាក់បានច្រៀងរាំបើកវាំងននរួចហើយ គេក៏នាំកូនស្រីចេញមកសំពះផ្ទឹម ក៏បានចប់សព្វគ្រប់ត្រឹមកិច្ចដែលអាចារ្យសូត្រធម៌ឲ្យពរស័ព្ទសាធុការតាមទំនៀម ។ ចៅខ្មូរហាក់បានធូរចិត្តបន្តិច ដូចគេដកបន្លាពីដើមទ្រូ នឹកស្មានថាបានរួចខ្លួនហើយជាន់នេះ ។ ពេលក្រោកពីសំពះផ្ទឹមគ្នា ចាស់ ៗ បង្គាប់ខ្មូរឲ្យតោងស្បៃប្រពន្ធចូលទៅក្នុងបន្ទប់ ។ បុរសតោងជាយស្បៃបណ្ដើរងាកមើលក្រោយបណ្ដើរឥតឃើញគេជូនជួយកំដរទៅជាមួយផងសោះ ក៏នឹកព្រួយបារម្ភមួយលើកទៀត ព្រោះមិនដឹងជាមានរឿងអ្វីខ្លះទៅទៀតក្នុងបន្ទប់នោះ, ណាមួយវាស្រពន់ជើងខ្លាំងផ ឈានជើងដើរស្ទើរពុំរួច, ដល់មាត់ទ្វារបន្ទប់ស្រាប់តែខ្មូរមិនព្រមចូលតាមប្រពន្ធ នៅប្រទាញប្រទង់គ្នាយឺតចុះយឺតឡើង នាំឲ្យគេសើចលាន់ទ្រហឹងអឺងកងពេញទាំងផ្ទះ ទាល់តែចាស់ទុំខ្លះជួយរុញច្រានបង្ខំខ្លាំង ទើបខ្មូរព្រមចូលទៅក្នុងបន្ទប់ទាំងឱនមុខក្លុលផង ។ រឿងអៀនខ្មាសនេះ មិនមែនមានចំពោះតែលើរូបសាមីខ្លួនខ្មូរប៉ុណ្ណោះទេ, ទោះទាំងឪពុកម្ដាយបងប្អូនមាមីងទាំងប៉ុន្មានរបស់ខ្មូរ ក៏ត្រូវទទួលការអាម៉ាសមុខស្ទើរតែងើបមុខមិនរួចដែរ, តែមិនដឹងធ្វើដូចម្ដេច បើការនេះវាជ្រុលហួសអស់ទៅហើយ ។

លុះរួចកិច្ចមង្គលនេះហើយ, ឪពុកខ្មូរក៏ជំរាបលាដន្លងត្រឡប់ទៅផ្ទះវិញ ដោយមានធុរៈម្ដាយគាត់ចាស់ជរាឈឺជាទម្ងន់ គាត់ទុកតែប្រពន្ធគាត់ឲ្យនៅកំដរនៅទីនោះសិន ។ មុននឹងលាទៅ ឪពុកខ្មូរ បាននិយាយផ្ទុកផ្ដាក់ប្រគល់កូនប្រុសគាត់ថា “អ្នកដន្លងអើយ ! សូមអ្នកអត់ទោសផងចុះ កូនខ្ញុំនេះវាអៀនខ្មាសឆ្គាំឆ្គងច្រើនណាស់ ដូចអ្នកបានឃើញស្រាប់ហើយ តែចំណែកខាងរបៀបធ្វើកិច្ចការសព្វសារពើនោះ គឺវាគ្រាន់បើដែរ, ឥឡូវនេះ វាបានមកជាកូនរបស់អ្នកហើយ ស្រេចតែអ្នកជេរប្រដែប្រដៅវាឲ្យបានស្រួលបួលផងចុះ” ។

ដន្លងតបៈ “មិនអីទេអ្នក ! ការឆ្គាំឆ្គងបន្តិចបន្តួចនេះ យើងអាចលៃលកកែសម្រួលទៅថ្ងៃក្រោយបានដែរ, សូមអ្នកអញ្ជើញចុះ, ឯរឿងយាយម្ដាយអ្នកដែលឈឺខ្លាំងនោះ បើយ៉ាងណា ៗ សូមអ្នកឲ្យដំណឹងខ្ញុំវិញប្រញាប់ផងកុំខាន” ។ ឪពុកខ្មូរជំរាបលាដន្លងរួច ក៏ទឹមរទេះបរចេញដំណើរយ៉ាងរួសរាន់ទៅទាំងព្រឹកនោះឯង ។

លុះដល់ពេលប្រហែលម៉ោង ៧ ជាពេលត្រូវផ្សំដំណេក, ដូនចាស់ ២ នាក់ (យាយអ៊ូនឹងយាយច័ន្ទ) ហៅគូស្រករថ្មីឲ្យមកអង្គុយទល់មុខគ្នាក្នុងបន្ទប់នោះដែលមានចំអាប ១ ថាស នឹងបង្អែម ១ ថាស ព្រមទាំងទឹកដូង នឹងចេកទុំជាដើមតាមទំនៀម ។ ចៅខ្មូរបែកញើសម្ដងទៀតអង្គុយឱនមុខជ្រប់គិតថា “ស្ដីទៀតហើយអេះ ? ឯងស្មានថាចប់អស់ហើយ, យីអើ ! គិតទៅរឿងការប្រពន្ធនេះនាំឲ្យបែកញើសច្រើនសាណាស់តើ !” ។ បន្ទាប់ពីការធ្វើពិធីសែនព្រេនបន្តិចបន្តួចរួចហើយ, យាយអ៊ូបង្គាប់នាងប្រពន្ធឲ្យដួសទឹកដូងបញ្ចុកប្ដី ១ ស្លាបព្រា ហើយឲ្យប្ដីដួសបញ្ចុកប្រពន្ធវិញ ៣ ស្លាបព្រាដែរ ព្រមទាំងប្រាប់ទៀតថាត្រូវលេបឲ្យអស់កុំឲ្យខ្ជាក់ចោល, អ្នកទាំងពីរក៏បានធ្វើតាម ។ រួចពីនេះទៅ យាយច័ន្ទបង្គាប់នាងប្រពន្ធឲ្យយកចេក ៣ ដុំ (មួយដុំម្ដង ៗ) បញ្ចុកប្ដីដែលក្រអឹមក្រអៀមស្ទើរតែមិនចង់ហារមាត់ទទួលផង ។ លុះបានចេកដល់ក្នុងមាត់ហើយ, ចៅខ្មូរមិនព្រមលេបសោះ នៅបៀមគ្រលរទូញមាត់ដូចស្វាបផមផ្លែឈើ ។ ដល់វេលាត្រូវខ្លួនបញ្ចុកប្រពន្ធវិញ, ខ្មូរបញ្ចុកចូលមាត់គេបានតែចេក ២ ដុំ កាន់តែនឹកអៀនឡើង ៗ ឱនមុខជ្រប់លែងហ៊ានមើលចំមុខប្រពន្ធ ដល់បញ្ចុក ១ ដុំទៀត លូកដៃស្មាន ៗ មិនប៉ះឯមាត់ ទៅពារលើឯច្រមុះគេវិញ, ពេលនោះប្រពន្ធមិនទាន់ទាំងទំពារលេបចេក ២ ដុំមុននោះអស់ផង ស្រាប់តែសើចឃឹក – ប្ដីសើចឃុះ ប៉ិនគេព្រុសព្រួសចេកដាក់មុខគ្នាទៅវិញទៅមក ប្រឡាក់មុខស្រមាមទាំងពីរនាក់ ។ យាយចាស់ ៗ អ្នកផ្សំដំណេក សើចរឹងដំបារពោះអស់ ។ យាយទាំងពីរបានយកទឹកឲ្យប្ដីប្រពន្ធទាំងពីរលុបលាងមុខមាត់ឲ្យជ្រះស្អាតហើយ ក៏ឲ្យមកអង្គុយកន្លែងដដែលវិញ ទើបគាត់ប្រាប់អ្នកទាំងពីរថាចៅប្រុសត្រូវដេកខាងស្ដាំ ឯចៅស្រីត្រូវដេកខាងឆ្វេង ហើយខ្សឹមខ្សៀវប្រាប់អំពីកិច្ចរួមដំណេក ….. តាមប្រពៃណី ។ ដល់រៀបចេញពីបន្ទប់មកក្រៅ, យាយច័ន្ទខ្សឹបប្រាប់នាងប្រពន្ធថា ប្ដីនាងអៀនខ្មាសច្រើនណាស់ ដូចនាងបានដឹងស្រាប់ហើយ, បើនាងសំកុកចាំតែមើលដំណើរប្ដីនោះ មើលទៅមុខជាមិនបានការអ្វីទេ, ដូច្នេះត្រូវនាងឯងដៃដល់បន្តិចទើបកើតការ …. ។ លុះរួចកិច្ចសព្វគ្រប់ហើយ ដូនទាំងពីរក៏លើកថាសនឹងអីវ៉ាន់កំប៉ិកកំប៉ុកចេញមកក្រៅរួចបង្គាប់នាងប្រពន្ធឲ្យបិទទ្វារ ហើយឲ្យខ្ទាស់រនុកឲ្យជាប់ ។ ចំណែកខ្មូរ លុះគេចេញផុតមកក្រៅអស់ហើយនៅតែពីរនាក់ប្ដីប្រពន្ធ ក៏តាំងប្រះដេកយកដៃគងថ្ងាស តប់ប្រមល់ក្នុងចិត្តឥតឧបមា ចេះតែនឹកព្រួយបារម្ភភ័យផ្អុក ៗៈ ” ចប់អស់យ៉ាងហើយអញ ! មើលទៅរបៀបការប្រពន្ធនេះមិនងាយចប់ឆាប់ទេ ពីថ្ងៃកន្លងមកហើយនេះឃើញថាមានកិច្ចការរដាក់រដុបច្រើនណាស់ហើយសុទ្ធតែជាការនាំបណ្ដាលឲ្យកើតសេចក្ដីអៀនខ្មាសស្ទើរតែគ្រប់អន្លើ, ពីម្សិលមិញបន្តិចថាកាត់សក់, បន្តិចថានេះ បន្តិចថានោះ មិនចេះអស់មិនចេះហើយសោះ, ព្រឹកម៉ិញ គេឲ្យក្រាបសំពះផ្ទឹមគ្នា ឯងខំប្រឹងទប់ខ្លួនបែកញើសជោកទាល់តែលេចផោមកណ្ដាលជំនុំចំណោម ….. គេគិតតែនាំគ្នាសើចគឹល ៗ ….., ដល់មកល្ងាចនេះ គេឲ្យបញ្ចុកចេកព្រួសដាក់មុខគ្នា, យប់នេះទៀត មិនដឹងជាមានរឿងហេតុយ៉ាងណាណីទៀតទេ បើយាយ ៗ ទាំងពីរនាក់នោះ បន្តិចមកខ្សឹបខាងណេះបន្តិចទៅខ្សឹបខាងណោះ …..

ឱអញអើយអញ ! នៅសុខ ៗ មិនគួរបើមកខកខ្លួនដល់ម៉្លេះសោះ ” ។ វេលានោះប្ដីប្រពន្ធទាំងពីរនាក់ ឥតមានពាក្យនិយាយគ្នាទៅវិញទៅមកថាដូច្នេះដូច្នោះទេ នៅតែស្ងៀមស្ងាត់រៀង ៗ ខ្លួន ។ រំលងមកមួយស្របក់, នាងប្រពន្ធពន្លត់ចង្កៀងងងឹតឈឹងសូន្យ ។ ប្ដីក្រោកឡើងស្ទាបរកឈើគូសចង់អុជចង្កៀងវិញ តែរកមិនឃើញក៏ប្រះដេកទៅវិញទៅ ។

វេលារាត្រីនោះ ប្រហែលម៉ោង ៥ ជិតភ្លឺ ស្រាប់តែនាយខ្មូរទៅដល់ផ្ទះ គោះទ្វារប៉ូក ៗ ហៅឪពុក មានទាំងហិបខ្មៅ   មួយស្ពាយច្រងាងនៅស្មាផងៈ “ឪអើយ ! អឺឪ ! បើកទ្វារឲ្យខ្ញុំចូលផង ” ។

– អាណាហ្នឹងគោះទ្វារទាំងយប់អធ្រាត្រ ?

– ខ្ញុំណា៎ឪ ។

– អាណាខ្ញុំ ៗ ហ្នឹង អាខ្មូរ ឬ ?

– បាទ ខ្ញុំហ្នឹងហើយ ។ ឪពុកស្ទុះទៅបើកទ្វារឲ្យដោយភ័យផ្អុក ៗ ផង “យីអើ ! ខ្មោចអាចោរអន្តរធាន! ម៉េចក៏រត់មកទាំងយប់អធ្រាត្រដូច្នេះ មានរឿងរ៉ាវយ៉ាងម៉េច ? ។ ខ្មូរចូលទៅក្នុងផ្ទះ ដាក់ហិបព្រុសក្បែរកៀនជញ្ជាំង ហើយឈរស្ងៀមបែបអេះអុញ មួយស្របក់ទើបនិយាយ “រឿងស្រីនុ៎ងណា៎ …..” ។

– ចុះនាងនុងវាយ៉ាងម៉េច វាមិនព្រមព្រៀង ឬ ក៏ឈ្លោះទាស់ទែងគ្នាយ៉ាងណា ? អាឯងប្រាប់អញឲ្យអស់រឿងហូរហែមកមើល ។

– ខ្ញុំអៀនមាត់ណាស់ មិនចង់និយាយទេឪ ! ណ្ហើយ ! ឪឯងកុំដេញដោលសួរធ្វើអ្វី ។

– ទេ, បើអាឯងមិនប្រាប់រឿងអញ ៗ សំពងក្បាលអាឯងឥឡូវហ្នឹង ។

– ចុះឲ្យខ្ញុំនៅដេកជាមួយឯណាផងបានបើ ….. បើ …… ។

– បើ ….. អី ?

– បើ ….. បើ …… អត់អៀនអត់ខ្មាសអីសោះ លេងតែពន្លត់ចង្កៀងហើយដេកប្រជ្រៀត, ខ្ញុំខិតទៅទើសដល់កៀនជញ្ជាំងហើយ វានៅតែតាមប្រជ្រៀតទៀត ហើយដៃនាងនោះនៅមិនស្ងៀមទេឪអើយ ចេះតែលូករាវឲ្យរវើក បន្តិចស្ទាបត្រង់នេះបន្តិចស្ទាបត្រង់ណោះ រកតែដេកមិនបាន, តាំងពីក្បាលល្ងាចមកខ្ញុំឥតបានធ្មេចមួយប្រិមសោះ ។

ឪពុករឹតដើមទ្រូងគ្រឺត ៗ ទៅជាហួសចិត្ត ត្រឡប់ជាសើចផ្អើលគេផ្អើលឯងទាំងយប់ “អើ ! នេះបានចំជាកូនឪ ! អញខំរកប្រពន្ធការឲ្យអាឯង ពីព្រោះតែរឿងដេកប្រជ្រៀតហ្នឹងហើយ ឥឡូវ ត្រឡប់ទៅជាកំសាកញីចោលម្សៀតទៅវិញ ! ហ៊ឹះ ! អញចង់តែធាក់អាឯងបំបាក់កឥឡូវហ្នឹង ធ្វើឲ្យអញខ្មាសគេពេញទាំងស្រុក ។

– ទេ ឪឯងតេតើដែលធ្វើឲ្យខ្ញុំខ្មាសគេ, តាមចិត្តដែលខ្ញុំនឹកមួម៉ៅក្ដៅក្រហាយ ខ្ញុំចង់រត់ចោលតាំងពីកំពុងសំពះផ្ទឹមនោះម៉្លេះ តែនឹកសព្វ ៗ ទៅថាណ្ហើយ ! គួរទុកមុខមាត់ឲ្យឪឯងបន្តិចទៅចុះ ទើបខ្ញុំស៊ូទ្រាំបង្អង់ទៅវិញសិន, រឿងប្រពន្ធនេះ ខ្ញុំបានប្រកែកតាំងពីដំបូងថាទេ ៗ តែឪឯងហើយនឹងម៉ែចេះតែបង្ខំខ្ញុំ ៗ ក៏ព្រមទាំងប្រថុយទៅ ។

– ឪពុកបែបទាល់ជើង ទើបត្រឡប់សួរសាដើម “ចុះកាលអាឯងចុះចេញពីផ្ទះមកនោះ ប្រពន្ធអាឯងបានដឹងទេ ?” ។

– ឥតដឹងទេ គេកំពុងដេកលក់ ។

– ចុះម្ដាយអាឯង ហើយនឹងឪពុកម្ដាយក្មេកតើគេបានដឹងដែរឬទេ ?

– ឥតដឹងទាំងអស់ ព្រោះគេដេកលក់ស្ងាត់សូន្យគ្មានសល់ម្នាក់ ។

– ណ្ហើយ ! ឥឡូវនេះ ត្រូវអាឯងត្រឡប់ទៅវិញជាមួយអញ ។

– ទេ ខ្មាសគេណាស់! ខ្ញុំបានគិតស្រេចហើយថា មកនេះគឺឥតត្រឡប់ទៅវិញទេ ។

– ប្រាកដជាមិនទៅវិញមែនឬ អាខ្មូរ ?

– បាទ ប្រាកដហើយ ។

ឪពុកស្ទុះទៅក្នុងផ្ទះបាយ កន្ត្រាក់បានអង្រែបុកគ្រឿង ។ ខ្មូរឃើញដូច្នោះក៏អង្វរ “កុំអាលឪ …. កុំអាលវ៉ៃខ្ញុំ …… សុំឪអត់ទោស, ណ្ហើយចុះ រឿងត្រឡប់ទៅវិញនោះ មិនជាការធ្ងន់ស្រាលអីប៉ុន្មានទេ ខ្ញុំប្រថុយទៅវិញក៏បានដែរ, តែថាសុំឲ្យឪឯងទៅនិយាយសម្រុះសម្រួលនឹងនាងនោះសិនថា តទៅកុំឲ្យលេងតែដេកប្រជ្រៀតដូចយប់មិញនេះទៀតទើបខ្ញុំព្រម ។

– ទេ ! អញមិនឆ្កួតដូចអាឯងទេ ! ណ្ហើយ ! ខ្ជិលនិយាយដដែល ៗ ឥឡូវបើអាឯងមិនចេះដេកប្រជ្រៀតជាមួយប្រពន្ធទេ យើងគិតប្រជ្រៀតជាមួយអង្រែបុកគ្រឿងនេះសាកល្បងមើលម្ដង ។ ថាតែប៉ុណ្ណេះ ឪស្ទុះភ្លែត, កូនគេចផ្លូចលោតព្រុសដល់ដី រត់រហូតក្រៅរបងផ្ទះ ។ គ្រានោះ ឪពុកនាយខ្មូរស្លៀកពាក់ខោអាវប្រញិបប្រញាប់ ហើយក៏ស្រូតរូតទៅផ្ទះដន្លងទាំងព្រឹកព្រហាម ដើម្បីឲ្យដំណឹងនឹងពិគ្រោះសម្រេចពីរឿងនេះ ។

យើងនឹងងាកទៅមើលឯផ្ទះខាងស្រីឯណោះម្ដង តើមានហេតុការណ៍យ៉ាងណាខ្លះ ។ ពេលព្រឹកនោះ នាងសាមីខ្លួនភ្ញាក់ឡើង ស្រាប់តែរកប្ដីមិនឃើញ ទាំងហិបនឹងខោអាវរបស់ប្ដីក៏បាត់អស់រលីង ។ កាលបានដឹងដូច្នោះហើយ នាងភ័យបុកពោះផ្អុក ៗ បានស្ទុះស្ទាទៅប្រាប់ឪពុកម្ដាយនឹងម្ដាយក្មេកតាមដំណើរ ។ អ្នកទាំងអស់គ្នា ផ្អើលជ្រួលច្របល់ ខ្លះខ្សឹបខ្សៀវថាដូច្នេះ ខ្លះថាដូច្នោះ ខ្លះថាគេបានសង្កេតមើលទឹកមុខកូនប្រុសតាំងពីល្ងាចម៉្លេះ គេស្ទើរតែហ៊ានទាយទុកថា មុខជារត់ចោលប្រពន្ធពុំខានទេ ឥឡូវរត់បាត់មែន ។ ម្ដាយបង្កើតរបស់នាយខ្មូរ ឡើងទឹកមុខក្រៀមស្ងួតចែស បាត់មាត់បាត់កហានិយាយដូចម្ដេចក៏មិនកើត ។ ពេលនោះគេបានហៅយាយច័ន្ទដែលជួយផ្សំដំណេកពីល្ងាចនោះ មកឲ្យជួយអង្កេតសាកសួរនាងប្រពន្ធយ៉ាងសម្ងាត់ ដើម្បីឲ្យបានដឹងជាក់ប្រាកដថា តើមានហេតុភេទដូចម្ដេចខ្លះក្នុងពេលយប់មិញ បានជានាយខ្មូររត់បាត់ដូច្នេះ ។ យាយក៏បានចូលទៅក្នុងបន្ទប់ស្ងាត់តែពីរនាក់នឹងសាមីខ្លួន ហើយផ្ដើមសួរ “នាង ! សុំនាងប្រាប់យាយឲ្យត្រង់មកមើល

តើយប់មិញមានរឿងហេតុដូចម្ដេចខ្លះ បានជាប្ដីនាងរត់បាត់ទាំងយប់ដូច្នេះ ។

– ចាស ! គ្មានរឿងអីជាធំដុំទេ ក្រោយពីពន្លត់ចង្កៀងមួយសន្ទុះធំ ខ្ញុំគ្រាន់តែធ្វើតាមបណ្ដាំយាយឯងប៉ុណ្ណោះ ព្រោះយាយបានប្រាប់ថា តោងដៃដល់បន្តិច -ខ្ញុំនឹកឡើងចង់តែសើច -ដំបូង ខ្ញុំលូកដៃស្ទាប ៗ ទៅ ស្រាប់តែប៉ះចំចង្កេះ គេភ្ញាក់ព្រើត បែបរសើបខ្លាំង រួចគេខិតរហូតដល់កៀនជញ្ជាំង ។ យាយច័ន្ទសើចញញឹមៈ “ថប់ណាស់អញ ! ថប់តែមិនមែនប៉ះចង្កេះ ក្រែងប៉ះចំត្រង់កន្លែងក្រោមចង្កេះទេដឹង ?

នាងសើចខើចបបូរមាត់ៈ “អត់ទេ, ប៉ះចង្កេះមែន ខ្ញុំមិនកុហកទេ ។

– រួចយ៉ាងម៉េចទៅទៀត ?

– មួយស្របក់ ខ្ញុំប្រថុយខិតទៅតាម ហើយលូកដៃរាវសាកល្បងមើលទៀត ព្រោះខ្ញុំគិតឃើញថាបើទើសនឹងជញ្ជាំងទៅហើយ តើគេស្ទុះទៅខាងណាទៀត, លូកស្ទាបម្ដងណេះ លេងពារចំត្រង់កន្លែងក្រោមចង្កេះមែន, ស្រាប់តែគេច្រឡោតខ្ឌូង ដូចគោស្ទាវត្រូវមួយជន្លូញអីចឹងរួចទៅទង្គិចនឹងជញ្ជាំងឮសូរគ្រាំង ។

– យាយសើចក្អៀក ៗៈ “អុញនុ៎ះ ! អញថាមែន ៗ អីថាៈ ! អញថាមុខជាមានបើប៉ះពារចំកន្លែងអី ៗ នុងមិនខានទេ, ឥឡូវមែន ….. គិតទៅមង្គលការចៅឯងនេះ មានរឿងចំឡែកនាំឲ្យបានសើចសប្បាយច្រើនណាស់ ដូចកាលពីក្បាលព្រលប់ពេលផ្សំដំណេកម្សិលមិញដែលគេបញ្ចុកចេកមកប៉ះចំច្រមុះចៅឯង ហើយព្រួសចេកដាក់មុខគ្នានោះ យាយសើចអើយសើច យាយទៅដល់ផ្ទះចូលដំណេកហើយក៏នៅតែសើចម្នាក់ឯងទៀត ឥឡូវនេះចៅឯងលេងលូកដៃស្ទាបទាល់តែប៉ះចំអីវ៉ាន់របស់គេវិញ, តែចំណែកគេ ៗ បានប៉ះតែគ្រឿងលើរបស់យើង ឯយើងលេងពារចំគ្រឿងក្រោមសំខាន់របស់គេតែម្ដង, គិតទៅទុកជាបានស៊ីសងរួចគ្នាដែរ ….. នៃចៅ ! ហើយរួចពីនេះយ៉ាងម៉េចទៅទៀត ?

– ចាស ! តពីនេះទៅ គេស្ទុះក្រោកក្រេសទៅអង្គុយចុងជើង ដកដង្ហើមឃូ ៗ បែបតឹងទ្រូងខ្លាំង, ចំណែកខ្ញុំ ៗ អស់កំឡាំងហើយងុយដេកផង ខ្ញុំក៏ដេកលក់ទៅ, ភ្ញាក់ព្រលឹមឡើងស្រាប់តែបាត់គេតែម្ដង មិនដឹងជាគេទៅពីថ្មើរម៉ាន ហើយទៅឯណានោះ ខ្ញុំឥតបានដឹងសោះ, រឿងរ៉ាវពីយប់មិញ មានតែប៉ុណ្ណេះ សូមយាយជ្រាប ។

– អូ ! បើដូច្នោះ យប់មិញនេះគ្មានបានសម្រេចការអ្វីម្យ៉ាង ៗ ជាធំដុំសោះទេ, រួបរួមសេចក្ដីទៅឃើញថា គ្រាន់តែខាងគេឯណោះបានប៉ះច្រមុះយើង ហើយខាងយើងឯណេះបានស្ទាបប៉ះចំអីវ៉ាន់គេតែប៉ុណ្ណោះឯង, ដូច្នេះ រឿងនេះគឺនៅបរិសុទ្ធស្អាតទាំងអស់គ្នា, ណ្ហើយ ! យាយបានដឹងរឿងរ៉ាវតែប៉ុណ្ណឹងបានហើយ យាយសុំអរគុណចៅ ! ។ និយាយដូច្នេះហើយ យាយច័ន្ទក៏ចេញពីក្នុងបន្ទប់មកក្រៅ បានទៅជួបជុំខ្សឹបខ្សៀវរៀបរាប់ប្រាប់ឪពុកម្ដាយនឹងម្ដាយក្មេកនាងសាមីខ្លួន តាមដំណើរហូរហែដូចបានសាស័ព្ទខាងដើមមកហើយនេះឯង ។ អ្នកទាំងអស់ ទៅជានាំគ្នាសើចក្អាកក្អាយពេញទាំងផ្ទះ ។

ក្នុងពេលជួបជុំសន្ទនាគ្នានោះ ស្រាប់តែលេចឪពុកខ្មូរឡើងភ្លែតទៅដល់លើផ្ទះ ។ ឪពុកខាងស្រី ស្រែកភ្លាមដោយសេចក្ដីត្រេកអរ “អូ ! ន៏ ! អ្នកដន្លងអញ្ជើញមកដល់ហើយតើ, អញ្ជើញអង្គុយ! ខ្ញុំកំពុងគិតប្រើអ្នកណាម្នាក់ឲ្យទៅជំរាបសួរអ្នកឯណោះ កុំអីជ្រួសគ្នា, ឥឡូវបានអ្នកអញ្ជើញមកស្រួលហើយ ម៉េចទៅមានឃើញវាទៅឯផ្ទះឯណោះដែរឬទេ ? ។ ឪពុកខ្មូរ ដាក់គូថអង្គុយ មិនតបភ្លាមទេ ព្រោះគាត់កំពុងហត់ខ្លាំង, មួយស្របក់ទើបឆ្លើយ “បាទ, ឃើញ ! ប្រហែលម៉ោង ៥ ជិតភ្លឺវាទៅដល់, រឿងនេះ ខ្ញុំក្ដៅក្រហាយណាស់អ្នកអើយ, នឹកឡើងវាខ្មាសអ្នកដន្លងហើយនឹងញាតិមិត្រទាំងអស់ ហួសពីខ្មាសទៅទៀតហើយក្នុងគ្រានេះ, តែមិនដឹងធ្វើដូចម្ដេច បើរឿងនេះវាហួសជ្រុលអស់ទៅហើយ” ។ បន្ទាប់មក បុរសក៏រៀបរាប់អំពីពាក្យឆ្លើយឆ្លងរបស់ខ្លួននឹងកូនហូរហែតាមដំណើរសព្វគ្រប់ រហូតដល់គាត់ដេញសំពងវា ៗ លោតធ្លាក់ពីលើផ្ទះរត់បាត់ទៅទាំងព្រឹកនោះឯង ។ អ្នកទាំងអស់គ្នា បានស្ដាប់ហើយ ក៏ទៅជានាំគ្នាសើចសប្បាយទៅវិញ ព្រោះបានផ្គូរផ្គងធៀបមើលរឿងខាងណោះនឹងខាងណេះទៅឃើញថាវាត្រូវដំណើរទំនងស៊ីគ្នាឥតល្អៀងសោះ ។ ទីបំផុត ដន្លងខាងប្រុសផ្ដើមនិយាយៈ “ខ្ញុំសូមជំរាបស្នើដល់អ្នកដន្លង, តាមតែអ្នកអត់ទោសផងចុះ ! ឥឡុវរឿងកូនយើងទាំងពីរនេះ ឃើញថាវាមិនបានជាប់គ្នាជាប្ដីប្រពន្ធទេ ព្រោះហេតុមកពីកូនប្រុសខ្ញុំវាអៀនខ្មាសឆោតល្ងង់ណាស់ ដូចអ្នកបានដឹងរឿងហូរហែរួចមកហើយ, កាលពីមុនខ្ញុំមិនស្មានថាវាជាមនុស្សចោលម្សៀតដល់ម្លឹងសោះ, ចំណែកខាងខ្ញុំ ការបង់ខាតរណ្ដាប់រណ្ដាជំនូនជូនដាក់ទាំងប៉ុន្មានក្នុងមង្គលការនេះ គឺវាជ្រុលហួសអស់ទៅហើយ, ឯខាងអ្នកឯណេះក៏មានបង់ខាតខ្លះដែរ គិតទៅទុកជាបង់អភ័ព្វទាំងអស់គ្នាទៅចុះ, រីឯកូនស្រីអ្នក ក៏ឃើញថានៅបរិសុទ្ធស្អាតដូចជានៅក្រមុំដដែលទេ, ឥឡូវយើងនឹងគិតលៃលកយ៉ាងណា ក៏គ្មានផ្លូវកែខៃដែរ ព្រោះអាចោលម្សៀតកូនប្រុសខ្ញុំនោះវាបានដាក់ខសន្យាដូចខ្ញុំបាទជំរាបអ្នកអម្បាញ់មិញនេះរួចហើយថា ទាល់តែកុំឲ្យដេកប្រជ្រៀតគ្នា ទើបវាព្រមត្រឡប់មកជួបជុំគ្នាវិញ, សូមអ្នកជួយស្ដាប់ហើយពិចារណាមើលចុះ ពាក្យនេះគឺវានិយាយបំផុតជើងយើងតែម្ដង, ពេលនេះ ខ្ញុំសូមជូនពាក្យសំដីព្រមទាំងសូមជូនកូនស្រីដល់អ្នកវិញចុះ បើមានគេមកគិតគូស្ដីដណ្ដឹងទៅថ្ងៃក្រោយ សូមអ្នកលៃលកយ៉ាងណា ក៏សម្រេចតាមអធ្យាស្រ័យអ្នកចុះ កុំឲ្យទាក់ទាមមកខាងខ្ញុំទៀត, តែចំណែកការរាប់អានគ្នា យើងត្រូវតែមានក្ដីស្មោះសរទៅវិញទៅមកទាក់ទងជាញាតិមិត្រតរៀងទៅ សូមអ្នកកុំអាក់អន់ស្រពន់ចិត្តអី ….., ពាក្យដែលខ្ញុំជំរាបស្នើមកប៉ុណ្ណេះ

តើអ្នកយល់ដូចម្ដេច ?

– ឪពុកកូនស្រីតប “បាទ, ចំណែកប៉ែកខាងខ្ញុំឯណេះ ឥតមានយោបល់យល់ទាស់អ្វីទេអ្នក បើបានជួបជុំគ្នាវិញក៏អរ តែឥឡូវបើមិនបានជួបជុំគ្នាទេ ក៏មិនជាការអ្វីប៉ុន្មានដែរ, ឯសេចក្ដីស្នើរបស់អ្នកនេះល្មមគួរសមហើយ ដូច្នេះ យើងត្រូវតែបញ្ចប់រឿងហ្នឹងត្រឹមនេះទៅចុះកុំឲ្យវាវែងឆ្ងាយតទៅទៀត ធ្វើម្ដេចបើកូនប្រុសអ្នក គេមិនចេះដេកប្រជ្រៀត ។

គ្រានោះ, ឪពុកម្ដាយនាយខ្មូរ ក៏បានជំរាបលាដន្លងត្រឡប់ទៅផ្ទះវិញដោយសេចក្ដីក្រៀមក្រំ។ ក្នុងរយៈពេលកំពុងធ្វើដំណើរទៅនោះ ប្ដីប្រពន្ធទាំងពីរនាក់ ចេះតែពិគ្រោះគ្នារអ៊ូតាមផ្លូវអំពីរឿងនេះ ។ ដល់ទីបំផុត, ប្ដីនិយាយថា អាខ្មូរវាបន្ទោសថាយើងធ្វើឲ្យវាខ្មាសគេ, ចំណែកយើង ៗ ក៏ថាវាធ្វើឲ្យយើងខ្មាសគេដែរ ចូរឯងគិតមើលចុះរឿងហ្នឹង, តែបើតាមអញដេញដោលរកឫសគល់ឲ្យជ្រៅឆ្ងាយទៅទៀត ទាស់ខុសមកពីយើងច្រើនដែរ ព្រោះរឿងប្រពន្ធនេះយើងចេះតែបង្ខំវាហើយកំហុសធំម្យ៉ាងទៀតគឺតាំងពីវានៅតូចនៅឡើយនោះ យើងមិនបានពត់បង្ហាត់ទម្លាប់បណ្ដើរ ៗ ឲ្យវាចេះពុះពារ ឲ្យវាចេះក្លាហាន ឲ្យវាចេះប្រស្រ័យទាក់ទង ឲ្យវាចេះចូលជំនុំចំណោមនឹងគេសោះ យើងបានជំរុញវាឲ្យធ្វើតែត្រឹមកិច្ចការកាប់គាស់ដីធ្វើស្រែចំការតែប៉ុណ្ណោះ ម៉្លោះហើយវាទៅជាមនុស្សស្ពឹកទុយមុយមុខខ្មូរខូចអស់ ដល់វាមកជួបប្រទះផ្ទាល់ខ្លួនលើពេលជំនុំចំណោមធំ ៗ ដូចជាមង្គលការខ្លួនវានេះក៨ស្រាប់តែអន្តរធានទាំងវាទាំងឯងតែម្ដងទៅ, ណ្ហើយយើងជាន់នេះ ដាក់ធុរៈចិត្តថាទុកជាចាក់អាប៉ោងខុសមួយចានទៅចុះ ! ៕

(រៀបរៀងដោយលោក ញូង សឿង នៅពុទ្ធសាសនបណ្ឌិត្យ)

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print