លោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ប្រដាប់អាវុធនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ នាព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ប្រដាប់អាវុធរបស់កងពលតូចថ្មើរជើងលេខ៥៣ ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

អញ្ជើញចូលរួមក្នុងពិធីនោះរួមមាននាយសេនាធិការរងយោធភូមិភាគទី៥ នាយការិយាល័យយោធភូមិភាគទី៥ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន បាត់ដំបង កងការពារព្រំដែន៥០៤ លោកមេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង ពលទាហាន សាមីអង្គភាព ។

តាមរបាយការណ៍របស់គណៈគ្រប់គ្រងវគ្គបានឱ្យដឹងថា វគ្គនេះមានរយ:ពេល៣ខែ សិក្ខាកាម៥០នាក់ ជាលទ្ធផលទទួលបាននិទ្ទេសល្អ១៥នាក់ ល្អបង្គួរ ២០នាក់ និងមធ្យម  ១៥នាក់។

ឧត្តមសេនីយ៍ទោ សេង ធារិន បានមានប្រសាសន៍ថា ក្រៅពីភារកិច្ចប្រយុទ្ធដើម្បីការពារជាតិមាតុភូមិ កងយោធពលខេមរភូមិន្ទក៏ត្រូវមានភារកិច្ចហ្វឹកហ្វឺនសិក្សារៀនសូត្រដែលជាវិស័យអាទិភាព ហើយក៏ត្រូវបានថ្នាក់លើយកចិត្តទុកដាក់ឱ្យបំប៉នជំនាញស៊ើបការណ៍ប្រដាប់អាវុធនេះ ព្រោះជាជំនាញមួយសំខាន់មិនអាចខ្វះបានសម្រាប់បំរើនៅពេលប្រយុទ្ធ។ យើងបានអនុវត្តតាមផែនការហ្វឹកហ្វឺនគឺដើម្បីលើកកម្ពស់សមត្ថភាពជំនាញស៊ើបការណ៍នេះ និងក៏បានប្រមូលផ្ដុំកម្លាំងដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋនូវគ្រោះមហន្តរាយផ្សេងៗតាមបទបញ្ជារបស់ថ្នាក់លើផងដែរ។

ឧត្តមសេនីយ៍ទោ មេបញ្ជាការស្តីទី បានធ្វើការកោតសរសើរដល់អង្គភាពកងពលតូចថ្មើរជើងលេខ៥៣ ដែលកន្លងមកបានប្រឹងប្រែងអនុវត្តសម្រេចតាមបទបញ្ជា និងផែនការរបស់ថ្នាក់លើ ហើយសូមសរសើរចំពោះសិក្ខាកាមដែលបានធ្វើការហ្វឹកហ្វឺនរហូតដល់បញ្ចប់វគ្គនៅថ្ងៃនេះដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទន: និងសូមផ្ដាំផ្ញើដល់សិក្ខាកាមដែលបានធ្វើការហ្វឹកហ្វឺនរៀនសូត្ររួចត្រូវយកចំណេះដឹងទៅអនុវត្តឱ្យត្រូវនិងជួយបង្ហាត់បង្ហាញដល់អ្នកមិនចេះនៅក្នុងអង្គភាពបន្តទៀត។ ត្រូវអនុវត្តឱ្យបានមុឺងម៉ាត់រាល់បទបញ្ជា សារាចរ បទវិន័យទូទៅរបស់កងទ័ព ត្រូវបន្តអនុវត្តការងារកសាងពង្រឹងអង្គភាពលើគ្រប់វិស័យ និងបំផុសចលនាប្រឡងប្រណាំងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ហើយនាយទាហានបន្តវេនត្រូវខិតខំក្រេបជញ្ជក់បទពិសោធន៍ពីនាយទាហានវ័យចាស់ដើម្បីបន្តនិរន្តរភាព។

ឧត្តមសេនីយ៍ទោ សេង ធារិន បានណែនាំដល់នាយទាហាននិងពលទាហានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល ស្តីពីការចូលរួមទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ដើម្បីការពារជំងឺកូវីដ-១៩ កុំឱ្យចូលក្នុងសហគមន៍ និងត្រូវធ្វើការណែនាំអនុវត្តអនាម័យត្រឹមត្រូវការរស់នៅក្នុងអង្គភាព និងគ្រួសារ៕

            

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print