ក្រុម​រដ្ឋ​អិ​ស្លា​ម​ប្រកាស​ទទួលស្គាល់​ការ​វាយប្រហារ​នៅ​ស៊ី​រី​សម្លាប់​មនុស្ស​ជាង​១៤០​នាក់​

ចែករំលែក៖

​ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ កាលពី​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ បាន​ផ្សព្វផ្សាយ​ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ បាន​ប្រកាស​ទទួលស្គាល់​ថា​ ពួក​គេ​បាន​ធ្វើ​សកម្មភាព​វាយប្រហារ​នៅ​ក្នុង​ទីក្រុង​ដា​ម៉ា​កាស​ និង​ទីក្រុង​ ហូ​ម​ របស់​ស៊ី​រី​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​១៤០​នាក់​បាត់បង់​ជីវិត​ ។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​តំបន់​បាន​រាយការណ៍​ថា​ ការ​បំផ្ទុះ​គ្រាប់បែក​៤​លើក​បាន​កើតឡើង​នៅ​តំបន់​ Sayyida​ Zeinab​ ជាយក្រុង​ដា​ម៉ា​កាស​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៨៣​នាក់​ ខណៈ​ដែល​ក្រុម​សង្កេតការណ៍​សិ​ទិ្ធ​មនុស្ស​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ថា​ ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​អត្តឃាត​បាន​កើតឡើង​២​លើក​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Homes​ កាលពី​ពេល​ថ្មី​នេះ​បណ្តាល​ឲ្យ​ស្លាប់​ជន​ស៊ី​វិល​យ៉ាងតិច​៥៧​នាក់​ ។​

ការ​វាយប្រហារ​ខាងលើ​នេះ​ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​ថា​ ជា​ទ​ង្វើ​របស់​ក្រុម​រ៉ា​ឌី​កាល​រដ្ឋ​អិ​ស្លា​ម​ IS​ ។​ ការ​វាយប្រហារ​នេះ​បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​ប្រធានាធិបតី​ស៊ី​រី​ លោក​បា​សា​ អាល់​អាសា​ដ​ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ថា​ ជនភៀសខ្លួន​ស៊ី​រី​ទាំងឡាយ​គួរ​កុំ​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​វិល​ត្រឡប់​មក​កាន់​ស្រុក​កំណើត​វិញ​ ។​
​លោក​អាល់​អាសា​ដ​ ដែល​រង​ចោទប្រកាន់​ថា​ បាន​ធ្វើ​សកម្មភាព​កាប់សម្លាប់​ពលរដ្ឋ​របស់​ខ្លួនឯង​នោះ​បាន​ថ្លែង​ថា​ ជា​ការ​ធម្មតា​នោះ​ទេ​ ពលរដ្ឋ​ស៊ី​រី​តែងតែ​ភៀសខ្លួន​ពី​ស្រុក​កំណើត​ដោយសារ​តែ​ជម្លោះ​ និង​កត្តា​ជីវភាព​រស់នៅ​របស់​ក្រុម​គ្រួសារ​ប្រចាំ​ថ្ងៃ​ ។​ ពលរដ្ឋ​ទាំងឡាយ​ដែល​ភៀសខ្លួន​ទាំងនោះ​អាច​វិល​ត្រឡប់​មក​កាន់​ស្រុក​កំណើត​របស់​ខ្លួន​វិញ​ ដោយ​មិន​ខ្លាច​ពី​សកម្មភាព​របស់​រដ្ឋាភិបាល​ឡើយ​ ។​ លោក​អាល់​អាសា​ដ​ ថ្លែង​ថា​ យើង​ចង់បាន​ពលរដ្ឋ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ ។​

សង្គ្រាម​នៅ​ក្នុង​ស៊ី​រី​រហូត​មក​ដល់​ពេល​នេះ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង​២៥០.០០០​នាក់​ ។​ ក្រៅពី​នេះ​ ពលរដ្ឋ​ជាង​១១​លាន​នាក់​ផ្សេង​ទៀត​បាន​បង្ខំចិត្ត​ភៀសខ្លួន​ចេញពី​លំនៅ​ឋាន​ ខណៈ​ដែល​ពលរដ្ឋ​៤​លាន​នាក់​បាន​ភៀសខ្លួន​ចេញ​ទៅ​ក្រៅប្រទេស​ រហូត​ដល់​ប្រទេស​សហគមន៍​អឺរ៉ុប​ ដោយ​ផ្សងគ្រោះថ្នាក់​ដល់​អាយុជីវិត​ ។

ទីភ្នាក់ងារ​ព័ត៌មាន​សា​ណា​ របស់​ស៊ី​រី​បាន​ផ្សព្វផ្សាយ​ថា​ មនុស្ស​៨៣​នាក់​បាន​បាត់បង់​ជីវិត​ និង​១៧៨​នាក់​បាន​រង​របួស​ បន្ទាប់​ពី​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ច្រើន​កន្លែង​នៅ​តំបន់​ Sayyida​ Zeinab​ កាលពី​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

ទីភ្នាក់ងារ​ព័ត៌មាន​ Amaq​ ដែល​ជា​បណ្តាញ​ព័ត៌មាន​មានការ​ជិត​ស្និទ្ធ​ជាមួយ​ក្រម​រដ្ឋ​អិ​ស្លា​ម​ IS​ នោះ​បាន​ផ្សព្វផ្សាយ​ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​អះអាង​ថា​ ពួក​គេ​ជា​អ្នក​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក​ទាំងនោះ​ ។​

​អ្នកស្រុក​រស់នៅ​ក្នុង​តំបន់​ម្នាក់​បាន​ប្រាប់​រ៉​យ​ទ័​រថា​ ខណៈ​ដែល​លោក​កំពុង​ដេក​នៅ​ក្នុង​គេហដ្ឋាន​ ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​។​ លោក​អះអាង​ថា​ ជន​វាយប្រហារ​គ្រាប់បែក​បាន​ពាក់​គ្រាប់បែក​នៅ​ជាប់​នឹង​ខ្លួន​ ។​

នៅ​ក្នុង​ទីក្រុង​ Homs​ ការ​វាយប្រហារ​គ្រាប់បែក​បាន​កើតឡើង​ផង​ដែរ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ Alawite​ ។​ ការ​វាយប្រហារ​នេះ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ច្រើន​នាក់​ផង​ដែរ​ ។​

ក្រុម​សង្កេត​ការ​សិទ្ធិ​មនុស្ស​ស៊ី​រី​ មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​អះអាង​ថា​ យ៉ាង​ហោច​ណាស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អិ​ស្លា​ម​៥០​នាក់​ត្រូវ​បាន​សម្លាប់​ ខណៈ​ដែល​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ ក្នុង​ប្រតិបត្តិការ​វាយប្រហារ​រុលទៅមុខ​ដើម្បី​គ្រប់គ្រង​ទឹកដី​ឡើង​វិញ​ ដោយ​មានការ​ជួយ​គាំពារ​ពីលើ​ដែនអាកាស​របស់​កងទ័ព​រុ​ស្ស៊ី​ ស្ថិត​នៅ​ភាគ​ខាងកើត​ប្រទេស​ក្នុង​រយៈពេល​២៤​ម៉ោង​ប៉ុណ្ណោះ​ ៕

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print