ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ស៊ីឈ្នួលដកដំឡូងមី ជាន់មីនរបួសធ្ងន់ កាលពីព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៦ នៅជិតព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិថ្មឆ័ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មន្ត្រីនគរបាលស្រុកឲ្យដឹងថា ជនរងគ្រោះឈ្មោះ មឿន ស៊ីថា អាយុ៤៦ឆ្នាំ មានស្រុកកំណើតនៅភូមិតាគាំ១ ឃុំទួលតាឯក ស្រុក/ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅក្នុងបន្ទាយតំបន់អភិវឌ្ឍកងទ័ពយោធភូមិភាគទី៥ ភ្នំឆ័ត្រ ជាកម្មករស៊ីឈ្នួលដកដំឡូង ។
ប្រភពបន្តថា នៅមុនពេលកើតហេតុជន រងគ្រោះ បានដើរទៅរើសអុសនៅខាងជើងច្រកសេះងាប់ ដែលមានចម្ងាយប្រមាណ៦០០ម៉ែត្រនៅខាងលិច ផ្លូវក្រវាត់ព្រំដែនលេខ៥៨ ចម្ងាយ៨០០ម៉ែត្រ ក៏ស្រាប់តែជាន់មីន ដែលបន្សល់ទុកក្នុងសម័យសង្គ្រាម បណ្តាលឲ្យផ្ទុះរងបួសដាច់ដៃខាងឆ្វេង និងខ្ទាត់ត្រូវពេញដងខ្លួន និងក្បាល ជាទម្ងន់ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា- ជប៉ុន ៕