ភ្នំពេញ៖តារាសម្តែងស្រីថ្ពាល់ខួចសាច់សខ្ចីល្បីឈ្មោះមួយខ្យល់ហើយបាត់មុខពីចង្កោមសិល្បៈទាំងស្ងប់ស្ងាត់ជាមួយនឹងដំណឹងថាមានអ្នកនៅពីក្រោយភាពហ៊ឺហាប្លែក។ទោះជាយ៉ាងណាតារាស្រីរូបនេះបានប្រកាសវិលចូលសិល្បៈជាថ្មីជាមួយនឹងការជិះរថយន្តទំនើបម៉ាកLexus 570បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នករួមអាជីព។
ក្នុងតំណែងតួឯកតារាសម្តែងសាតរស្មីបានបង្ហាញវត្តមានដ៏គួឲ្យភ្ញាក់ផ្អើលក្នុងពិធីក្រុងពាលីរឿង“ត្រកូលអ្នកប្រដាល់”កាលពីថ្ងៃទី២២កុម្ភៈនេះជាមួយនឹងការជិះរថយន្តតម្លៃជាង២០ម៉ឺនដុល្លារ។ក្នុងជំនួបផ្ទាល់នេះដែរតារាវ័យក្មេងសាច់សកញ្ញាសាតរស្មីបានប្រកាសក្តែងៗថានាងនឹងឈោងចាប់សិល្បៈវិញប៉ុន្តែនាងមិនទទួលថតខ្សែភាពយន្តភាគដែលចំណាយពេលថតយូថ្ងៃនោះទេ។ពោលក្នុងន័យទប់ទល់នឹងពាក្យចចាមអារ៉ាមបន្តទៀតនាងលើកឡើងថានឹងមានគេយល់ថាការបាត់មុខមួយរយៈធំហើយវិលចូលសិល្បៈវិញប្រាកដជាមានពាក្យថាបុរសដែលធ្លាប់ចិញ្ចឹមនាងនោះបោះបង់នាងចោលឬចែកផ្លូវគ្នាមិនខាន។
នាងបញ្ជាក់ដោយសម្តីធ្ងន់ៗថានាងបាត់មុខពីសិល្បៈកន្លងមកគឺដោយសារការងារជំនួញផ្នែកសំលៀកបំពាក់ផ្ទាល់ខ្លួនហើយក៏ហត់ច្រើននិងការថតពិសេសគឺដំណឹងចចាមអារ៉ាមថានាងមានបុរសជួយនៅពីក្រោយខ្នង។នាងនិយាយបែបចំអកថា“ខ្ញុំពិតជាមានបុរសចិញ្ចឹមមែនប៉ុន្តែបុរសនោះគឺជាប៉ាខ្ញុំតែម្តង”។ជុំវិញការជិះរថយន្តទំនើបLexus570តម្លៃជាង២០ម៉ឺនដុល្លារអាមេរិកនោះត្រូវបានតារាស្រីរូបនេះបញ្ជាក់ថាមិនមែនជារថយន្តរបស់នាងនោះទេគឺជារថយន្តរបស់បងស្រីនាងហើយបងស្រីនាងក៏ជាអ្នកបើកផងដែរ។
នាងថាក្រុមគ្រួសារនាងសុទ្ធតែជាអ្នកជំនួញដែលមានលទ្ធភាពគ្រប់គ្រាន់សម្រាប់លើកមុខមាត់គ្រួសារដូចនេះហើយទើបក្រុមគ្រួសារនាងហាក់មិនសប្បាយចិត្តក្នុងការលេចលឺដំណឹងមិនពិតពិសេសដំណឹងអ្នកចិញ្ចឹមនោះ។នាងថាក្រុមគ្រួសារនាងរារែកនឹងបណ្តោយឲ្យនាងប្រឡូកក្នុងអាជីពសិល្បៈពេញទំហឹងព្រោះតែដំណឹងពិបាកត្រចៀកថាមានបុរសចិញ្ចឹម។នាងថាគួបផ្សំនឹងការងារក្រៅសិល្បៈទើបនាងផ្អាកការងារសិល្បៈមួយដង្ហើមធំ។
អតីតតារាស្រីល្បីឈ្មោះក្នុងខ្សែភាពយន្តភាគរឿង”ផ្ការីកក្នុងចិត្ត”រូបនេះបញ្ជាក់ថាថ្មីនេះនាងទើបនឹងបញ្ចប់ខ្សែវីដេអូបែបអប់រំនិងថតបទចម្រៀងខារ៉ាអូខេសម្រាប់ផលិតកម្មហង្សប៉ុណ្ណោះដែលមានអ្នកដឹកនាំសម្តែងមួយចំនួនមិនទាន់ទទួលដំណឹងថានាងវិលចូលសិល្បៈវិញនៅឡើយ។នាងថាការសម្រេចចិត្តចូលសិល្បៈវិញនេះគឺដោយសារមានអ្នកជួយការងារជំនួញប៉ុន្តែនាងក៏ទទួលតែការងារសិល្បៈដែលចំណាយពេលខ្លីប៉ុណ្ណោះដូចជាថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មវីដេអូអប់រំបទចម្រៀងខារ៉ាអូខេនិងរឿងដុំខ្នាតធំដែលចំណាយការថតតិចតួច។
ក្រោយការបកស្រាយនេះនឹងរំពឹងថា មហជននឹងយល់ច្រើនពីនាងហើយអ្នកក្នុងចង្កោមសិល្បៈក៏ទំនងជាឈប់យល់ច្រឡំមកលើនាងផងដែរ។ នាងមិនទាន់ដាក់ក្តីរំពឹងខ្ពស់សម្រាប់ការវិលមកកាន់ការងារសិល្បៈនេះវិញនោះទេ ប៉ុន្តែតាមរយៈស្នាដៃខ្សែភាពយន្តប្រកបដោយគុណភាពរបស់ផលិតកម្មអិលឌី ពិតជាអាចធ្វើឲ្យនាងមានសន្ទុះទីផ្សារខ្ពស់ឡើងវិញបាន។
ជុំវិញបញ្ហាស្នេហាវិញសាតរស្មីទទួលស្គាល់ថានាងពិតជាមានម្ចាស់បេះដូងមែនដែលបុរសនោះកំពុងរស់នៅសហរដ្ឋអាមេរិកនិងស្គាល់គ្នាមិនតិចជាង២ឆ្នាំទេដែលនាងកំពុងស្វែងយល់ចិត្តគ្នាបន្តឲ្យបានវែងឆ្ងាយមុនពេលសម្រេចចិត្តចូលរោងការ។នាងក៏ស្នើមិនបញ្ជាក់លម្អិតអំពីអត្តសញ្ញាណបុរសក្នុងបេះដូងច្រើនពេកនោះទេប៉ុន្តែនាងគ្រាន់តែលើកឡើងថាមានតែបុរសម្នាក់នោះប៉ុណ្ណោះដែលនាងស្រលាញ់មិនមានអ្នកណាផ្សេងនោះទៀតឬមានបុរសណាជួយនាងក្នុងការងាររកស៊ីនោះដែរ៕
ដោយ៖ វឌ្ឍនា