មន្ត្រីជំនាញកំពុងបន្តតាមដានសត្វទាកាប៉ាជាង ១០០ក្បាលទៀតនៅលើទីតាំងដែលមានមាន់ងាប់ជាង ១០០០ក្បាលក្នុងស្រុកឯកភ្នំ។

ចែករំលែក៖

  បាត់ដំបង÷តាមរបាយការណ៍របស់លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១នេះថា÷ ក្រោយយកវត្ថុសំណាកហើយវិភាគលើករណីមាន់ឈឺងាប់ចាប់តាំងពីថ្ងៃទី៦ ខែមករាមក រហូតដល់ចំនួន ១៣០០ក្បាលលទ្ធផលបង្ហាញថាវាជាករណីផ្ទុះឡើងនូវជំងឺផ្តាសាយបក្សី H5N1។ ចំពោះមុខពេលនេះមន្ត្រីជំនាញកំពុងត្រួតពិន្យយ៉ាងម៉ត់ចត់ដោយមិនអនុញ្ញាតិឲ្យមានសត្វបក្សី មាន់ ឬទាឆ្លងកាត់ ឬដឹកជញ្ជូនចេញពីទីតាំងកើតហេតុនោះទេ ពិសេសទីតាំងចិញ្ចឹមមាន់ ទា ក្នុងចម្ការមួយកន្លែងជាកម្មសិទ្ធរបស់ឈ្មោះ ហូ ណាម ឋិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ចំពោះមុខនេះមន្ទីរកំពុងរងចាំការប្រកាសជាផ្លូវការរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាក់តំបន់ខាងលើជាតំបន់ដែលផ្ទុះជំងឺផ្សាសាយបក្សី ជាមួយគ្នាមន្ត្រីការិយាល័យបសុព្យាបាលក៏កំពុងបន្តការតាមដានលើសត្វទាកាប៉ាចំនួនជាង ១០០ក្បាលទៀត ដែលចិញ្ចឹមនៅចម្ការទីតាំងតែមួយជាមួយគ្នានេះ។

   លោក ឈឹម វជិរ៉ា បន្តថា÷ បន្ទាប់ពីផ្ទុះឡើងករណីផ្តាសាយបក្សីបណ្តាលឲ្យមាន់ងាប់សរុបចំនួន ១៣០០ក្បាលចាប់តាំងពីថ្ងៃសៅមកមន្ត្រីជំនាញបានចុះធ្វើជីវសុវត្ថិភាពដោយបានបាញ់ថ្នាំសម្អាតអនាម័យជាបន្តបន្ទាប់ និងបានចុះចែក និងបិទប័ណ្ណផ្សព្វផ្សាយនានាឲ្យពលរដ្ឋ ពិសេសម្ចាស់កសិដ្ឋាននានាផ្សេងទៀតឲ្យពួកបានយល់កាន់តែទូលំទូលាយក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច រួមជាមួយស្ថាប័នសាលាដំបូងខេត្តមួយចំនួនទៀត។

   លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តបាត់ដំបងក្នុងដំណាក់កាលដំបូងនេះបានអំពាវនាវផងដែរដល់បងប្អូនអ្នកចិញ្ចឹមសត្វបក្សី មាន់ ទាក្នុងខេត្តទាំងអស់ប្រសិនជាមានករណីសត្វចិញ្ចឹមបក្សី មាន់ ទាមានសភាពប្រែប្រួលសំកុកឈឺដែលគួរឲ្យសង្ស័យសូមរាយការណ៍មកដល់ការិយាល័យបសុព្យាបាល ឬគេហទំព័ររបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទឲ្យបានលឿនដើម្បីក្រុមការងារបានចុះធ្វើអន្តរាគមន៍បានភ្លាមៗ និងយកវត្ថុសំណាកដើម្បីវិភាគ  ចំណែកម្ចាស់ទីតាំង ឬម្ចាស់កសិដ្ឋានហាមយកសត្វដែលមានជំងឺយកទៅបរិភោគ និងបន្តចែកចាយទៅកាន់ប្រជាពលរដ្ឋឯទៀត រួមទាំងការនាំចេញសត្វទាំងនោះទៅក្រៅចេញពីតំបន់ដែលមានផ្ទុះនូវជំងឺខាងលើ៕ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print