ឥណ្ឌាត្រៀមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ទ្រង់ទ្រាយធំបំផុតលើពិភពលោក

ចែករំលែក៖

រដ្ឋាភិបាលឥណ្ឌាបានចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ ទៅកាន់គោលដៅនៅទូទាំងប្រទេស​ត្រៀមលក្ខណៈចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបំផុត​លើពិភពលោក​។
នៅថ្ងៃទី​១២ខែមករា ក្រុមហ៊ុន អាកាសចរណ៍ ឥណ្ឌា​បានដឹកវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ទៅចែកចាយនៅទូទាំងប្រទេស ជាការត្រៀមលក្ខណៈចាក់ជូនពលរដ្ឋទ្រង់ទ្រាយធំបំផុតលើពិភពលោក​។ ​ឥណ្ឌាមានពលរដ្ឋ​ជាង​១,៣ពាន់លាននាក់ ហើយយុទ្ធនាការចាក់វ៉ាក់សាំងត្រូវ​បានឥណ្ឌាចាត់ទុកថាជាការចាក់ទ្រង់ទ្រាយធំលើពិភពលោក​។
មន្ត្រីក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងថា នឹងចាក់ជូនពលរដ្ឋងាយរងគ្រោះឱ្យបានយ៉ាងតិច៣០០លាននាក់ ក្នុងរយៈពេលពី​៦-៨ខែ ។ ការចាក់វ៉ាក់សំាងនៅឥណ្ឌានឹងចាប់ផ្តើមឡើងនៅថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១។
តាមគម្រោងចាក់វ៉ាក់សាំង​ដំបូងនឹងចាក់ជូនបុគ្គលិកសុខាភិបាល​ ប្រមាណ​៣០លាននាក់នៅឥណ្ឌា​ បន្ទាប់មកនឹងចាក់ជូនពលរដ្ឋមានអាយុចាប់ពី​៥០ឆ្នាំឡើងមានប្រមាណ​២៧០លាននាក់។
រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ឥណ្ឌា លោកHardeep Singh Puri បានឲ្យដឹងថា បណ្តាក្រុមហ៊ុនអាកាសចរណ៍ នឹងដឹកជញ្ជូនវ៉ាក់សាំង ចំនួន​៥,៦៥ លានដូសទៅកាន់បណ្តាទីក្រុងក្នុងប្រទេសឥណ្ឌា ។ នៅក្នុងរដ្ឋ Gujarat ដែលជាស្រុកកំណើតរបស់នាយករដ្ឋមន្ត្រី Gujarat ទទួលបានអាទិភាពក្នុងការចាក់វ៉ាក់សាំងមុនគេ។
រដ្ឋាភិបាលឥណ្ឌាបានព្រមព្រៀងទិញវ៉ាក់សាំងផលិតដោយប្រទេសរបស់ខ្លួន ក្នុងតម្លៃតែ​២,៧២​ដុល្លារ ក្នុងមួយដូស។ ជាមួយគ្នានេះឥណ្ឌាក៏បានទិញវ៉ាក់សាំងពី ក្រុមហ៊ុនAstraZeneca របស់អង់គ្លេស​ដែរ ប៉ុន្តែផលិតនៅក្នុងប្រទេសឥណ្ឌា ។
មកទល់ពេលនេះឥណ្ឌាមានករណីឆ្លងកូវីដ-១៩ ជាង ១០លាននាក់ និងស្លាប់១៥១.០០០នាក់ ឈរលំដាប់ទីពីរបន្ទាប់ពីអាមេរិក ។ នៅថ្ងៃទី​១២ខែមករាឆ្នាំ​២០២១ ឥណ្ឌារកឃើញករណីឆ្លងថ្មី១២.៥៨៤នាក់ ៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print