ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនពេកជ្រុលទៅបុកម៉ូតូ រួចបន្តទៅបុកចូលកន្លែងធ្វើការនៅស្ថានីយប្រេងឥន្ធនៈ
មួយកន្លែង ហើយបន្តបើករត់ទៅមុខ តែសំណាងមិនល្អរថយន្តខូចបើកទៅមុខមិនរួចម្ចាស់រថយន្តក៏ទុករថយន្តចោលហើយគេចខ្លួនបាត់ទៅ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខ 2BI-90 03 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៥ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល ហើយរថយន្តបានបន្តបុកចូលចូលកន្លែងធ្វើការនៅស្ថានីយប្រេងឥន្ធនៈបណ្តាលឲ្យបែកបាក់ទ្វារកញ្ចក់។ ចំណែកឯរថយន្តព្យាយាមបើករត់គេចទៅមុខរហូតដល់ផ្លូវលេខ១៤៦ កែងផ្លូវម៉ៅសេទុងបើកទៅមុខលែងរួចក៏ទុករថយន្តចោលរត់គេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ